ព័ត៌មានជាតិ

អ្នកអង្គម្ចាស់ ស៊ីសុវត្ថិ សិទ្ធិដែន ត្រូវបានតែងតាំងជាឧត្ដមប្រឹក្សាផ្ទាល់ សម្តេចព្រះអគ្គមហាសង្ឃរាជាធិបតីកិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស សម្តេចព្រះមហាសង្ឃរាជ នៃព្រះរាជាណាចក្រកម្ពុជា ខណៈឯកឧត្ដមវេជ្ជបណ្ឌិត ប៉ោយ ឈិនឡុង ទទួលគោរមងារជាទីប្រឹក្សា…

នៅរសៀលថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២២នេះ អ្នកអង្គម្ចាស់ ស៊ីសុវត្ថិ សិទ្ធិដែន ត្រូវបានតែងតាំងជាឧត្ដមប្រឹក្សាផ្ទាល់ សម្តេចព្រះអគ្គមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត សម្តេចព្រះមហាសង្ឃរាជ នៃព្រះរាជាណាចក្រកម្ពុជា ចំណែកឯកឧត្ដមវេជ្ជបណ្ឌិត ប៉ោយឈិនឡុងត្រូវបានតែងតាំងជាទីប្រឹក្សាផ្ទាល់សម្តេចព្រះអគ្គមហាសង្ឃរាជផងដែរុំ

នៅក្នុងឱកាសដ៏មហានក្ខត្តឬក្សឧត្តុងឧត្តមថ្លៃថ្លាប្រកបដោយសទ្ធាជ្រះថ្លា និងក្តីសោមនស្សរីករាយក្រៃលែងក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចព្រះអគ្គមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត សម្តេចព្រះមហាសង្ឃរាជ នៃព្រះរាជាណាចក្រកម្ពុជា ព្រះអង្គបានប្រទាននូវព្រះឱវាទដល់អ្នកអង្គម្ចាស់ ស៊ីសុវត្ថិ សិទ្ធិដែន និង ឯកឧត្តម លោកជំទាវ

ក៏ដូចជាសិស្សគណ និងពុទ្ធបរិស័ទ អោយចូលរួមជួយជ្រំជ្រេងតម្កុំតម្កើងដើរតាមលំអានព្រះពុទ្ធសាសនា ដើម្បីបានជាប្រយោជន៍ សេចក្តីសុខ សេចក្តីចម្រើន ដល់ខ្លួនយើងផង ដល់សង្គមជាតិផង និងកូនចៅខ្មែរតទៅអនាគតផង។

នាឱកាសនោះដែរ អ្នកអង្គម្ចាស់ ស៊ីសុវត្ថិ សិទ្ធិដែន សព្វព្រះទ័យជ្រះថ្លា និងសោមនស្សរីករាយយ៉ាងក្រៃលែងចំពោះវត្តមានព្រះសង្ឃ លោកអាចា្យ គណៈកម្មការ ឯកឧត្ដម លោកជំទាវ និងប្រជាពុទ្ធបរិស័ទបានរួមសាមគ្គីគ្នាធ្វើបុណ្យធ្វើទាន ជាពិសេស អ្នកអង្គម្ចាស់ សព្វព្រះទ័យជ្រះថ្លា និងសោមនស្សរីករាយយ៉ាងពន់ពេក

ចំពោះទឹកព្រះទ័យដ៏បវរថ្លៃថ្លារបស់សម្តេចព្រះអគ្គមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត សម្តេចព្រះមហាសង្ឃរាជ នៃព្រះរាជាណាចក្រកម្ពុជា ហើយបានថ្វាយប្រគេនគ្រឿងឧបភោគ បរិភោគ និងចតុបច្ច័យមួយចំនួនផងដែរ។

តាងនាម អ្នកអង្គ ម្ចាស់ ស៊ីសុវត្ថិ សិទ្ធិដែន ជាពុទ្ធសាសនូបត្ថម្ភក៏មួយរូប សូមឧទ្ទិសមហាបុណ្យកុសលថ្វាយចំពោះព្រះរាជវិញ្ញាណក្ខន្ធអតីតព្រះមហាក្សត្រ ព្រះមហាក្សត្រិយានី ព្រះញាតិវង្សានុវង្សគ្រប់ព្រះអង្គ សូមព្រះរាជវិញ្ញាណក្ខន្ធព្រះអង្គបានយាងទៅកាន់ស្ថានសួគ៌សោយសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ និងសូមលើកហត្ថាប្រណម្យបួងសួងដល់គុណបុណ្យព្រះរតនត្រៃគុណកែវទាំងបី ឬទ្ធីបារមីខ្លាំងខ្លា វត្ថុស័ក្តិសិទ្ធិទាំងឡាយក្នុងលោក ទេវតាថែរក្សាព្រះមហានគរ សូមអោយប្រជានុរាស្ត្រគ្រប់រូបសមប្រកបតែនឹងសេចក្តីសុខ សេចក្តីចម្រើន រុងរឿង រួចចាកផុតពីរោគាព្យាធិ ឬ អន្តរាយផ្សេងៗ ដោយអានុភាពនៃគុណបុណ្យបុព្វបុរស និង ទេវតា ទាំងពួងសូមជួយថែរក្សាការពារ អភិបាលប្រោះព្រំ បវរសួស្ដីសិរីមង្គល វិបុលសុខ មហាប្រសើគ្រប់ប្រការកើតមានដល់បងប្អូនប្រជានុរាស្ត្រខ្មែរគ្រប់ស្រទាប់វណ្ណ: រកទទួលទានមានបានគ្រប់ក្រុមគ្រួសារ។

ជាទីបញ្ចប់: អ្នកអង្គម្ចាស់ ស៊ីសុវត្ថិ សិទ្ធិដែន សូមអោយប្រជាពុទ្ធបរិស័ទទាំងអស់ សូមមានសាមគ្គីភាព ភាតរភាព ចេះជួយគ្នាទៅវិញទៅមក រួមកម្លាំងគ្នាជាធ្លុងមួយដើម្បីចូលរួមជួយថែរក្សាការពារ ព្រះពុទ្ធសាសនា កេរតំណែលបុព្វបុរសដូនតា និងកសាងមហានគរដ៏បវរមួយនេះអោយបានរុងរឿង ឋិតថេរចេកាលជានិច្ចនិរន្តរន៍តទៅ៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *