ឯកឧត្តម និស៊ិមឹរ៉ា យ៉ាសឹតុស៊ិ (Nishimura Yasutoshi) សមាជិកគណៈកម្មាធិការសវនកម្ម និងត្រួតពិនិត្យរដ្ឋបាលនៃរដ្ឋសភា និងជាអតីតរដ្ឋមន្រ្តីសេដ្ឋកិច្ច ពាណិជ្ជកម្ម និងឧស្សាហ កម្មនៃប្រទេសជប៉ុន បានប្តេជ្ញាបន្តពង្រឹងទំនាក់ទំនងល្អរវាងជប៉ុន និងកម្ពុជាបន្ថែមទៀតតាមរយៈសក្តានុពលនៃការវិនិយោគជប៉ុននៅកម្ពុជា។ ការប្តេជ្ញាចិត្តនេះ ធ្វើឡើងនៅព្រឹកថ្ងៃសុក្រ ទី២ ខែឧសភា ឆ្នាំ២០២៥ ក្នុងឱកាសចូលជួបសម្ដែងការគួរសម នៅវិមានព្រឹទ្ធសភាសម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាបាន។
ឯកឧត្តម Nishimura Yasutoshi បានសម្តែងសាទរចំពោះសមិទ្ធផលនានាដែលសម្រេចបានពីកិច្ចសហប្រ តិបត្តិការល្អរវាងជប៉ុន និងកម្ពុជា ជាពិសេសកិច្ចសហប្រតិបត្តិការការដោះមីន ការគាំទ្រយុទ្ធសាស្រ្តឥណ្ឌូ-ប៉ាស៊ីហ្វិកសេរី និងការចូលចតរបស់នាវាកង កម្លាំងស្វ័យការពារជប៉ុននៅមូលដ្ឋានសមុទ្ររាម នាពេលថ្មីៗកន្លងទៅនេះ។ ឯកឧត្តម Nishimura Yasutoshi បានប្តេជ្ញាបន្តពង្រឹងបន្ថែមទៀតនូវទំនាក់ទំនងល្អរវាងជប៉ុន និងកម្ពុជា តាមរយៈសក្តានុពលនៃការវិនិយោគជប៉ុននៅកម្ពុជា តួយ៉ាងដូចជារោងចក្រដំឡើងរថយន្តតូយ៉ូតានៅកម្ពុជា ដែលបានសម្ពោធដាក់ឱ្យដំណើរការដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នាពេលថ្មីៗនេះ។
ជាការឆ្លើយតប សម្តេចតេជោ បានសម្តែងនូវក្តីរីករាយដែលឯកឧត្តម Nishimura Yasutoshi និងក្រុមគ្រួសារ ចាប់ អារម្មណ៍យ៉ាងខ្លាំងចំពោះប្រទេសកម្ពុជា ជាពិសេសសក្តានុពលសម្បូរបែបរបស់កម្ពុជា និងសក្ខីកម្មនៃការរីកចម្រើនរបស់កម្ពុជា ដែលទាំងនេះជាលទ្ធផលនៃកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិ បាលកម្ពុជា ក្នុងការរក្សាបាននូវសុខសន្តិភាព។សម្តេចតេជោ បានសង្កត់ធ្ងន់ថា សម្តេចបានផ្តល់តម្លៃខ្ពស់បំផុតដល់សន្តិភាព ដែលសម្តេច បានខិតខំប្រឹងប្រែងពុះពារជម្នះរាល់ឧបសគ្គដោយឥតរាថយ កសាងនិងរក្សាបាននូវសុខសន្តិភាពដែលមានរយៈ ពេលយូរជាងគេ នៅក្នុងអំឡុងពេល ៥០០ឆ្នាំនៃប្រវត្តិសាស្រ្តកម្ពុជាចុងក្រោយនេះ។ សម្តេចបានសង្កត់ធ្ងន់ថា សង្រ្គាមងាយឆេះ តែពន្លត់ទៅវិញគឺពិបាកជាទីបំផុត។
សម្តេចតេជោ បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់មិត្តជប៉ុន ដែលបានជួយកសាង និងអភិវឌ្ឍជាបន្តបន្ទាប់ កំពង់ផែស្វយ័តក្រុងព្រះសីហនុ សំដៅជំរុញភាពប្រកួតប្រជែងរបស់កម្ពុជាលើតម្លៃនៃការដឹកជញ្ជូន, និងការតភ្ជាប់បណ្តាញផ្លូវថ្នល់ ព្រមទាំងស្ពាន រួមមានស្ពានមិត្តភាពកម្ពុជា-ជប៉ុន ត្សឹបាសា, ស្ពានគីហ្សូណា។ សម្តេចតេជោ បានសម្តែងនូវអបអរសាទរដែលសមិទ្ធផលនានាកម្ពុជាសម្រេចបាន ដូចជាកំពង់ផែរាម បាននិងកំពុងដើរតួនាទីជាច្រកការទូតដ៏សំខាន់របស់កម្ពុជា ក្នុងការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការយោធា និង បេសក កម្មមនុស្សធម៌ សុខាភិបាល និងកីឡាជាដើម។ ឯកឧត្តម Nishimura Yasutoshi បានថ្លែងថា ក្នុងនាមប្រទេសជប៉ុន នឹងខិតខំជម្រុញបន្ថែមទៀត កិច្ចសហប្រតិបត្តិការប្រទេសយើងទាំងពីរ ទាំងផ្នែកហេដ្ឋា រចនាសម្ព័ន្ធទន់ និងរឹង។ ឯកឧត្តម Nishimura Yasutoshi មានជំនឿយ៉ាងមុតមាំថាកិច្ចសហប្រតិបត្តិការទាំងនេះ នឹងចូលរួមចំណែកក្នុងការបើកច្រករបៀងសេដ្ឋកិច្ចថ្មីៗបន្ថែមទៀតជូនកម្ពុជា៕