ព័ត៌មានជាតិ

ឯកឧត្តម សួស ប្រាថ្នា អញ្ជេីញដឹកនាំកិច្ចប្រជុំ សម្រាប់ធ្វេីបទបង្ហាញ ស្តីពី ប្រព័ន្ធទិន្នន័យតាមដានថវិកា ឃុំ សង្កាត់

ទីស្តីការក្រសួងមហាផ្ទៃ៖ នៅព្រឹកថ្ងៃពុធ ទី៣០ ខែកក្កដា ឆ្នាំ២០២៥ ឯកឧត្តម សួស ប្រាថ្នា អគ្គនាយក នៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ បានអញ្ជេីញដឹកនាំកិច្ចប្រជុំ សម្រាប់ធ្វេីបទបង្ហាញ ស្តីពី ប្រព័ន្ធទិន្នន័យតាមដានថវិកា ឃុំ សង្កាត់។ កិច្ចប្រជុំនេះ រួមមានការអញ្ជេីញចូលរួមពី អគ្គនាយករង ប្រធាន អនុប្រធាននាយកដ្ឋាន លោក លោកស្រី តំណាងអង្គការយូនីសេហ្វ និងមន្ត្រីជំនាញ នៃអគ្គនាយកដ្ឋានរដ្ឋបាលសរុបចំនួន ៣០រូប។

មុននឹងចាប់ផ្ដើមកិច្ចប្រជុំ ឯកឧត្តម សួស ប្រាថ្នា បានដឹកនាំអង្គប្រជុំគោរពវិញ្ញាណក្ខន្ធដល់វីរកងទ័ពរបស់កម្ពុជាយើងដែលបានពលីដើម្បីបុព្វហេតុជាតិមាតុភូមិក្នុងការការពារអធិបតេយ្យ និងបូរណភាពទឹកដី នៃព្រះរាជាណាចក្រកម្ពុជា។ ឯកឧត្តម បានបន្តមានប្រសាសន៍ថា កិច្ចប្រជុំនេះធ្វើឡើងក្នុងគោលបំណងដើម្បីស្តាប់នូវបទបង្ហាញស្តីពីប្រព័ន្ធតាមដានថវិកាឃុំ សង្កាត់ ដែលត្រូវបានរៀបចំឡើងក្រោមកិច្ចសហការរវាងអគ្គនាយកដ្ឋានរដ្ឋបាលក្រសួងមហាផ្ទៃ និងអង្គការយូនីសេហ្វ។

ក្នុងឱកាសនេះ ឯកឧត្តម អគ្គនាយក បានថ្លែងនូវការ ការកោតសរសើរដល់សហការីនៃនាយកដ្ឋានកិច្ចការរដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់ ជាសេនាធិការឱ្យអគ្គនាយកដ្ឋានរដ្ឋបាល ដោយបានសហការយ៉ាងជិតស្និទ្ធជាមួយនឹងអង្គការយូនីសេហ្វនៅក្នុងដំណើរការរៀបចំប្រព័ន្ធតាមដានថវិកាឃុំ សង្កាត់ ឱ្យសម្រេចបានតាមលទ្ធផលរំពឹងទុក។ ទន្ទឹមនេះ ឯកឧត្តម ក៏បានថ្លែងអំណរគុណដល់អង្គការយូនីសេហ្វ ដែលតែងតែជួយគាំទ្រដល់រាជរដ្ឋាភិបាលកម្ពុជា និយាយជារួម និងគាំទ្រដល់ក្រសួងមហាផ្ទៃ និយាយដោយឡែក ដើម្បីរួមចំណែកដល់ការអភិវឌ្ឍព្រះរាជាណាចក្រកម្ពុជា ជាពិសេសលើការលើកកម្ពស់អភិបាលកិច្ចល្អនៅរដ្ឋបាលថ្នាក់ក្រោមជាតិ ។

សូមជម្រាបជូនផងដែរថា៖ អគ្គនាយកដ្ឋានរដ្ឋបាលក្រសួងមហាផ្ទៃ បានសហការជាមួយអង្គការយូនីសេហ្វ ក្រោមក្របខណ្ឌអភិក្រមថ្មីគឺ «អភិក្រមរដ្ឋបាលថ្នាក់ក្រោមជាតិ» ដែលជាផ្នែកមួយនៃកម្មវិធីសហប្រតិបត្តិការថ្មីរវាងរាជរដ្ឋាភិបាលកម្ពុជា និងអង្គការយូនីសេហ្វ ឆ្នាំ២០២៤-២០២៨ ដើម្បីរៀបចំប្រព័ន្ធតាមដានលើការត្រួតពិនិត្យអំពីការចូលរួមរបស់ប្រជាពលរដ្ឋ ក្នុងដំណើរការរៀបចំ និងអនុម័តថវិកាឃុំ សង្កាត់ ស្របតាមស្មារតីសេចក្តីណែនាំលេខ០២៥ របស់ក្រសួងមហាផ្ទៃ និងការរីកចម្រើនផ្នែកឌីជីថល ក្នុងការឆ្លើយតបទៅនឹងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងអាទិភាពគន្លឹះទី៥ ទៅតាមប្រព័ន្ធបច្ចេកវិទ្យាឌីជីថល៕

ប្រភព៖អគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *