ព័ត៌មានជាតិ

ក្នុងរយៈពេល១ខែកម្ភៈឆ្នាំ២០២២នេះ ភ្ញៀវទេសចរណ៍ជាតិ មកលេងក្នុងខេត្តសៀមរាបមានការថយចុះ ខណៈភ្ញៀវទេសចរណ៍បរទេសផ្ទៃក្នុងមានការកើនឡើង

តាមរបាយការណ៍របស់មន្ទីរទេសចរណ៍ខេត្តសៀមរាប បានឲ្យដឹងថា ក្នុងរយៈពេល១ខែ ដោយចាប់ពីថ្ងៃទី២១ ខែមករា រហូតដល់ថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២២នេះ មានភ្ញៀវទេសចរណ៍ជាតិ-អន្តរជាតិ បានចូលមកទស្សនាខេត្តសៀមរាប មានសរុបចំនួន ៨៤.៥៣២នាក់ ថយចុះចំនួន ៤២,៣៦ភាគរយបើប្រៀបធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២១ មានចំនួន ១២០.៣៤៦នាក់ ។

របាយការណ៍ដដែលបានឲ្យដឹងទៀតថា ក្នុងចំណោមភ្ញៀវទេសចរណ៍ទាំងអស់នោះ មានភ្ញៀវទេសចរជាតិចំនួន៧៧.០០០នាក់ ថយចុះចំនួន ៥១,៩៥ភាគរយ បើប្រៀបធៀបរយៈពេលដូចគ្នាក្នុងឆ្នាំ២០២១ ដែលមានចំនួន១១៧.០០០នាក់ និង ថយចុះចំនួន១២៧,២៧ភាគរយ បើប្រៀបធៀបនឹងខែមករាឆ្នាំ២០២២ ដែលមានចំនួន១៧៥.០០០នាក់ ខណៈ ភ្ញៀវទេសចរណ៍បរទេសក្នុងស្រុកមានចំនួន ៧.៥៣២នាក់ មានការកើនឡើង ១២៥,១០ភាគរយ បើប្រៀបធៀបរយៈពេលដូចគ្នាក្នុងឆ្នាំ២០២១ ដែលមានចំនួន ៣.៣៤៦នាក់ និងមានការកើនឡើង ១៩៧,៤៧ភាគរយ បើប្រៀបធៀបនឹងខែមករា ឆ្នាំ២០២២ ដែលមានចំនួន ២.៥៣២ នាក់ ។

សូមរំឮកថា តាំងពីមានការរាតត្បាតខ្លាំងនៃវីរុសកូវីដ-១៩ ចូលក្នុងសហគមន៍មក បានធ្វើឲ្យសេវាកម្មទេសចរណ៍មួយចំនួនត្រូវបានបិទអាជីវកម្ម និង មួយចំនួនទៀតត្រូវបានផ្អាក ក្នុងនោះរួមមាន ៖ ផ្នែកសណ្ឋាគារ មានចំនួន១៨កន្លែងត្រូវបានបិទ , ផ្អាកអាជីវកម្មចំនួន ១៦៨កន្លែង និង កំពុងដំណើរការចំនួន ៤៤កន្លែង ក្នុងចំណោមសណ្ឋាគារដែលមានសរុបចំនួន ២២៨កន្លែង , ផ្ទះសំណាក់ បានបិទអាជីវកម្មចំនួន ១០៧ កន្លែង , ផ្អាកមានចំនួន ៧៨ កន្លែង និង កំពុងដំណើរការមានចំនួន ៧៦ កន្លែង ក្នុងចំណោមផ្ទះសំណាក់ដែលមានសរុបចំនួន៖ ២៨៣ កន្លែង និង ភោជនីយដ្ឋាន បានបិទអាជីវកម្មមានចំនួន ១០៩ កន្លែង , ផ្អាកមានចំនួន ១០០ កន្លែង និង កំពុងដំណើរការមានចំនួន ៥២ កន្លែង ក្នុងចំណោមភោជនីយដ្ឋាន ដែលមានសរុបចំនួន ២៦១កន្លែង ៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *