ខេត្តសៀមរាប៖ ពលរដ្ឋមួយចំនួននៅក្នុងស្រុកជីក្រែងបានធ្វើការរិះគន់ចំៗទៅលើលោក ភាព ប្រធានស្នាក់ការដែនជម្រកសត្វព្រៃ បឹងពែរ និងមន្ត្រីរដ្ឋបាលព្រៃឈើ ស្ថិតនៅក្នុងឃុំពង្រលើ ស្រុកជីក្រែង ខេត្តសៀមរាប ដែលបណ្ដែតបណ្ដោយ ឲ្យមានឈ្មួញដឹកឈើគ្រប់ប្រភេទឆ្លងកាត់មុខស្នាក់ការ ដោយមិនខ្លាចញញើតអាជ្ញាធរ សមត្ថកិច្ចពាក់ព័ន្ធទាល់តែសោះ ផ្ទុយទៅវិញពេលអ្នកសារពត៌មានចុះទៅរាយការណ៍ជូន បែរជាមន្ត្រីមួយចំនួន ប្រើពាក្យមកវិញមិនសមរម្យថា ឲ្យអ្នកសារព័ត៌មានធ្វើការចុះចាប់ខ្លួនឯងទៅ នេះហើយដែលមហាជនឆ្ងល់ថា តើមន្ត្រីប្រចាំនៅស្នាក់ការមួយចំនួនមានវិជ្ជាជីវៈបម្រើពលរដ្ឋដែរឬទេ?
ជាក់ស្ដែងនៅព្រឹកថ្ងៃទី ២ ខែធ្នូ ឆ្នាំ ២០២២ នេះ បទល្មើសព្រៃឈើ នៅក្នុងស្រុកជីក្រែង មានឈ្មួញរកស៊ីដឹកផលអនុផលព្រៃឈើសឹងតែគ្រប់រូបភាព ដូចជាឡាននីសាន់មួយបាង់កន្លះ ដែរមានមេឈ្មួញឈ្មោះ ភាព ឈ្មោះ ថី ឈ្មោះ ទូច ឈ្មោះ ច្រេច និងរថយន្តកែច្នៃ គោយន្តកន្ត្រៃ រួមទាំងក្រុមមេឈ្មួញរកស៊ីដឹកធ្យូងតាមរថយន្តសាំយ៉ុងនិងរថយន្តធំៗជាច្រើនទៀតភ្លូកទឹកភ្លូកដី តែមន្ត្រីប្រចាំនៅស្នាក់ការនីមួយៗ បានត្រឹមដេកអង្រឹងអឺតក៏មើលពីក្នុងស្នាក់ការតែប៉ុណ្ណោះ។
មហាជនបានបន្តរិះគន់ទៅលើមន្ត្រីជំនាញពាក់ព័ន្ធមួយចំនួនថាទឹកដីស្រុកជីក្រែង ខេត្តសៀមរាបនេះ មិនមែនកើតឡើងតែពេលបច្ចុប្បន្ននេះទេ គឺកើតឡើងយូរណាស់មកហើយ តែនៅឡើយសមត្ថកិច្ច បង្ក្រាបបានតែមួយឆាវៗ តែប៉ុណ្ណោះ រួចហើយក៏ដំណើរការដឹកជញ្ជូនបានសេរីឡើងវិញដដែល នេះហើយដែលធ្វើឲ្យមហាជនគ្រប់មជ្ឈដ្ឋានធ្វើការរិះគន់។
ពលរដ្ឋសង្ឃឹមថាលោក ស៊ុន គង់ ប្រធានមន្ទីរបរិស្ថាន និងលោក មុង ប៊ុនលីម នាយខណ្ឌរដ្ឋបាលព្រៃឈើ ជាពិសេសនោះឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងចាត់វិធានការទៅលើមន្ត្រីមួយចំនួនរបស់ខ្លួន ដែលមហាជនបានរិះគន់ទៅនឹងការដឹកជញ្ជូនផលអនុផលព្រៃឈើគ្រប់ប្រភេទខាងលើ បើពុំដូច្នេះទេព្រៃឈើនៅក្នុងដែនជម្រកសត្វព្រៃបឹងពែរនិងរលាយនាពេលខាងមុខជាក់ជាងមិនខានឡើយ។
ជុំវិញការរិះគន់ពីមហាជននេះអង្គភាពសារព័ត៌មានយើងនៅមិនអាចសុំការបកស្រាយណាមួយពីសមត្ថកិច្ចពាក់ព័ន្ធបាននៅឡើយ៕ដោយ៖ស៊ាន វ៉ាននី