ព័ត៌មានជាតិ

ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បើកសិក្ខាសាលាថ្នាក់តំបន់ ស្តីពីការអនុវត្តអនុសាសន៍នៃសន្និសីទថ្នាក់ តំបន់លើកទី១ នៃ“វិធានការ និងការការពារសកម្មភាពទន្ទ្រានទីទួលបុរាណ ការបំផ្លិចបំផ្លាញ ការលួចជីកកកាយ ការទប់ស្កាត់អំពើចោរកម្ម និងការជួញដូរសម្បត្តិវប្បធម៌ដោយខុសច្បាប់

សៀមរាប ៖ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បើកសិក្ខាសាលាថ្នាក់តំបន់ ស្តីពីការអនុវត្តអនុសាសន៍នៃសន្និសីទថ្នាក់ តំបន់លើកទី១ នៃ“វិធានការ និងការការពារសកម្មភាពទន្ទ្រានទីទួលបុរាណ ការបំផ្លិចបំផ្លាញ ការលួចជីកកកាយ ការទប់ស្កាត់អំពើចោរកម្ម និងការជួញដូរសម្បត្តិវប្បធម៌ដោយខុសច្បាប់” ។ ក្រោមអធិបតីភាពលោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ឯកឧត្តម/លោកជំទាវ លោក/លោកស្រីតំណាងស្ថានទូតនៃបណ្តាប្រទេសតាមដងទន្លេមេគង្គ ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា Mr. Sardar Umar Alam, តំណាងអង្គការយូណេស្កូប្រចាំកម្ពុជា ឯកឧត្តម ប្រាក់ ដាវីត អនុរដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការ អន្តរជាតិ ទទួលបន្ទុកកិច្ចសហប្រតិបត្តិការមេគង្គ និងជាតំណាង ឯកឧត្តម ប្រធានលេខាធិ ការដ្ឋានជាតិកម្ពុជានៃកិច្ចសហប្រតិបត្តិការមេគង្គ -ឡានឆាង ឯកឧត្តម ពិន ប្រាកដ អភិបាលរង តំណាងរដ្ឋបាលខេត្តសៀមរាប ព្រមទាំងអង្គសិក្ខាសាលាជាច្រើននាក់។ អង្គសិក្ខាសាលាថ្នាក់តំបន់នេះ ឧបត្ថម្ភដោយមូលនិធិពិសេសនៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង ឆ្នាំ២០២០ នាព្រឹកថ្ងៃទី២៤-២៦ ខែមករា ឆ្នាំ២០២២ នៅសណ្ឋាគារសុខាល័យអង្គរខេត្តសៀមរាប។

លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ មានប្រសាសសន៍ថា ការរៀបចំសិក្ខាសាលានេះ គឺស្ថិតក្នុងដំណាក់កាលនៃប្រទេសកម្ពុជា ក៏ដូចជាប្រទេសនានានៅតំបន់អាស៊ីអាគ្នេយ៍មានសន្តិភាពពេញលេញក៏ពិតមែន ប៉ុន្តែពុំមែនមានន័យថា សម្បត្តិបេតិកភណ្ឌវប្បធម៌របស់យើងទាំងអស់គ្នាមានសុវត្ថិភាពនោះទេ ដរាបណាកិច្ចសហការថែរក្សាការពារ និងការគ្រប់គ្រងនៅពុំទាន់បានល្អ និងគ្រប់ជ្រុងជ្រោយនៅឡើយ។ ដូច្នេះហើយទើបក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នៃព្រះរាជាណាចក្រកម្ពុជាបានផ្តួចផ្តើមរៀបចំសិក្ខាសាលាថ្នាក់តំបន់ដ៏មានសារៈសំខាន់នេះឡើង ក្រោមការជួយឧបត្ថម្ភថវិកាពីមូលនិធិពិសេសនៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាងឆ្នាំ២០២០ ដោយបានកិច្ចសហការពីក្រសួង/ស្ថាប័នពាក់ព័ន្ធ ជាពិសេសលេខាធិការដ្ឋានជាតិកម្ពុជានៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាងនៃក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ និងពីបណ្ដាប្រទេស នៅតាមដងទន្លេមេគង្គ ដែលអង្គសិក្ខាសាលានេះមានរយៈពេល០៣ថ្ងៃ ចាប់ពីថ្ងៃទី២៤-២៦ ខែមករា ឆ្នាំ២០២២។

លោកជំទាវបណ្ឌិតសភាចារ្យ បានបង្ហាញទៀតថា ប្រទេសកម្ពុជាក៏ដូចជាប្រទេសនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ដែរ បានផ្ទុកនូវសម្បត្តិវប្បធម៌ដ៏ចំណាស់ ដោយឡែកប្រទេសកម្ពុជាក៏ធ្លាប់បានឆ្លងកាត់នូវវិនាសសកម្មដ៏សែនខ្លោចផ្សាមកលើសង្គមជាតិអស់រយៈពេលជាច្រើនសតវត្ស ជាពិសេសសង្គ្រាមស៊ីវិល ជាងបីទសវត្ស មិនត្រឹមតជីវិតមនុស្សទេដែលបានបាត់បង់ សូម្បីសម្បត្តិវប្បធម៌ក៏បានបាត់បង់ជាច្រើនអនេកដែរ។ រីឯកិច្ចការថែរក្សា ការពារមរតកទាំងនេះនៅក្រោយពេលសង្គ្រាម គឺជាកិច្ចការមួយ មានទំហំធំ និងជាកិច្ចការដ៏វែងមួយដើម្បីការពារសម្បត្តិវប្បធម៌ត្រូវធ្លាក់មកលើក្រសួងវប្បធម៌និងវិចិត្រ សិល្បៈ។ កិច្ចខិតខំប្រឹងប្រែងថែរក្សាការពារនាពេលនោះនៅមានកម្រិតដោយសារថវិកាជាតិស្ដួចស្ដើង និងកង្វះខាតអ្នកជំនាញផ្នែកអភិរក្ស និងគ្រប់គ្រង ក៏ប៉ុន្តែការងារទាំងអស់នោះពិតជាមានតម្លៃណាស់។

បច្ចុប្បន្ន កិច្ចការនេះស្ថិតនៅក្នុងលំដាប់ជាអាទិភាពនៅឡើយទេ ពោលគឺជាកិច្ចការសំខាន់ចាំបាច់មួយ ដើម្បីទប់ស្កាត់ការរំលោភ ឬការទន្ទ្រានទីទួលបុរាណស្ថានីយបុរាណ ការជីកកកាយ ការចរាចរ និងជួញដូរសម្បត្តិបេតិកភណ្ឌវប្បធម៌ខុសច្បាប់ ដែលនឹងធ្វើឱ្យវត្ថុបុរាណយើងនៅតែបន្តបាត់បង់។ ដោយសាររយៈពេលកន្លងមក ប្រទេសកម្ពុជាមានការបំផ្លិចបំផ្លាញ សម្បត្តិបេតិកភណ្ឌជាតិ ហេតុនេះ ដំណើរការរៀបចំគឺត្រូវតែមានច្បាប់ទម្លាប់ការពារបេតិកភណ្ឌជាតិទូទាំងប្រទេស។ នៅឆ្នាំ១៩៩៣ កម្ពុជាមានរដ្ឋធម្មនុញ្ញ ដែលមានមាត្រាមួយចំនួនបានចែងពាក់ព័ន្ធនឹង កិច្ចការពារបេតិកភណ្ឌ។ បន្ទាប់មកនៅឆ្នាំ១៩៩៦ រាជរដ្ឋាភិបាលក៏បានរៀបចំជាច្បាប់ទម្លាប់មួយ គឺច្បាប់ស្តីពី កិច្ចការពារបេតិកភណ្ឌវប្បធម៌។ បន្ទាប់មកក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ក៏បានបង្កើតអគ្គនាយកដ្ឋានបេតិកភណ្ឌ ដែលមានមុខងារ និងភារកិច្ចទទួលខុសត្រូវលើការងារប្រយុទ្ធប្រឆាំងនឹងការរំលោភបំពាន ការទន្ទ្រាន ការជីកកកាយ ការចរាចរ និងការជួញដូរសម្បត្តិវប្បធម៌ខុសច្បាប់ជាដើម៕

 

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *