ខេត្តពោធិ៍សាត់៖ល្បែងស៊ីសងជល់មាន់តាមទូរទស្សន៍អនឡាញបានកើតឡើងនៅក្នុងភូមិបត់រំដួល ឃុំផ្ទះរ៉ុង ស្រុកតាលោកសែនជ័យ ទល់មុខនឹងក្រុមហ៊ុនវីរៈប៊ុនថាំ មានក្រុមអ្នកញៀនល្បែងបានប្រមូលផ្តុំគ្នា ភ្នាល់សុីសងដាក់ប្រាក់យ៉ាងសប្បាយ មិនមានការរំខានឬបង្ក្រាបពីកម្លាំងសមត្ថកិច្ចនោះឡើយ។ តាមប្រភពពីពលរដ្ឋខ្លះបាន
នាំគ្នានិយាយតៗថា៖សកម្មភាពបើកលេងបានដោយស្រួល
បែបនេះអាចមានអ្នករត់ការនិងបើកដៃពីសំណាក់អាជ្ញាធរមូលរដ្ឋាន ទើបម្ចាស់បើកបនល្បែងជល់មាន់តាមទូរទស្សន៍អនឡាញនេះដំណើរការលេងនៅក្នុងមូលដ្ឋានរបស់អាជ្ញាធរមានសមត្ថកិច្ចបានដោយរលូន។ សេចក្តីរាយការណ៍ឲ្យថា៖ក្នុងមួយថ្ងៃៗគឺមានមនុស្សជាច្រើនបាន នាំគ្នាទៅលេងចាក់ភ្នាល់ ស្រែកហូរកញ្ជ្រៀវ ស្ទើរផ្អើលអស់ម្ចាស់ទឹកម្ចាស់ដីទេវតាអិនព្រហ្មទៅហើយនោះក៏មិនឃើញសមត្ថកិច្ចណាចុះមកបង្ក្រាបនោះឡើយ ទើបមហាជនដាក់ការសង្ស័យថា៖ម្ចាស់បើកល្បែងខាងលើគេបានសែនជ្រូកខ្វៃមាន់ស្ងោរអស់ទៅហើយ បានគេអាចបើកដំណើរការលេងល្បែងបានដោយរលូនបែបនេះ។
គួររំលឹកផងដែរថា៖រាជរដ្ឋាភិបាលធ្លាប់បានដាក់ចេញនូវបទបញ្ជាយ៉ាងមឹងម៉ាត់ឲ្យមន្ត្រីពាក់ព័ន្ធនៅមូលដ្ឋាននីមួយៗ ត្រូវបង្ក្រាបជាដាច់ខាត រាល់ល្បែងស៊ីសងគ្រប់ប្រភេទដែលកើតមានលួចបើកបង្កប់លេងតាមហាងកាហ្វេតារាងបាល់ទះ ត្រូវបង្ក្រាបទីតាំងដែលផ្ដល់ឲ្យដាក់បើកដំណើរការលេងល្បែងតាមទូរទស្សន៍អនឡាញ ត្រូវតែបិទមិនអនុគ្រោះ តែដោយឡែកនៅក្នុង ភូមិបត់រំដួល ឃុំផ្ទះរ៉ុង ស្រុកតាលោកសែនជ័យ ខេត្តពោធិ៍សាត់ បានបើកល្បែងស៊ីសងលេងបានដោយសេរី រីឯសមត្ថកិច្ចពាក់ព័ន្ធក្នុងមូលរដ្ឋាន ឃុំស្រុករហូតថ្នាក់ខេត្តនៅមិនទាន់មានវិធានបង្ក្រាបបានទៅលើម្ចាស់បើកបនល្បែងនេះនោះទេ។
ពលរដ្ឋសង្ឃឹមថា៖អាជ្ញាធរមានសមត្ថកិច្ចពាក់ពន្ធ័ទាំងអស់នៅទីនោះនឹងចាត់វិធានការបង្ក្រាបទៅលើល្បែងស៊ីសងជល់មាន់តាមទូរទស្សន៍អនឡាញខាងលើនេះជៀសវាងកើត
មានឡើងអំពើហិង្សាចោរលួចឆក់ប្លន់។ល។ ដើម្បីពង្រឹងសន្តិសុខសង្គមគោលនយោបាយភូមិឃុំមានសុវត្ថិភាពទាំង៧ ចំណុច ជូនប្រជាពលរដ្ឋក្នុងការរស់នៅដោយគ្មានល្បែងសុីសង។ ជុំវិញការចុះផ្សាយខាងលើអង្គភាពព័ត៌មានយើងមិនអាចសុំការបកស្រាយបំភ្លឺពីសមត្ថកិច្ចពាក់ព័ន្ធក្នុងមូលដ្ឋានបាននៅឡើយអង្គភាពយើងស្វាគមន៍រាល់ការបកស្រាយបំភ្លឺរៀងរាល់ម៉ោងធ្វើការ៕