ខេត្ដបន្ទាយមានជ័យ៖បណ្ដាញសារព័ត៌មានយើងទទួលបានសេចក្ដីរាយការណ៍ថានៅច្រករបៀងអូរបីជាន់ក្នុងស្រុកអូរជ្រៅខេត្តបន្ទាយមានជ័យកំពុងដំណើរការបទល្មើសចេញចូលទំនិញគ្រប់ប្រភេទដោយសេរី ខណៈលោកវរសេនីយ៍ទោ អ៊ុន ចាន់ មេប៉ុស្តិ៍ច្រករបៀងអូរបីជាន់មិនទាន់មានចំណាត់ការនៅឡើយ។
យោងតាមប្រភពបានឲ្យដឹងថាទំនិញទាំងនោះដឹកជញ្ជូនតាមរថយន្តតូចៗ, រ៉ឺម៉កសណ្តោង, រ៉ឺម៉កម៉ូតូកង់បីនិងគោយន្តកែច្នៃ ក្នុងមួយថ្ងៃៗដឹកជញ្ជូនជាច្រើនគ្រឿងឆ្ពោះទៅកាន់ គោលដៅផ្សេងៗដើម្បីចែកចាយទៅតាមទីផ្សារនីមួយៗបន្ត។
ប្រភពបន្តពីរនាក់ដឹកទំនិញបានលួចខ្សឹបប្រាប់បណ្ដាញសារព័ត៌មានយើងថាទំនិញទាំងនេះភាគច្រើនចេញពីច្រករបៀង អូរបីជាន់ក្នុងស្រុកអូរជ្រៅនិងច្រកមួយចំនួនទៀត តាមបន្ទាត់ ព្រំដែនហើយយានយន្តដឹកទំនិញទាំងនោះឆ្លងកាត់បារាសត្រួតពិនិត្យ របស់ក្រុមយោធាតាមចំណុច ភូមិសាស្ត្រច្រកអូបីជាន់ចូលទៅតំបន់ ស ដើម្បីដឹកទំនិញដែលខាងឈ្មួញថៃ ដឹកជញ្ជូនមកឲ្យផងដែរ។
ដោយមើលឃើញសកម្មភាពដឹកទំនិញយ៉ាងគគ្រឹកគគ្រេងបែបនេះមហាជនមានការសង្ស័យថាទំនងជាមានការបើកដៃពីសំណាក់លោកវរសេនីយ៍ទោ អ៊ុន ចាន់ មេប៉ុស្តិ៍ច្រករបៀងអូរបីជាន់ ហើយមើលទៅបានជាបណ្ដែតបណ្ដោយឲ្យទំនិញទាំងអស់នេះចេញតាមច្រករបៀងបាន ហើយមិនដឹងថាទំនិញទាំងអស់នេះខូចគុណភាពឬយ៉ាងណានោះទេយកមកលក់នៅលើទីផ្សារដោយគ្មានការត្រួតពិនិត្យត្រឹមត្រូវ បើនៅតែបណ្ដោយបែបនេះប្រជាពលរដ្ឋនិងប្រឈមមុខកើតជំងឺផ្សេងៗជាពុំខាន។ មហាជនសង្ឃឹមថាមន្ត្រីជំនាញនិងចុះពិនិត្យមើលទប់ស្កាត់រាល់បទល្មើសឆ្លងដែនតាមច្រករបៀងព្រំដែនកម្ពុជា–ថៃផង. ដើម្បីពង្រឹងសន្តិសុខ ទំនិញគេចពន្ធគ្រឿងញៀនអាភៀនការរត់ពន្ធមនុស្សបទល្មើសផ្សេងៗតាមខ្សែបន្ទាត់ព្រំដែនប្រកបដោយប្រសិទ្ធភាពនិងរក្សាសុខសុវត្ថិភាពជូនប្រជាពលរដ្ឋផងដែរ។ករណីខាងលើនេះបណ្ដាញសារព័ត៌មានបានសុំការបំភ្លឺពីលោកវរសេនីយ៍ទោ អ៊ុន ចាន់ មេប៉ុស្តិ៍ច្រករបៀងអូរបីជាន់តាមទូរសព្ទនៅព្រឹកថ្ងៃទី១៨ខែឧសភាឆ្នាំ២០២៣នេះ បានឱ្យដឹងថាគ្មានទំនិញណាគេចពន្ធនោះទេមានតែទំនិញបន្តិចបន្តួចរបស់ប្រជាពលរដ្ឋតែប៉ុណ្ណោះហើយម្យ៉ាងវិញទៀតគោក្របីដែលដឹកតាមរថយន្តនោះគឺគេមានច្បាប់ត្រឹមត្រូវ។ ទោះជាការលើកឡើងបកស្រាយពីលោកវីរៈសេនីយ៍ទោ អ៊ុន ចាន់ យ៉ាងនេះក្តី មហាជននៅតែងឿងឆ្ងល់ថាបើទំនិញត្រូវច្បាប់មូលហេតុអីមិនទៅចេញតាមច្រកទ្វារអន្តរជាតិបង់ពន្ធចូលរដ្ឋស្របច្បាប់ទៅ ហេតុអី្វបានជាដឹកទំនិញចេញតាមច្រករបៀងបែបនេះទៅវិញ?៕ដោយ៖រី រិន