យុវជនម្នាក់បានជិះម៉ូតូតាមដងផ្លូវទៅប៉ះជាមួយរថយន្តដឹកអេតចាយម៉ាក KIA បណ្ដាលឲ្យដួល ហើយសំណាងអាក្រក់ក៏ត្រូវរថយន្តបែនដឹកដីកិនបែកក្បាលធ្លាយខួរស្លាប់ភ្លាមមួយរំពេច ។
ករណីនេះ បង្កការភ្ញាក់ផ្អេីលនៅវេលាម៉ោង ០៦និង៤០នាទីព្រឹក ថ្ងៃទី០២ ខែសីហា ឆ្នាំ២០២៥ នៅលេីផ្លូវលេខ១០៤ ត្រង់ចំណុចមុខបុរីពិភពថ្មី ស្ថិតក្នុងភូមិកណ្ដាល សង្កាត់រលួស ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
បើយោងតាសមត្ថកិច្ចជំនាញចរាចរណ៍នៃអធិការដ្ឋាននគរបាលខណ្ឌដង្លោ បានឲ្យដឹងថា ភាគីម៉ូតូរងគ្រោះមានគ្នា០៣នាក់ ទី១-ឈ្មោះ ឃឿន សុខខៃ ភេទប្រុស អាយុ ២២ឆ្នាំ នៅភូមិបុស្សស្អំ ឃុំបួរ ស្រុកភ្នំព្រឹក ខេត្ដបាត់ដំបង(អ្នកបើកម៉ូតូ ស្លាប់នៅកន្លែងកើតហេតុ) ។ ទី២-ឈ្មោះ ឃឿន សុខុម ភេទប្រុស អាយុ ២០ឆ្នាំ មានស្រុកកំណើតនៅខេត្តបាត់ដំបង (រួមដំណើរត្រូវជាប្អូនរងរបួសស្រាល) និងទី៣-ឈ្មោះ អ៉ី ម៉ូរ៉ូស្សា ភេទប្រុស អាយុ៦០ឆ្នាំ (រួមដំណើរត្រូវជាឪពុក)រងរបួស្រាល ដោយជិះម៉ូតូម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1IY-3717 ។
ចំណែកភាគីរថយន្ដអេតចាយម៉ាក kIA ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2R-0769 អ្នកបើកបរមិនស្គាល់អត្ដសញ្ញាណ (រត់គេចខ្លួន)។
សមត្ថកិច្ចជំនាញចរាចរណ៍ខណ្ឌដង្កោបានបញ្ចាក់ថា តាមទិសដៅម៉ូតូបើកពីលិចទៅកើត រីឯរថយន្ដអេតចាយបើកពីកើតទៅលិច លុះដល់ចំណុចកើតហេតុ រថយន្ដអេតចាយបត់ឆ្វេងឆ្លងផ្លូវក៏ត្រូវម៉ូតូជិះប៉ះចំកន្ទុយរថយន្ដអេតចាយពីក្រោយបណ្ដាលឲ្យខ្ទាតចូលក្រោមរថយន្ដ១គ្រឿងទៀតមិនស្គាល់អត្ដសញ្ញាណ (សង្ស័យបែនដឹកដី)បណ្តាលឲ្យកិនស្លាប់មនុស្សម្នាក់នៅនឹងកន្លែង និងរងរបួសស្រាល០២នាក់ ហើយភ្លាមៗរថយន្តបង្កសង្ស័យថាជារថយន្តបែនដឹកដីនោះបានបេីកគេចបាត់ស្រមោល ។
ក្រោយកេីតហេតុ សមត្ថកិច្ចមូលដ្ឋាន សហការជាមួយជំនាញចរាចរណ៍ចុះមកដល់កន្លែងកេីតហេតុធ្វេីការវាស់វែងយករថយន្តដឹកអេតចាយនិងម៉ូតូទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌដង្កោ រង់ចាំដោះស្រាយតាមក្រោយ ។ ចំណែកសពជនរងគ្រោះ ត្រូវបានសមត្ថកិច្ចជំនាញធ្វេីកំណត់ហេតុប្រគល់ឲ្យទៅក្រុមគ្រួសារដឹកយកទៅធ្វេីបុណ្យតាមប្រពៃណី៕ រូបភាពអត្ថបទដោយ៖តូច ធន់ និង រិទ្ធ បូរី