ព្រឹកថ្ងៃសុក្រ ៣កើត ខែមាឃ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២២ វេលាម៉ោង ៧៖៣០នាទីព្រឹក នៅរដ្ឋបាលសាលាខេត្តសៀមរាប មានពិធីបើកសិក្ខាសាលាឆ្លុះបញ្ចាំងលទ្ធផលការងារ នៃការអនុវត្តផែនការសកម្មភាពឆ្នាំ២០២១ និងលើកទិសដៅអនុវត្តបន្តឆ្នាំ២០២២ របស់ គ.ក.ស.ក ខេត្តសៀមរាប ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម តោ គិមស៊ាន សមាជិកក្រុមប្រឹក្សាខេត្ត តំណាង ឯកឧត្តម អ៊ាន ឃុន ប្រធានក្រុមប្រឹក្សាខេត្ត លោកជំទាវ ស៊ិន ណម សមាជិកាក្រុមប្រឹក្សាខេត្ត និងជាប្រធានគណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារខេត្ត និងលោកស្រី យូ សុភា អភិបាលរង នៃគណៈអភិបាលខេត្តសៀមរាប ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ សមាជិក សមជិកាក្រុមប្រឹក្សាខេត្ត ឯកឧត្តម ប្រធានសាលាដំបូងខេត្តសៀមរាប លោកស្នងការនគរបាលខេត្ត លោក មេបញ្ជាការកងរាជអាវុធហត្ថខេត្ត លោក លោកស្រី សមាជិក សមាជិកាគណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្រ្តី និងកុមារខេត្ត លោក នាយករដ្ឋបាលសាលាខេត្ត លោក លោកស្រី ប្រធានមន្ទីរ-អង្គភាពជុំវិញខេត្ត លោក នាយកទីចាត់ការ និងប្រធានអង្គភាពចំណុះសាលាខេត្ត។
ថ្លែងក្នុងពិធីបើកសិក្ខាសាលាដ៏មានតម្លៃនេះដែរ លោកជំទាវ ស៊ិន ណម ធ្វើការកោតសរសើរខ្ពស់ចំពោះមន្ទីរ អង្គភាព ស្ថាប័នពាក់ព័ន្ធ លោក លោកស្រី សមាជិក សមាជិកា គ.ក.ស.ក ខេត្ត ស្ថាប័នពាក់ព័ន្ធ អង្គការសង្គមស៊ីវិល ដែលបានខិតខំបំពេញបេសកកម្មរបស់ខ្លួន ផ្តល់ការគាំទ្រផ្នែកសេវាប្រឹក្សាយោបល់បច្ចេកទេសដល់ គ.ក.ស.ក ក្រុង-ស្រុក និង គ.ក.ន.ក ឃុំ-សង្កាត់ ឲ្យអនុវត្តតួនាទី ភារកិច្ចរបស់ខ្លួនបានល្អប្រសើរ ស្របតាមសៀវភៅណែនាំរបស់ថ្នាក់ជាតិ និងបានចូលរួមវគ្គបណ្តុះបណ្តាលនានា ដើម្បីបង្កើនសមត្ថភាពរបស់ខ្លួនឲ្យមានការវិវឌ្ឍជានិរន្ត។ លោកជំទាវ ក៏បានលើកបន្ថែមទៀតនូវសិក្ខាសាលាថ្ងៃនេះ គឺរៀបចំឡើងក្នុងគោលបំណង ដើម្បីឆ្លុះបញ្ចាំងលទ្ធផលសម្រេចបាន បញ្ហាប្រឈម និងដំណោះស្រាយ នៃការអនុវត្តតួនាទី ភារកិច្ចរបស់ គ.ក.ស.ក ខេត្ត និងបណ្តាវិស័យរបស់ខ្លួនដែលបានធ្វើសកម្មភាពក្នុងការជំរុញគាំទ្រ និងដោះស្រាយបញ្ហាទាំងឡាយដែលកើតមានឡើងចំពោះស្រ្តី យុវវ័យ កុមារ និងជនងាយរងគ្រោះក្នុងរយៈពេលពេញមួយឆ្នាំ២០២១ កន្លងមកនេះ។
បន្ទាប់ពីលោកជំទាវ ស៊ិន ណម សមាជិកាក្រុមប្រឹក្សាខេត្ត មានប្រសាសន៍ដ៏មានអត្ថន័យរួចមក លោកស្រី យូ សុភា អភិបាលរងខេត្ត បានធ្វើការចែករំលែកនូវព័ត៌មានពាក់ព័ន្ធនឹងគោលបំណងកំណែទម្រង់នានា របស់រាជរដ្ឋាភិបាលកម្ពុជាដែលកំពុងយកចិត្តទុកដាក់អនុវត្តនាពេលបច្ចុប្បន្ន ក្នុងគោលបំណងលើកកម្ពស់ការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋឲ្យកាន់តែមានប្រសិទ្ធភាព ដើម្បីលើកកម្ពស់ការអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋានប្រកបដោយសមធ៌ម តម្លាភាព គណនេយ្យភាព និងបរិយាប័ន្ន សំដៅកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋផងដែរ៕