សៀមរា៖ នៅព្រឹកថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៣នេះ ពិធីក្រុងពាលី និងបញ្ចុះបឋមសិលា ដើម្បីសាងសង់ស្នាក់ការមន្ត្រីឧទ្យានុរក្សខ្នងភ្នំ នៅឧទ្យានជាតិព្រះជ័យវរ្ម័ន-នរោត្តម “ភ្នំគូលេន” ទីតាំងសាងសង់ស្នាក់ការឧទ្យានុរក្សខ្នងភ្នំ នៅក្នុងឧទ្យានជាតិព្រះជ័យវរ្ម័ន-នរោត្ដម “ភ្នំគូលែន” ស្ថិតក្នុង ភូមិសាស្ត្រភូមិអន្លង់ធំ ឃុំខ្នងភ្នំ ស្រុកស្វាយលើ ខេត្តសៀមរាប។ អាគារដែលត្រូវសាងសង់ មានចំនួន៣ ជាប់គ្នា អាគារធំនៅចំកណ្តាល (ទំហំ១៦ x១៦.ម កម្ពស់ ១ជាន់) និងអាគារតូចៗចំនួន២ អមសងខាង (ទំហំ១១៩៥.៥ ម កម្ពស់ ១ជាន់) ការសាងសង់គ្រោងប្រើរយៈពេល ១៨០ថ្ងៃ ចាប់ពីថ្ងៃសម្ភោធការដ្ឋាន បញ្ចុះបឋមសិលានេះតទៅ។
ពិធីនេះ បានប្រព្រឹត្តទៅក្រោមអធិប្បតីភាព ឯកឧត្តម សៅ សុភាព រដ្ឋលេខាធិការ ក្រសួងបរិស្ថាន ដោយមានការអញ្ជើញចូលរួមពីតំណាងក្រសួងអភិវឌ្ឍន៍ជនបទ តំណាងធនាគារពិភពលោក អភិបាលរង នៃគណៈអភិបាលខេត្តសៀមរាប ឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក និងថ្នាក់ដឹកនាំក្រសួង រដ្ឋបាលមូលដ្ឋាន ព្រមទាំងតំណាងសហគមន៍ជាច្រើននាក់។
គម្រោង «និរន្តរភាពតំបន់ទេសភាព និងទេសចរណ៍ធម្មជាតិកម្ពុជា (ន.ទ.ទ.ក)” មានរយៈពេលអនុវត្ត ចំនួន៦ឆ្នាំ និងបានចាប់ផ្ដើមដំណើរការជាផ្លូវការនៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៩ ហើយនឹងត្រូវបញ្ចប់ នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ ២០២៥។ គម្រោងនេះមានគោលបំណងធ្វើឱ្យប្រសើរនូវការគ្រប់គ្រងតំបន់ការពារធម្មជាតិ ជំរុញឱកាសសម្រាប់ការអភិវឌ្ឍទេសចរណ៍ធម្មជាតិ និងដើម្បីបង្កើនច្រវាក់តម្លៃអនុផលព្រៃឈើ នៅតំបន់ទេសភាពជួរភ្នំក្រវាញ និងបឹងទន្លេសាប ហើយបែងចែកជា ៥សមាសភាគ៖ ១) ការពង្រឹងសមត្ថភាព ក្នុងការរៀបចំផែនការ និងការគ្រប់គ្រងតំបន់ទេសភាពក្នុងតំបន់ការពារធម្មជាតិ ២) ពង្រឹងឱកាសសម្រាប់ អភិវឌ្ឍទេសចរណ៍ធម្មជាតិ និងច្រវាក់តម្លៃអនុផលព្រៃឈើ ៣) ជំរុញនូវការតភ្ជាប់ខ្សែផ្លូវចេញចូលនៅតាមជនបទ ៤) ការគ្រប់គ្រងគម្រោង ការត្រួតពិនិត្យ និងការវាយតម្លៃ និង៥) ការឆ្លើយតបទៅនឹងគ្រោះអាសន្ននានា។
ជាមួយគ្នានោះ ឯកឧត្តម សៅ សុភាព រដ្ឋលេខាធិការក្រសួងបរិស្ថាន មានប្រសាសន៏ថា វិសាលភាពរបស់គម្រោងគឺគាំទ្រដល់ការគ្រប់គ្រងធនធានធម្មជាតិដែលមានផ្ទៃដីប្រមាណជាង ៣,៨លាន ហិកតា ក្នុងតំបន់ការពារធម្មជាតិចំនួន ១៤ និងខេត្តគោលដៅចំនួន៧ រួមមានខេត្ត កោះកុង កំពង់ស្ពឺ កំពង់ឆ្នាំង ពោធិ៍សាត់ បាត់ដំបង កំពង់ធំ និងសៀមរាប។ ក្នុងនោះរួមបញ្ចូលផលិតកម្មផលនេសាទទឹកសាបដែលធំបំផុត មួយក្នុងពិភពលោក ព្រមទាំងតំបន់ការពារធម្មជាតិដ៏ធំជាងគេនៅឥណ្ឌូចិន ដែលមានជីវៈចម្រុះដ៏សំខាន់បំផុត ជាសកល និងគាំទ្រប្រជាជនកម្ពុជាប្រមាណ ៥លាននាក់ តាមរយៈការផ្តល់ប្រាក់ចំណូល អាហារ និងទឹក។
ឯកឧត្តម បានបន្តថា សកម្មភាពគម្រោងផ្ដោតលើតំបន់ប្រើប្រាស់ឋបនីយជីវៈមណ្ឌលបឹងទន្លេសាប ដែនជម្រកសត្វព្រៃភ្នំសំកុស ដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ ដែនជម្រកសត្វព្រៃតាតៃ ឧទ្យានជាតិជួរភ្នំក្រវាញកណ្តាល ឧទ្យានជាតិជួរភ្នំក្រវាញ ខាងត្បូង និងរបៀងអភិរក្សជីវៈចម្រុះជួរភ្នំក្រវាញ និងតំបន់ការពារចំនួន ៧ផ្សេងទៀត ដែលនៅក្បែរតំបន់ ទាំងនោះ មានជាអាទិ៍ ឧទ្យានជាតិព្រះជ័យវរ្ម័ន-នរោត្តម «ភ្នំគូលែន» ឧទ្យានជាតិព្រះសុរាម្រិត-កុសមៈ ” គីរីរម្យ ឧទ្យានជាតិបុទុមសាគរ ដែនជម្រកសត្វព្រៃពាមក្រសោប និងតំបន់ប្រើប្រាស់ច្រើនយ៉ាងដងពែង តំបន់ប្រើប្រាស់ច្រើនយ៉ាងសំឡូត និងកោះកាពិ ។ (ន.ទ.ទ.ក) គឺជាគម្រោងដំបូងបំផុតរបស់ធនាគារពិភពលោក ដែលមានក្រសួងបរិស្ថានជាភ្នាក់ងារ ប្រតិបត្តិគម្រោង និងជាភ្នាក់ងារអនុវត្ត សមាសភាគទី១ និងទី២ និងក្រសួងអភិវឌ្ឍន៍ជនបទជាភ្នាក់ងារ អនុវត្តសមាសភាគទី៣ ។ គម្រោងនេះមានថវិកាសរុបមានចំនួន ៥៧,៥៨ លានដុល្លារអាមេរិក ដែលក្នុងនោះ មានហិរញ្ញប្បទានឥណទានរបស់ធនាគារពិភពលោក ចំនួន ៥០,៦៦លានដុល្លារ ហិរញ្ញប្បទានឥតសំណង ពីមូលនិធិបរិស្ថានសកល ចំនួន ៤,៤២លានដុល្លារ និងបដិភាគពីរាជរដ្ឋាភិបាលចំនួន ២,៥លានដុល្លារ អាមេរិកផងដែរ៕