ព័ត៌មានជាតិ

ថ្មីទៀតហើយ.! គេរកឃើញឯកសារខុសប្រក្រតីជាច្រើនទៀត ដែលជំទាវលី អ៊ុំអេង ប្រមូលមនុស្សមកធ្វើជាខែលបំភាន់យកដីគេ

សៀមរាប៖ នាពេលថ្មីៗនេះបន្ទាប់ពីមានការស្រាវជ្រាវល្អិតល្អន់គេបានរកឃើញឯកសារខុសប្រក្រតីជាច្រើន ដែល ជំ ទាវលី អ៊ុំអេង កំពុងប្រមូលមនុស្សមកធ្វើជាខែល ក្នុងការបំភាន់រំលោភយកដីគេ។
ក្នុងនោះដែរ លី អ៊ុំអេង អនុប្រធានសភាពាណិជ្ជកម្មសៀមរាប.ឧត្តរមានជ័យ ដែលអ្នកផងស្គាល់ថា ឈ្មួញដីដ៍ល្បី លើវិស័យជម្លោះរឿងដីធ្លី បានកំពុងនាំយកមនុស្សចំនួន២នាក់មកឈរធ្វើជាម្ចាស់ ដីដើមនៅភូមិរវៀងតាទុំ ឃុំរំចេក ស្រុកបន្ទាយស្រី ដែលបានលក់ដីទាំងនោះមកឲ្យខ្លួន។ បុគ្គលទាំង២ នាក់នោះ ម្នាក់ឈ្មោះ លឹម ជក់ និងម្នាក់ឈ្មោះ ញ៉ាវ ណុល ។
យោងឯកសារ ដែលអ្នកសារព័ត៌មានយើងទទួលបាន បង្ហាញថា តាមពាក្យស្នើសុំពាក្យកាន់កាប់ប្រើប្រាស់ដីធ្លី ចុះថ្ងៃទី ១៤ ខែ៥ ឆ្នាំ១៩៩៨ របស់ឈ្មោះ លឹម ជក់ គេបានរកឃើញនូវភាពមិនប្រក្រតីមួយចំនួនដូចជា៖
.កាលពីឆ្នាំ១៩៩៨ លឹម ជក់ មានអាយុត្រឹមតែ៣០ ឆ្នាំ ក្នុងពាក្យសុំនោះដែរ លឹម ជក់ បានបញ្ជាក់ថា ខ្លួនបានកាន់កាប់ដីទំហំ២៦០គុណនឹង២៥០(មានស្នាមកោសលុប) ចាប់ពីឆ្នាំ១៩៧៩ មកទល់បច្ចប្បន្ន។ បើពិនិត្យ លើពាក្យសុំនេះនៅឆ្នាំ១៩៧៩ លឹម ជក់ ទើប តែមានអាយុ១១ឆ្នាំប៉ុណ្ណោះ។ កាលពីថ្ងៃទី១៤កុម្ភៈឆ្នាំ២០២២ ជាថ្ងៃដែល លី អ៊ំអេង ដាក់ពាក្យប្តឹង អភិបាលស្រុកបន្ទាយស្រី លោកឃឹម ហ៊្វីណង់ ទៅតុលាការ ជំទាវលី អ៊ុំអេង បានដាក់អាយុ លឹម ជក់ ៦០ឆ្នាំ។
.ចំណែក ពាក្យស្នើសុំកាន់កាប់ប្រើប្រាស់ដីធ្លី ទំហំ ១៥០ គុណនឹង៣៥០ ចុះថ្ងៃទី១០ ខែ៤ ឆ្នាំ១៩៩៧ របស់ឈ្មោះ ញ៉ាវ ណុល ដែលលោកជំទាវលី អ៊ុំអេង អះអាងថា ជាម្ចាស់ដីដើមដែរនោះ គឺមានលក្ខណៈពីសទៅខ្មៅ។ កាលពីឆ្នាំ១៩៩៧ ញ៉ាវ ណុល មានអាយុ ២០ឆ្នាំ ដូច្នេះ នៅឆ្នាំ១៩៧៩ ញ៉ាវ ណុល មានអាយុត្រឹមតែ២ឆ្នាំប៉ុណ្ណោះ។ តែ នៅក្នុងពាក្យបណ្តឹងរបស់លោកជំទាវ ប្តឹងអភិបាលស្រុកបន្ទាយស្រី លោកឃឹម ហ្វីណង់ ដដែល ស្រាប់តែ លោកជំទាវ លីអ៊ំអេង ដាក់អាយុ ញ៉ាវ ណុល ដល់ទៅ៧០ឆ្នាំ។ បើគិតអាយុ ញ៉ាវ ណុល តាមឯកសារ ត្រឹមឆ្នាំ២០២២នេះ គាត់មានអាយុប្រមាណជាង៤០ឆ្នាំប៉ុណ្ណោះ។
.បើតាមឯកសារ បានបង្ហាញទៀតថា ក្រោយពេលដក.បូក.ជាក់លាក់ ម្នាក់ជាទារកទើបអាយុ០២ឆ្នាំ ឯម្នាក់ទៀតជា កុមារអាយុ១១ឆ្នាំ តែអាចចូលទៅកាន់កាប់ដីទំហំច្រើនហិកតាទុកលក់អោយជំទាវបណ្ឌិតលី អ៊ុំអេងបាន។ បើនិយាយអោយងាយស្តាប់បន្តិចទៀត ពួកគេម្នាក់មិន ទាន់បាត់ធំក្លិនទឹកដោះផង ឯម្នាក់ ទៀត ក៍មិនទាន់ដឹងខ្យល់អីស្រួលបួលផងដែរ។
.ចំណុចទាំងអស់នេះ មហាជនបានកោតសរសើរថា មានតែលោកជំទាវបណ្ឌិត ឧកញ៉ាលី អ៊ុំអេង ម្នាក់គត់ដែលធ្វើកើត។ ក្រៅពីនេះ ក៍នៅមានការសង្ស័យមួយ ចំនួនទៀត ពាក់ព័ន្ធការប្រើប្រាស់ឯកសារមិនប្រក្រតី។ នៅក្នុងចំណុច ឆ្នាំនៃការដាក់ពាក្យស្នើសុំកាន់កាប់ដីធ្លី របស់បុគ្គលទាំង២ខាងលើ គេសង្ស័យថា បានប្រើឯកសារក្លែងបន្លំ ដោយឯកសារទាំងនោះត្រូវបានគេប្រើនៅក្នុងទសវត្សឆ្នាំ២០០០ ដោយកែបន្លំដាក់ឆ្នាំ ១៩៩៧ និងឆ្នាំ១៩៩៨ ទៅវិញ។
.ទាំងនេះហើយដែលគេហៅថា ប្រមូលមនុស្សមកធ្វើជាខែលសម្រាប់បាំងបំភាន់ភ្នែក ទៅរំលោភយកដី គេរបស់ ជំទាវបណ្ឌិត ឧកញ៉ាលី អ៊ុំអេង។
ទោះជាបែបនេះ ម្ចាស់ដីកំពុងកាន់កាប់ រួមទាំងម្ចាស់ដើម បានទាមទារអោយឈ្មោះលី អ៊ុំអេង នាំយកអ្នកទាំង២ខាងលើដែលអះអាងថា ជាម្ចាស់ដើម ទៅតតាំងគ្នាអោយដឹងស.ខ្មៅ នៅសាលាស្រុកបន្ទាយស្រីតែបើមិនហ៊ាន សុំអោយដកខ្លួនចេញជាបន្ទាន់។
ចំពោះបុគ្គលសមីខ្លួនពាក់ព័ន្ធ អង្គភាព ថ្មីៗប៉ុស្តិ៍ TV onIine មិនអាចទាក់ទងបានទេចំពោះករណីខាងលើនេះ៕ដោយ៖ រី រិន

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *