ខេត្តស្វាយរៀង៖យោងតាមប្រភពពីប្រជាពលរដ្ឋនៅភូមិត្រពាំងស្មាច់ ឃុំអណ្តូងត្របែក ស្រុករមាសហែក បានអោយដឹងថា លោក ចិន ពែក (ហៅពែកពីង) នៅភូមិត្រពាំងស្មាច់ បានគៀងគរប្រមូលប្រជាពលរដ្ឋរាប់រយគ្រួសារអោយចូលទៅកាប់ឆ្ការរុករានទន្រ្ទានយកដីរដ្ឋររាប់រយហិចតាយកមកធ្វើជាកម្មសិទ្ធិ នៅចំណុច ខាងកើតផ្ទះ៤០០ខ្នងចំពីខាងត្បួងសាលាឃុំអណ្តូងត្របែក ជាប់ខាងត្បូងប្រាសាទគ្រួនោ បានដោយរលួនដោយពុំមានការរារាំងទប់ស្កាត់ពីមន្ត្រីជំនាញមានសម្ថកិច្ចនៅខេត្តស្វាយរៀងឡេឺយ ។
យោងតាមប្រភពមួយថាសារសំឡេងរបស់លោក ចិន ពែក(ហៅពែកពីង)ដែលជាមេចលនាមេខ្យល់ដឹកនាំប្រជាពលរដ្ឋឲ្យចូលទៅកាន់កាប់ទន្ទ្រានរានយកដីរដ្ឋធ្វើជាកម្មសិទ្ធិបាននិយាយថា ដីចំនួន 105 ហិចតាសូមបងប្អូនចូលរួមជាមួយនឹងខ្ញុំហើយតម្រូវបង់ប្រាក់ក្នុងមួយគ្រួសារ 4 ម៉ឺនរៀល ដើម្បីគុបពីរ អត្តសញ្ញាណប័ណ្ណឯកសារពាក់ព័ន្ធយកទៅដាក់នៅសាលាឃុំមួយច្បាប់ សាលាស្រុកមួយច្បាប់ និងសាលាខេត្ត១ច្បាប់ ក្រោយពីបានជោគជ័យហើយខ្ញុំនឹងឲ្យបងប្អូនបង់មួយគ្រួសារ100 ដុល្លារថែមទៀត។
ប្រភពពីប្រជាពលរដ្ឋបានបន្តទៀតថា បច្ចុប្បន្នលោកចិន ពែក ដែលជាមេខ្យល់ដឹកនាំប្រជាពលរដ្ឋទៅយកដីរដ្ឋនោះបានយកឯកសារទៅដល់សាលាខេត្តស្វាយរៀងរូចហើយ។
ប្រជាពលរដ្ឋបានលើកឡើងថាតើ លោកចិន ពែក មានអំណាចមានសិទ្ធិធំប៉ុណ្ណាបានជាដឹកនាំប្រជាពលរដ្ឋរាប់រយគ្រួសារនៅក្នុងភូមិត្រពាំងស្មាច់ក្នុងឃុំអណ្ដូងត្របែកស្រុករមាសហែក អោយចូលទៅកាប់ឆ្ការរុករានទន្ទ្រានកាន់កាប់យកដីរដ្ឋយកមកធ្វើជាកម្មសិទ្ធិបានបែបនេះ ហើយមានការទប់ស្កាត់និងបង្ក្រាបពីអាជ្ញាធរបែបដែរ? ឬក៏ដូចពលរដ្ឋសង្ស័យថាមានមន្ត្រីធំមានអំណាចនៅក្នុងខេត្តស្វាយរៀងជាអ្នកនៅពីក្រោយនិងគាំទ្រនូវសកម្មភាពនេះ? ព្រោះថាកន្លងមកក្នុងតំបន់នោះគ្រប់គ្រងដោយលោកមេព្រៃឈ្មោះ គគ កុំថាឡើយទៅចាប់យកដី កាប់ឆ្កាព្រៃយកដីមកធ្វើជាកម្មសិទ្ធិ គ្រាន់តែប្រជាពលរដ្ឋពួកគាត់ចូលកាប់អុសដុតនៅក្បែរព្រៃនោះក៏មិនបានផងចុះហេតុអ្វីបានជាមេព្រៃនៅក្នុងតំបន់នោះឈ្មោះ គគ ធ្វើហាក់បីដូចជាមិនដឹងមិនឮមិនឃើញទៅវិញ?
ប្រជាពលរដ្ឋដែលមិនជ្រៀតជ្រែកនៅក្នុងសកម្មភាពយកដីរបស់រដ្ឋនោះ សូមអំពាវនាវទៅដល់ឯកឧត្តម ម៉ែន វិបុល អភិបាលនៃគណៈអភិបាលខេត្តស្វាយរៀង សូមមេត្តាពិនិត្យទៅលើទីតាំងដីនៅចំណុចខាងលើផង ហ្នឹងចាត់វិធានការបង្ក្រាបនិង ទប់ស្កាត់រាល់បទល្មើស នឹងគោរពតាមបទបញ្ជារដ៏ខ្ពង់ខ្ពស់បំផុត របស់សម្ដេចតេជោ សែន ផងទាន!
និងជាពិសេសឯកឧត្តម ឌិត ទីណារដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទសូមឯកឧត្តមមេត្តាពិនិត្យដីនៅចំណុចខាងលើនេះផង បើពុំដូច្នេះទេដីព្រៃឈេីរបស់រដ្ឋរាប់រយហិតានៅទីនោះនឹងត្រូវរលាយហិនហោចក្រោមស្នាដៃមេខ្យល់ ឈ្មោះ ចិន ពែក នេះជាក់ពុំខាន ព្រោះបច្ចុប្បន្នមេខ្យល់រូបនេះកំពុងគៀងគរពលរដ្ឋអាយចូលកាប់ឆ្ការកាន់កាប់ដីរដ្ឋធ្វើជាកម្មសិទ្ធិ។
ជុំវិញព័ត៌មានខាងលើនេះអង្គភាពសារព័ត៌មានយើងនៅមិនអាចសុំការបកស្រាយបំភ្លឺ ពីលោកចិន ព្រែក និងសមត្ថកិច្ចជំនាញពាក់ព័ន្ធក្នុងខេត្តស្វាយរៀងបាននៅឡើយ អង្គភាពសារព័ត៌មានយើងផ្សព្វផ្សាយទៅនេះគ្រាន់តែចង់ឲ្យមានភាពសុក្រិតនិងយុត្តិធម៌តែប៉ុណ្ណោះគ្មានគោលបំណងធ្វើឲ្យប៉ះពាល់ទៅដល់បុគ្គលណាម្នាក់នោះឡើយ៕ដោយ៖រី រិន