ព័ត៌មានជាតិ

ពលរដ្ឋ៧៦ គ្រួសារដង្ហើយហៅសូមកិច្ចអន្តរាគមន៍ ពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ខណៈពួកគាត់កំពុងរងការគំរាមគំហែងក្នុងរឿងដីធ្លី ពីសំណាក់អ្នកមានលុយមានអំណាច

បាត់ដំបង៖ ប្រជាពលរដ្ឋ៧៦ គ្រួសាររស់នៅភូមិព្រៃព្រាល ឃុំតាគ្រាមស្រុកបាណន់ខេត្តបាត់ដំបង កំពុងរងការគំរាមកំហែងនិងប្រឈមក្នុងការបាត់បង់ដីធ្លីដែលជាដីធ្លាប់អាស្រ័យផលអស់រយៈពេល២៤ ឆ្នាំមកហើយ តែពេលនេះត្រូវរងការគំរាមគំហែងពីសំណាក់លោកថៅកែអ្នកមានលុយម្នាក់ឈ្មោះជា សារ៉ាន់

ហ្នឹងក្រុមបក្សពួកនៅមូលដ្ឋាន ដែលមានឈ្មោះ ក្តិប លិស តួនាទីជាលេខាភូមិព្រៃព្រាល និងឈ្មោះ ស្នា ទូនាទីជាមេបញ្ជាការរងកងរាជអាវុធហត្ថស្រុកបាណន់ (អ្នកទាំងពីរគឺជាអ្នកមើលការខុសត្រូវលើដីធ្លីនិងប្រមូលទិញដីឲ្យលោកជា សារ៉ាន់)។

ប្រជាពលរដ្ឋបានបន្តថា បច្ចុប្បន្នពូគាត់កំពុងរងការគំរាមកំហែងគ្រប់រូបភាពពីសំណាក់ឈ្មោះស្នានិងឈ្មោះក្តិប លិស អ្នកទាំងពីរគឺជាមេការមើលការខុសត្រូវនិងជាអ្នកប្រមូលទិញដីឲ្យទៅថៅកែឈ្មោះជាសារ៉ាន់។ ពលរដ្ឋបន្តថាលោក ស្នា និង លោក ក្តិប លិស បានអោយតំលៃម្តង ១៤០០ដុល្លាម្តង១០០០ ម្តង៥០០ដុល្លា ហើយគំរាមថា ប្រសិនបើពួកគាត់មិនព្រមលក់ដីនោះឲ្យទៅ ថៅកែជា សារ៉ាន់ ក្នុងតំលៃនោះទេពួកគាត់នឹងត្រូវបាត់បង់ដីទាំងស្រុង ហើយត្រូវរងការបណ្ដឹងទៅតុលាការម្ដងម្នាក់ ម្ដងម្នាក់ ពីសំណាក់បុគ្គលទាំងពីរនាក់នេះ។

ព្រោះកន្លងមកគឺពួកគេនិយាយហើយគេធ្វើបាន ពោលគឺគេបានដាក់ប្ដឹងឈ្មោះង៉ែត ចន្ថា ដែលជាប្រជាពលរដ្ឋស្លូតត្រង់នៅក្នុងរឿងទំនាស់ដីធ្លីនេះ ទៅតុលាការរួចស្រេចទៅហើយ។ អ្វីដែលជាការហួសចិត្តរបស់ក្រុមគ្រួសារលោកង៉ែត ចន្ថា ក៏ដូចជាប្រជាពលរដ្ឋ៧៦គ្រួសារនោះគឺ ខាងតុលាការខេត្តបាត់ដំបងបានកោះហៅលោកង៉ែត ចន្ថា ឱ្យចូលខ្លួនទៅបំភ្លឺក្នុងដំណើររឿងដីនេះ តែលោកពុំបានទៅទេព្រោះលោកមានជំងឺ រួចក៏ឱ្យប្រពន្ធទៅជំនួស តែទៅដល់តុលាការខេត្តបាត់ដំបងពុំបានស៊ូនាំអ្វីពាក់ពន្ធ័អំពីរឿងដីធ្លីនោះទេ គឺគ្រាន់តែប្រាប់ទៅកាន់លោកស្រីជាប្រពន្ធគាត់វិញថាប្រយ័ត្នជាប់គុក ចូរលក់ដីទាំងនោះឱ្យគេទៅព្រោះគេមានលុយ។

(អយុត្តិធម៌ណាស់សម្រាប់រាស្ត្រក្រីក្រនិងស្លូតត្រង់)

ប្រជាពលរដ្ឋទាំងអស់បានលើកឡើងថា ដីទាំងនោះគឺពួកគាត់បានមកអំពីការបែងចែកដីរបស់សមាគម យោធាពិការ ស្ត្រីមេម៉ាយនិងកុមារកំព្រា ដែលសមាគមនេះបង្កើតឡើងដោយស្របច្បាប់ទទួលស្គាល់ដោយអង្គព្រះមហាក្សត្រនិងសម្ដេចតេជោ ហ៊ុនសែន ចាប់តាំងពីឆ្នាំ 2000 មកម្ល៉េះ ដោយគិតមកដល់បច្ចុប្បន្នគឺពួកគាត់បានកាន់កាប់អាស្រ័យផលលើដីនោះអស់រយៈពេល២៤ឆ្នាំមកហើយ មិនគួរណាតុលាការលោកមិនមានសុភវិនិច្ឆ័យ និងយុត្តិធម៌សម្រាប់ពួកគាត់បែបនេះទៅវិញ! ប្រជាពលរដ្ឋសុំណូមពរទៅដល់ឯកឧត្តមប្រធានសាលាដំបូងខេត្តបាត់ដំបងសូមឯកឧត្តមមេត្តា ផ្តល់យុត្តិធម៌ជូនដល់ពួកគាត់ផង។

លោក ស្នា ដែលជាមេបញ្ជាការរងកងរាជអាវុធហត្តស្រុកបាណន់ បានធ្វើការច្រានចោលទាំងស្រុកចំពោះបញ្ហាដែលប្រជាពលរដ្ឋចោតថាលោកធ្វើជាមេការឲ្យលោកជា សារ៉ាន់ ញ្រោះលោកគ្រាន់តែបញ្ជាក់ប្រាប់ថាពេលដែលលោកជា សារ៉ាន់ត្រូវការប្រើលោកម្ដងម្កាលឲ្យចុះទៅមើលដីនោះគាត់ក៍ទៅ គ្រាន់និងបានសាហុយ 10 ម៉ឺនឬ 20 ម៉ឺនគ្រាន់និងចាក់សាំងឡានតែប៉ុណ្ណោះ ពុំមានពាក់ព័ន្ធនឹងការគំរាមកំហែងប្រមូលទិញដីជូនលោក ជាសារ៉ាន នោះទេចំពោះបញ្ហាថាលោកដែលជាមេការឲ្យលោកថៅកែជា សារ៉ាន់ ក៍មិនពិតដែរ ហើយលោកក៏គ្មានសិទ្ធិអ្វីទៅគំរាមកំហែងដល់បងប្អូនប្រជាពលរដ្ឋទាំងនោះដែរ ពោលគឺលោកមានតែចិត្តអាណិតអាសូរទៅកាន់ពួកគាត់តែប៉ុណ្ណោះ ។

រីឯតម្លៃថ្លៃថ្នូរដីធ្លីនោះវិញគឺអាស្រ័យទៅលើលោកជាសារ៉ាន់ជាអ្នកកំណត់តម្លៃ គឺមិនមែនលោកជាអ្នកកំណត់នោះទេ។

ប្រជាពលរដ្ឋ ៧៦គ្រួសារសូមអំពាវនាវយ៉ាងទទូច ចំពោះសម្ដេចពុកតេជោ ហ៊ុន សែន និងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដ៏ខ្ពង់ខ្ពស់បំផុតសូមសម្ដេចទាំងធ្វេមេត្តាជួយអន្តរាគមន៍ និងដោះស្រាយជួយដល់ប្រជាពលរដ្ឋទាំង៧៦គ្រួសារនេះផង ត្បិតអីពេលនេះប្រជាពលរដ្ឋកំពុងតែរងការគំរាមកំហែង បាត់បង់ដីធ្លី និងប្តឹងទៅតុលាការពីសំណាក់បុគ្គលឈ្មោះស្នា និងឈ្មោះក្តិប លិស ដែលម្នាក់ជាមន្ត្រីប៉េអឹមផង និងម្នាក់ជាលេខាភូមិព្រៃព្រាលផង បើពុំនោះទេប្រជាពលរដ្ឋជាកូនចៅនិងប្រឈមក្នុងការបាត់បង់ដីធ្លីនិងគ្មានអ្វីអាស្រ័យផលដើម្បីចិញ្ចឹមជីវិតក្រុមគ្រួសារតទៅទៀតនោះទេ៕

ចំណែកអ្នកដាំពាក្យសាលាដំបូងខេត្តបាត់ដំបងនិងភាគីដែលពាក់ព័ន្ធក្នុងរឿងដីធ្លីខាងលើអង្គភាព ថ្មីៗប៉ុស្តិ៍ នៅមិនអាចសុំការបកស្រាយបំភ្លឺបាននៅឡើយ អង្គភាពយើងស្វាគមន៍រាល់ការបកស្រាយបំភ្លឺរៀងរាល់ម៉ោងធ្វើការ។

 

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *