(ឧត្តរមានជ័យ)គួរឲ្យសង្វែកណាស់ដោយសារតែម្ចាស់ថៅកែដេប៉ូលក់គ្រឿងសំណង់មួយកន្លែងត្រូវបានក្រុមជនដៃដល់ជាឃាតករមិនស្គាល់អត្តសញ្ញាធ្វើសកម្មភាពចាក់សម្លាប់ក្នុងថ្លុកឈាមស្ថិតនៅបន្ទប់ដេក(យីហោថាស៊ីនាថ)បង្កការភ្ញាក់ផ្អើលឆោឡោទៅដល់អ្នកភូមិនឹងសមត្ថកិច្ចជនរងគ្រោះត្រូវបានគេស្គាល់ឈ្មោះថា សួសសិត្ថា ភេទប្រុសអាយុ៥៥ឆ្នាំ ប្រពន្ធឈ្មោះ សុខស្រីនាថ អាយុ៥៣ឆ្នាំមុខរបរលក់គ្រឿងសំណង់។ ដែលករណីឃាតកម្មដ៏សាហាវព្រៃផ្សៃនេះដែរ បានកើតឡើង កាលពីអំឡុងចុងសប្តាហ៏នៅវេលាម៉ោង ៤ទៀបភ្លឺថ្ងៃទី ២៥ខែឧសភាឆ្នាំ ២០២៤ស្ថិតក្នុងភូមិគោករំដួលសង្កាត់សំរោង ក្រុងសំរោង ខេត្តឧត្តរមានជ័យ។
បើតាមប្រភពពីកម្មករជាសាក្សីនៅកន្លែងកើតហេតុ មានឈ្មោះផុង អាយុ ២៣ឆ្នាំដែលស្នាក់នៅក្នុងដេប៉ូលក់គ្រឿងសំណង់បានបញ្ជាក់ប្រាប់ឲ្យដឹងនៅថ្ងៃទី២៥ខែឧសភាឆ្នាំ២០២៤នេះថា ជារៀងរាល់យប់រូបគាត់បានស្នាក់នៅក្នុងដេប៉ូលក់គ្រឿងសំណង់ជាមួយនឹងថៅកែរបស់គាត់ ក៏ប៉ុន្តែថៅកែរបស់គាត់ស្នាក់ នៅក្នុងបន្ទប់ ផ្ទាល់ខ្លួនរបស់គាត់ ឆ្ងាយដាច់ដោយឡែកពីគ្នាចម្ងាយប្រហែល ៣០ទៅ ៤០ម៉ែត្រស្ថិតក្នុងបរិវេណកន្លែងលក់គ្រឿងសំណង់ផ្ទាល់។
ប្រភពដដែលបានបន្តឲ្យដឹងទៀតថា លុះនៅព្រឹកឡើងមុនម៉ោងប្រហែលជា៧ព្រឹក គាត់បានភ្ញាក់ឡើងដោយឃើញមានឡានម៉ូយដឹកខ្សាច់យកមកទម្លាក់ក្នុងដេប៉ូដូចសព្វមួយដង ហើយរៀងរាល់ព្រឹកថៅកែរបស់គាត់តែងតែចេញមកជួបម៉ូយដឹកខ្សាច់រហូត ដោយប្លែកនៅថ្ងៃកើតហេតុនេះមិនឃើញចេញពីបន្ទប់សោះ ម៉ោង៧ទៅហើយខណ:នោះគាត់មានការសង្ស័យនឹងងឿងឆ្ងល់ ក្រោយមកទៀតគាត់ក៏បានចុចទូរសព្ទទៅហៅថៅកែ តែចុចមិនចូលសោះ ភ្លាមនោះ គាត់ក៏បានដើរដល់មុខបន្ទប់របស់ថៅកែ នៅមានឃើញស្បែកជើង គាត់ក៏បានស្រែកហៅពីខាងក្រៅបន្ទប់ នឹងគាស់ទ្វារ តែពុំមានសំឡេងឆ្លើយឆ្លងពេលនោះគាត់ក៏បានសម្រេចចិត្តបើកទ្វារបន្ទប់ក៏ស្រាប់តែឃើញថៅកែរបស់គាត់ដេកស្លាប់ផ្កាប់មុខដោយមានឈាមស្រោចពាសពេញកំរាលពូកធ្វើឱ្យគាត់ភ័យស្រែកឆោឡោឡើង រួចមកទៀតក៏បានខលទូរសព្ទទៅកូនប្រុសរបស់ថៅកែនឹងរាយការណ៏ផ្តល់ពត៌មានទៅប្តឹងសមត្ថកិច្ចឲ្យមកជួយអន្តរាគមន៏ពិនិត្យមើលភ្លាមៗតែម្តង។
បើយោងតាមការអះអាងពីសមត្ថកិច្ចជំនាញផ្នែកពាក់ព័ន្ធនៅនឹងកន្លែងកើតហេតុបានបញ្ជាក់ថា ការពិនិត្យជុំវិញទីតាំងកើតហេតុផ្ទាល់ ដែលជាពត៌មានបឋមនោះ ឃើញថា នៅមុនពេលកើតហេតុ ក្រុមជនដៃដល់បានធ្វើសកម្មភាព គាស់ទ្វារកញ្ចក់បន្ទប់ខាងមុខការរិយាល័យ លក់គ្រឿងសំណង់ បន្ទាប់មកទៀតក៏ដើរឆ្លងទៅបន្ទប់ដេករបស់ថៅកែ គ្រឿងសំណង់នោះតែម្តង ហើយជាក់ស្តែង ជនរងគ្រោះពិតជាស្លាប់ ដោយសារអាវុធដែកមុតស្រួច ចាក់ត្រូវចំចំណុចត្រង់ក និងចុងដង្ហើមទ្រូងខាងមុខចំនួនពីរកន្លែងនិងចាក់ខាងក្រោយកញ្ចឹងកចំនួនពីរកន្លែង សរុបទាំងអស់ចំនួន ៤កន្លែងធ្វើឲ្យរងរបួសយ៉ាងធ្ងន់ធ្ងរប្រកាច់ដេកស្លាប់ភ្លាមមួយរំពេច ហើយបន្ទាប់មកទៀតជនដៃដល់ក៏បានប្រមូលយកវត្ថុដែលមានតម្លៃរួមមាន ទី១/ខ្សែកមាសទម្ងន់ ៥ ដំឡឹង៥ជីមួយខ្សែ ទី២/ចិញ្ចៀនមាសទម្ងន់១ដំឡឹង ៥ជីមួយវង់ ទី៣/ទូរសព្ទ iphone ១២មួយគ្រឿង ទី៤/ទូរស័ព្ទអុិនចុចពិលមួយគ្រឿងនិងលុយក្នុងកាបូបមួយចំនួនផងដែរ។ក្នុងនោះជនដៃដល់ជាឃាតករក៏បានធ្វើការលួចបើករថយន្តសេរីទំនើបរបស់ជនរងគ្រោះម៉ាក់ តូយូតា CROSS ពណ៌សពាក់ស្លាកលេខឧត្តរមានជ័យ.2C.1112 បើកយកមកចតផ្លុងចោលនៅម្តុំចំណុចមុខបឹងស្នោរ ស្ថិតក្នុងភូមិឈូក ម្ដុំភោជនីយដ្ឋានសាច់អាំងទឹកកាពិ នៅទីប្រជុំជនក្រុងសំរោង ខេត្តឧត្តរមានជ័យ។
បន្ទាប់ពីសមត្ថកិច្ចជំនាញផ្នែកពាក់ព័ន្ធធ្វើការហ៊ុំព័ទ្ធខ្សែត្រួតពិនិត្យយ៉ាងយកចិត្តទុកដាក់ជុំវិញត្រង់កន្លែងទីតាំងផ្ទះកើតហេតុអស់ជាច្រើនម៉ោងរួចមកក៏បានធ្វើកំណត់ហេតុប្រគល់សពទៅឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។
គួររំលឹកថា ចំពោះករណីឃាតកម្មចាក់សម្លាប់ទៅលើជនរងគ្រោះនៅក្នុងបន្ទប់ដេកហើយយកទ្រព្យសម្បត្តិមាសប្រាក់អស់ជាច្រើន ពីថៅកែម្ចាស់ដេប៉ូលក់គ្រឿងសំណង់ ស្ថិតនៅត្រង់ចំណុចខាងលើនេះដែរ គិតមកត្រឹមដល់ថ្ងៃទី២៦ខែឧសភាឆ្នាំ២០២៤នេះ ក្រុមការងារពត៌មានពុំអាចសុំការបញ្ជាក់បំភ្លឺលម្អិតពីសមត្ថកិច្ចពាក់ព័ន្ធឲ្យបានសុីជំរៅនៅឡើយទេ គ្រាន់តែសម្ថកិច្ចបានឆ្លើយតបយ៉ាងខ្លឺថា កំពុងធ្វើការស្រាវជ្រាវសុើបអង្កេតដោយដុតដៃ ដុតជើង គ្រប់ច្រកល្ហកដើម្បីកំណត់អត្តសញ្ញាណរកមុខឃាតករដែលជាជនដៃដល់ នឹងឈានដល់ការចាប់ខ្លួនយកមកអនុវត្តទៅតាមនីតិវិធីច្បាប់។