ខេត្តសៀមរាប៖គ្រួសារលោក ង៉ែត ភារៈ កូនប្រុសបង្កើតរបស់លោក ង៉ែត ងឹម (អតីតមេភូមិដកពោធិ៍) សង្កាត់ស្លក្រាម ក្រុងសៀមរាប បានទទួលរងភាពអយុត្តិធម៌អស់រយៈពេលជាយូរឆ្នាំមកហើយ ពេលនេះកំពុងតែលើកដៃសំពះស្រែកដង្ហើយហៅសុំលោក នួន ពុទ្ធារ៉ា អភិបាលក្រុងសៀមរាប និងឯកឧត្តម ទៀ សីហា អភិបាលនៃគណៈអភិបាលខេត្តសៀមរាប មេត្តាជួយផ្តល់យុត្តិធម៌ជូនគ្រួសារពួកគាត់ផង ពាក់ព័ន្ធជាមួយដីមួយកន្លែងស្ថិតនៅក្រោយផ្សារលើធំថ្មី ក្នុងភូមិដកពោធិ៍ សង្កាត់ស្លក្រាម ក្រុងសៀមរាបដែលមានទំហំ ៤ម៉ែត្រគុណ១២ម៉ែត្រ។
កាលឆ្នាំ១៩៨៤ក្រោយភ្លើងឆេះផ្សារលើរួចមក លោក ឈាវ ថៃ មេភូមិដកពោធិ៍បានបែងចែកដីអោយពលរដ្ឋអស់ នៅសល់តែដីដែលមានទំហំ១២ម៉ែត្រគុណ១២.៥ម៉ែត្រ សម្រាប់ធ្វើស្នាក់ការភូមិដកពោធិ៍ដោយខាងកើតទុកជាផ្លូវ។
លុះក្នុងឆ្នាំ១៩៩៤លោក ពឹង ឃៀង បានយកដីផ្លូវខាងកើតនេះ សាងសងរោងលក់ថ្នាំពេទ្យ ហើយក៏មានទំនាស់ជាមួយមេភូមិ ព្រោះមេភូមិមិនអនុញ្ញាតិអោយសាងសង់ ហើយបានរាយការណ៍ជូនលោក ចៅ សែន អភិបាលស្រុកសៀមរាប នៅថ្ងៃដដែលនោះ។ លុះបន្ទាប់មកលោក ចៅ សែន បានបើកអង្គប្រជុំពាក់ព័ន្ធរឿងលោក ពឹង ឃៀង សាងសង់រោងលក់ថ្នាំពេទ្យលើដីផ្លូវខាងលើនេះ ដែលមានអ្នកចូលរួមដូចខាងក្រោម៖
១.លោក ចៅ សែន អភិបាលស្រុក ជាប្រធាន
២.លោក ហ៊ូ ស៊ាប ប្រធានការិយាល័យភូមិបាលស្រុក
៣.លោក ណុប វណ្ណ ប្រធានយុត្តិធម៌ស្រុក និងជាលេខាកត់ត្រា
៤.លោក រស់ ហេង ចៅសង្កាត់លេខ១
៥.លោក រស់ សុខ ប្រធានគ្រប់គ្រងផ្សារលើ
៦.លោក ឈាវ ថៃ មេភូមិដកពោធិ៍
៧.លោក ង៉ែត ងឹម អនុភូមិដកពោធិ៍
៨.លោកស្រី គឹម អូន ម្ចាស់សំណង់
ក្រោមកិច្ចប្រជុំខាងលើ លោក ចៅ សែន អភិបាលស្រុកសៀមរាប បានសម្រេចកាត់ដីដែលមានទំហំ ១២ម៉ែត្រគុណ១២.៥ម៉ែត្រ ជាបីចំណែកដូចខាងក្រោម៖
១.ដីទំហំ ៤ម×១២ម ប្រគល់អោយលោក ឈាវ ថៃ មេភូមិដកពោធិ៍ធ្វើលំនៅដ្ឋាន។
២.ដីទំហំ ៤ម×១២ម ប្រគល់អោយលោក ង៉ែត ងឹម អនុភូមិដកពោធិ៍ធ្វើលំនៅដ្ឋាន។
៣.ដីទំហំ ៤ម×១២.៥ម ទុកធ្វើជាផ្លូវ (តែអនុញ្ញាតិអោយលោក ពឹង ឃៀង ធ្វើរោងលក់ថ្នាំពេទ្យបណ្តោះអាសន្នសិន)។
ក្បាលដីលេខ ៤៣៧ ដែលលោក ង៉ែត ងឹម ទទួលបានស្ថិតក្នុងភូមិដកពោធិ៍ សង្កាត់ស្លក្រាម ក្រុងសៀមរាប មានព្រំប្រទល់ខាងជើងជាប់ទៅនឹងផ្លូវ ខាងត្បូងជាប់នឹងលូទឹកស្អុយ ខាងកើតជាប់នឹងផ្លូវ ខាងលិចជាប់ក្បាលដីលេខ ៦៨០ (ដីលោកឈាវថៃមេភូមិដកពោធិ៍)។
ជាក់ស្តែងនៅពេលបច្ចុប្បន្ននេះលោក ពឹង ឃៀង អ្នកសង់រោងលក់ថ្នាំពេទ្យលើដីផ្លូវបានកំពុងសាងសង់សំណង់ថ្មយ៉ាងស្គឹមស្គៃលើដីផ្លូវដោយខុសច្បាប់និងគ្មានច្បាប់អនុញ្ញាត តែអកុសល្យលោក ង៉ែត ភារៈ កូនប្រុសបង្កើតរបស់លោក ង៉ែត ងឹម ដែលមានដីមានប្លង់កម្មសិទ្ធត្រឹមត្រូវមិនអាចសាងសង់លំនៅដ្ឋានបាន ព្រោះសង្ស័យថាពួកក្រុមលោភលន់ នាំគ្នាបង្វិលយកដីរបស់គាត់ធ្វើជាផ្លូវវិញ។
លោក ង៉ែត ភារៈ និងម្តាយដែលមានវ័យចំនាស់ បានលើកម្រាមដៃដប់សំពះ និងទទូចសុំអង្វរលោក នួន ពុទ្ធារ៉ា អភិបាលក្រុងសៀមរាប និងឯកឧត្តម ទៀ សីហា អភិបាលនៃគណៈអភិបាលខេត្តសៀមរាប មេត្តាស៊ើបអង្កេតពីប្រវត្តិដីខាងលើនេះ ដើម្បីផ្តល់ភាពយុត្តិធម៌ជូនពួកគាត់ផង។ ជុំវិញព័ត៌មានខាងលើនេះអង្គភាពសារព័ត៌មានយើងនៅមិនអាចសុំការបកស្រាយបំភ្លឺពីម្ចាស់សាងសង់សំណង់និងសមត្ថកិច្ចអាជ្ញាធរពាក់ព័ន្ធបាននៅឡើយ៕អត្ថបទនិងរូបភាពដោយ៖ស៊ាន វ៉ាន់នី (កែសម្រួលដោយ រី រិន)
ទំនាក់ទំនងផ្ដល់ពត៌មានទាន់ហេតុការណ៍ 097 929 4499 , 099 841 661