ព័ត៌មានជាតិ

ឯកឧត្តម ហ៊ុន ម៉ាណែត ៖ ការបន្តុះបង្អាប់ណាមួយមកលើធនធានមនុស្សខ្មែរ គឺជាការមើលងាយជាតិខ្មែរ

ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត សមាជិកគណៈអចិន្ត្រៃយ៍ នៃគណៈកម្មាធិការកណ្តាល និងជាប្រធានយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល បានបញ្ជាក់ថា ការបន្តុះបង្អាប់ណាមួយមកលើធនធានមនុស្សខ្មែរ គឺជាការវាយប្រហារមកលើការខិតខំប្រឹងប្រែងរបស់លោកគ្រូអ្នកគ្រូ និងឪពុកម្តាយ អាណាព្យាបាល ដែលបានខិតខំតស៊ូយ៉ាងលំបាក ហើយក៏នេះជាការមើលងាយជាតិខ្មែរផងដែរ។ ជាក់ស្តែង សព្វថ្ងៃ ប្រទេសកម្ពុជាអាចម្ចាស់ការខ្លួនឯងលើគ្រប់វិស័យ។
ការបញ្ជាក់នេះ ក្នុងពិធីសំណេះសំណាលជាមួយសមាជិក សមាជិកាគណបក្សប្រជាជនជាបុគ្គលិកសិក្សានៃគ្រឹះស្ថានអប់រំសាធារណៈក្នុងរាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី១១ ខែមេសា ឆ្នាំ២០២២។

ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បានបញ្ជាក់ទៀតថា ការកសាង និងអភិវឌ្ឍប្រទេសដោយសម្រេចបានសមិទ្ធផលលើគ្រប់វិស័យក្នុងរយៈពេលជាង ៤០ ឆ្នាំមកនេះ គឺជាការចូលរួមចំណែកមិនអាចខ្វះបានរបស់តួអង្គលោកគ្រូអ្នកគ្រូ។ លោកគ្រូអ្នកគ្រូ ជាឪពុកម្តាយទីពីរ ដោយលោកជួយបង្ហាត់បង្រៀនបំពេញឱ្យសិស្សម្នាក់ៗនូវចំណេះដឹង គុណធម៌ សីលធម៌ និងសមត្ថភាពគ្រប់យ៉ាង។ ជាក់ស្តែង សព្វថ្ងៃ ប្រទេសយើងអាចម្ចាស់ការខ្លួនឯងលើគ្រប់វិស័យ។ កូនខ្មែរ ដែលទទួលបានការអប់រំក្នុងប្រទេស ហើយមួយចំនួនក៏បានទៅបន្តនៅបរទេស គឺបានចូលបម្រើការងារនៅតាមបណ្តាក្រសួង-ស្ថាប័នរដ្ឋ និងក្នុងវិស័យឯកជន រួមទាំងអង្គការជាតិ-អន្តរជាតិនានាផងដែរ។ ទាំងនេះ ជាសក្ខីភាពពិតជាក់ស្តែងនៃកម្រិតគុណភាពនៃវិស័យអប់រំរបស់យើង និងជាមោទនភាពរបស់ធនធានមនុស្សខ្មែរ ដែលបណ្តុះបណ្តាលដោយប្រព័ន្ធអប់រំខ្មែរ។ ក្នុងន័យនេះ ការបន្តុះបង្អាប់ណាមួយមកលើធនធានមនុស្សខ្មែរ គឺជាការវាយប្រហារមកលើការខិតខំប្រឹងប្រែងរបស់លោកគ្រូអ្នកគ្រូ និងឪពុកម្តាយ អាណាព្យាបាល ដែលបានខិតខំតស៊ូយ៉ាងលំបាក ហើយក៏នេះជាការមើលងាយជាតិខ្មែរផងដែរ។

ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បានលើកឡើងថា គណបក្សប្រជាជនកម្ពុជា តែងបានតម្រង់មុខព្រួញផ្តោតលើការកសាងធនធានមនុស្សជាអាទិភាពខ្ពស់បំផុត ព្រោះកត្តាមនុស្សជាកាតាលីករនៃកំណើន និងការអភិវឌ្ឍផ្នែកសង្គម-សេដ្ឋកិច្ច ក៏ដូចជាហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្តផ្សេងៗ រួមទាំងទឹក ភ្លើង ផ្លូវ ជាដើម។ បម្រើឱ្យទស្សនវិស័យនេះ ក្រៅពីការខិតខំកសាងសាលារៀននៅទូទាំងប្រទេស គឺកត្តាជីវភាពរបស់គ្រូបង្រៀន តែងត្រូវបានគិតគូរយកចិត្តទុកដាក់ និងជំរុញលើកកម្ពស់ជាប់ជាប្រចាំ។ ចំពោះ សម្តេចតេជោនាយករដ្ឋមន្ត្រីផ្ទាល់ លោកយល់ថា សមិទ្ធផលដែលសម្រេចបានកន្លងមកនេះ គឺនៅមិនទាន់គ្រប់គ្រាន់នៅឡើយ។ ដូច្នេះ សម្រាប់អនាគតទៅមុខទៀត គឺឆន្ទៈ ការប្តេជ្ញាចិត្ត និងគោលនយោបាយឥតងាករេរបស់គណបក្ស ក៏នៅបន្តផ្តោតលើការបម្រើប្រជាពលរដ្ឋ, ការអភិវឌ្ឍប្រទេស, ការពង្រឹងយុត្តិធម៌សង្គមលើមូលដ្ឋាននីតិរដ្ឋ និងគោលការណ៍សមធម៌, ការការពារឯករាជ្យ អធិបតេយ្យ បូរណភាពទឹកដី សន្តិភាព និងស្ថិរភាពជាតិ ព្រមទាំងការបន្តយកចិត្តទុកដាក់លើការលើកកម្ពស់ជីវភាពលោកគ្រូអ្នកគ្រូ និងបុគ្គលិកសិក្សា ឱ្យមានភាពល្អប្រសើរឡើងជាលំដាប់ សំដៅខិតខំធ្វើយ៉ាងណាឱ្យលោកគ្រូអ្នកគ្រូមានលំនឹងស្ថិរភាពផ្នែកសេដ្ឋកិច្ច ជាការបង្កលក្ខណៈដល់ការសិក្សាស្រាវជ្រាវអភិវឌ្ឍសមត្ថភាព ដើម្បីបន្តចូលរួមពង្រឹងប្រព័ន្ធអប់រំកម្ពុជាឱ្យកាន់តែមានប្រសិទ្ធភាពជឿនលឿន ធានាបាននូវឱកាសនៃការអភិវឌ្ឍជាតិប្រកបដោយនិរន្តរភាព៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *