សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានបន្តអំពាវនាវដល់វិនិយោគិន ជប៉ុនមកវិនិយោគនៅកម្ពុជា ឲ្យបានកាន់តែច្រើនបន្ថែមទៀត ស្របពេលដែល កម្ពុជា-ជប៉ុន នឹងតម្លើងទំនាក់ទំនងពីដៃគូយុទ្ធសាស្ត្រ ទៅជាដៃគូយុទ្ធសាស្ត្រ គ្រប់ជ្រុងជ្រោយនៅឆ្នាំ២០២៣ខាងមុខនេះ។
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បាន បញ្ជាក់ថា ឆ្នាំក្រោយនេះ គឺជាឆ្នាំដ៏ពិសេសនៃទំនាក់ទំនងកម្ពុជា និងជប៉ុន ពោលគឺចំខួប៧០ឆ្នាំ នៃការបង្កើតទំនាក់ទំនងការទូតប្រទេសទាំងពីរ។ ពិសេស ការតម្លើងទំនាក់ទំនងពីដៃគូយុទ្ធសាស្ត្រ ទៅជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយនៅឆ្នាំ២០២៣ខាងមុខនេះ។ ក្នុងន័យនេះ សម្តេចតេជោ ហ៊ុន សែន បានបន្ត អំពាវនាវដល់វិនិយោគិនជប៉ុន មកបណ្តាក់ទុន និងវិនិយោគលើវិស័យនានា នៅកម្ពុជា ឲ្យកាន់តែច្រើនថែមទៀត ជាមួយនឹងការបើកទីផ្សារកាន់តែធំរវាង ប្រទេសទាំងពីរផងដែរ។ សម្តេតេជោ បានបង្ហាញនូវការពេញចិត្តជាខ្លាំងចំពោះ ទំនាក់ទំនងកិច្ចសហប្រតិបត្តិការទ្វេភាគីកម្ពុជា និងជប៉ុន និងពេញចិត្តចំពោះ ទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរ ដែលមានការកើនឡើងពីមួយឆ្នាំទៅមួយ ឆ្នាំ។
សូមជម្រាបថា តាមរបាយការណ៏របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បង្ហាញថា កម្ពុជា បានសម្រេចអនុម័តលើគម្រោងវិនិយោគរបស់ក្រុមហ៊ុនជប៉ុនចំនួន ១៤៨ គម្រោង ដែលមានទុនវិនិយោគសរុបប្រមាណ ២,៨៥ ប៊ីលានដុល្លារនេះ គិតត្រឹមខែកក្កដាឆ្នាំ ២០២២។ បើតាមក្រសួងពាណិជ្ជកម្មនៅក្នុងឆ្នាំ២០២១ ទំហំពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា-ជប៉ុនមានទឹកប្រាក់ប្រមាណជាង ១ ៧០០ លានដុល្លារក្នុងនោះកម្ពុជានាំចេញទៅជប៉ុនមានទឹកប្រាក់ប្រមាណជាង ១.០៩៣ លានដុល្លាអាមេរិក ខណៈដែលជប៉ុននាំចូលមកកម្ពុជាមានទឹកប្រាក់ប្រមាណជាង ៦០៧ លានដុល្លាមេរិក។ ការនាំចេញរបស់កម្ពុជាទៅកាន់ប្រទេសជប៉ុនមានផលិតផលដូចជាសម្លៀកបំពាក់ស្បែកជើងកាបូបនិងផលិតផលផ្សេងៗទៀត៕