សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានលើកទឹកចិត្តឱ្យក្រុមហ៊ុន ADATA Technology Co., Ltd. បន្តភ្ជាប់ទំនាក់ ទំនងជាមួយក្រសួងស្ថាប័នពាក់ព័ន្ធបន្ថែមទៀត ដើម្បីចាប់យកកាលានុវត្តភាពក្នុងការវិនិយោគនៅកម្ពុជា។
នាជំនួបសម្តែងការគួរសម និងពិភាក្សាការងារ នៅព្រឹកថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៥លោក CHEN Simon ប្រធានក្រុមប្រឹក្សាភិបាលADATA Technology Co., Ltd..បានគោរពជម្រាបជូនដោយសង្ខេបអំពីក្រុមហ៊ុន ADATA Technology Co., Ltd.ដែលជាក្រុមហ៊ុនបច្ចេកវិទ្យាដ៏ល្បីមួយ មានអាយុកាលជាង ៥៣ឆ្នាំ។ ក្រុមហ៊ុនមានបុត្រសម្ព័ន្ធចំនួន ៥ ដែលបានចុះបញ្ជីនៅផ្សារភាគហ៊ុននៅកោះតៃវ៉ាន់ និងហុងកុង ព្រមទាំងមានការិយា ល័យតំណាងជាង ៤០ ដែលកំពុងប្រតិបត្តិការអាជីវកម្មនៅបណ្តាប្រទេសនានាជុំវិញពិភព លោក។ ក្រុមហ៊ុន ADATA Technology Co., Ltd. មានជំនាញផ្នែកគ្រឿងអេឡិចត្រូនិក, រ៉ូបូត, កុំព្យូទ័រ បច្ចេកវិទ្យាជីវមាត្រ (Biometrics) និងយានយន្ត ។ លោកប្រធានបានបន្តថា នេះជាដំណើរទស្សនកិច្ចលើកទី៤ របស់លោក មកកាន់ប្រទេសកម្ពុជា ហើយក្រុមហ៊ុនមានចំណាប់អារម្មណ៍ខ្លាំងក្នុងការវិនិយោគនៅកម្ពុជា ដោយផ្តោតលើវិស័យបច្ចេកវិទ្យាទំនើប។ ទន្ទឹមនឹងនេះ ក្រុមហ៊ុនក៏ចាប់អារម្មណ៍ពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការជាមួយក្រសួងស្ថាប័នរបស់កម្ពុជា ដើម្បីបណ្តុះបណ្តាល និងកសាងធនធានមនុស្ស ផ្នែកបច្ចេកវិទ្យាទំនើប ផងដែរ។
ជាការឆ្លើយតប សម្តេចបវរធិបតី បានវាយតម្លៃខ្ពស់ចំពោះភាពរីកចម្រើនរបស់ក្រុមហ៊ុន ដែលមានបទ ពិសោធន៍ និងឈានមុខគេ ខាងវិស័យបច្ចេកវិទ្យាទំនើប។ សម្តេចបវរធិបតីបានសង្កត់ ធ្ងន់ថា ការអភិវឌ្ឍវិស័យបច្ចេកវិទ្យានៅកម្ពុជា គឺជាវិស័យអាទិភាពមួយរបស់រាជរដ្ឋាភិបាល។ សម្តេចបវរធិបតីបានគូសបញ្ជាក់អំពីគោលនយោបាយ និងយន្តការចាំបាច់នានារបស់រាជរដ្ឋាភិបាល ក្នុងការគាំទ្រដល់បរិស្ថានវិនិយោគនៅកម្ពុជា រួមមាន៖ ច្បាប់ស្តីពីការវិនិយោគនៃព្រះរាជាណា ចក្រកម្ពុជា ការដាក់ចេញវិធានការចាំបាច់ និងការកែសម្រួលនីតិវិធីពាក់ព័ន្ធនឹងការវិនិយោគ ព្រមទាំងការដាក់ចេញនូវកញ្ចប់វិធានការលើក ទឹកចិត្តសម្រាប់វិនិយោគិន ជាពិសេសការវិនិយោគលើខ្សែច្រវាក់ផ្គត់ផ្គង់។ ទន្ទឹមនេះ សម្តេចបវរធិបតីបានសម្តែងនូវក្តីរីករាយ និងស្វាគមន៍ចំពោះបំណងរបស់ក្រុមហ៊ុនក្នុងការសហការជាមួយក្រសួងស្ថាប័នពាក់ព័ន្ធកម្ពុជា ក្នុងការអភិវឌ្ឍធនធានមនុស្ស ក្នុងវិស័យបច្ចេក វិទ្យាទំនើប នៅកម្ពុជា៕