ព័ត៌មានជាតិ

រយៈពេល៧ខែ ឆ្នាំ២០២២ ខេត្តសៀមរាបទទួលភ្ញៀវទេសចរអន្តរជាតិជាង៨ម៉ឺននាក់ ក្នុងចំណោមភ្ញៀវសរុបជាង១លាននាក់

(ភ្នំពេញ)៖ រយៈពេល៧ខែ ក្នុងឆ្នាំ២០២២នេះ ខេត្តសៀមរាបទាំងមូលទទួលបានភ្ញៀវទេសចរសរុបចំនួន១,២៤២,៨៥៤នាក់ កើនឡើង៨៩០.១៧% បើប្រៀបធៀបរយៈពេលដូចគ្នា កាលពីឆ្នាំ២០២១ ក្នុងនោះមានភ្ញៀវទេសចរជាតិចំនួន១,១៥៩,០០០នាក់ និងភ្ញៀវទេសចរអន្តរជាតិចំនួន៨៣,៨៥៤នាក់។

ឯកឧត្តម បណ្ឌិតថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍បានបញ្ជាក់ថា ភ្ញៀវទេសចរ ដែលចូលមកកម្សាន្តក្នុងខេត្តសៀមរាបក្នុងរយៈពេល៧ខែ ឆ្នាំ២០២២នេះ គឺមានចំនួន១,២៤២,៨៥៤នាក់ កើនឡើង ៨៩០.១៧% បើធៀបរយៈពេលដូចគ្នា កាលពីឆ្នាំ២០២១ (ចំនួន១២៥,៥១៩នាក់) ដែលក្នុងនោះភ្ញៀវទេសចរជាតិមានចំនួន១,១៥៩,០០០នាក់ កើនឡើង៧៩៨.៤៦% និងភ្ញៀវទេសចរអន្តរជាតិមានចំនួន៨៣,៨៥៤នាក់ កើនឡើង១៣៥១.៧៧%។

ឯកឧត្តមបានបន្តទៀតថា ក្នុងរយៈពេល៧ខែឆ្នាំ២០២២ដូចគ្នានេះដែរ ជើងហោះហើរក្រៅប្រទេស ដែលចូលមកកាន់ខេត្តសៀមរាបមានចំនួន៥៥០ជើង និងមានអ្នកដំណើរសរុបចំនួន៤៨,៧៦៥នាក់ ក្នុងនោះក្រុមហ៊ុន Singapore Airline (សិង្ហបុរី-សៀមរាប) ក្រុមហ៊ុន Air Asia (គូឡាឡាំពួរ-សៀមរាប និងបាងកក-សៀមរាប) ក្រុមហ៊ុន Cambodia Angkor Air (ហូជីមីញ-សៀមរាប និងដាណាង-សៀមរាប) ក្រុមហ៊ុន Vietnam Airline (ហូជីមីញ-សៀមរាប) ក្រុមហ៊ុន Thai Smile (បាងកក-សៀមរាប) ក្រុមហ៊ុន China Eastern (គួនមីង-សៀមរាប) ក្រុមហ៊ុន Bangkok Air (បាងកក-សៀមរាប) ក្រុមហ៊ុន Air Iceland (កោះហ្កាំ-សៀមរាប)។

ឯកឧត្តមរដ្ឋមន្ត្រី ក៏បានបញ្ជាក់ផងដែរ ពីជើងហោះហើរក្នុងស្រុក មានក្រុមហ៊ុន Cambodia Angkor Air ភ្នំពេញ-សៀមរាប មានចំនួន១៤៥ជើង និងកំពង់សោម-សៀមរាប មានចំនួន១៣ជើង។ ក្រៅពីនោះមានក្រុមហ៊ុន Cambodia Airway ភ្នំពេញ-សៀមរាប) មានចំនួន៣ជើង។

យោងតាមស្ថិតិខាងលើនេះ បានបង្ហាញថា ភ្ញៀវទេសចរអន្តរជាតិចូលមកខេត្តសៀមរាប តាមផ្លូវអាកាសមានប្រមាណជា៧០%នៃចំនួនភ្ញៀវអន្តរជាតិសរុប។ មកដល់ពេលនេះ មានការហោះហើរ៧-៨ជើងក្នុងមួយថ្ងៃ មានអ្នកដំណើរជាមធ្យមពី៧០០-៨០០នាក់ក្នុងមួយថ្ងៃ៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *