
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងឯកឧត្តមតំណាង រាស្ត្រ ហ្គ្រឺហ្គូរី មីក (Gregory W. Meeks) ប្រធានគណៈកម្មាធិការកិច្ចការបរទេសនៃសភាតំណាងរាស្រ្តសហរដ្ឋអាមេរិក បានប្តេជ្ញាពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ អោយកាន់តែស៊ីជម្រៅថែមទៀត។

នាជំនួបជាមួយសម្តេចតជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី កាលពីម្សិលម៉ិញ ឯកឧត្តមតំណាងរាស្ត្រ ហ្គ្រឺហ្គូរី មីក ប្រធានគណៈកម្មាធិការកិច្ចការបរទេសនៃសភាតំណាងរាស្រ្តសហរដ្ឋអាមេរិក បានវាយតម្លៃខ្ពស់ចំពោះកម្ពុជា បានកោតសរសើរសម្តេចតេជោ ចំពោះភាពជាអ្នកដឹកនាំរបស់សម្តេច ក្នុងឋានៈជានាយករដ្ឋមន្ត្រីនៃប្រទេសកម្ពុជា និងជាប្រធានអាស៊ាន ឆ្នាំ២០២២ ផងដែរ។ សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន និងឯកឧត្ដមតំណាងរាស្ត្រ ហ្គ្រឺហ្គូរី មីក បានសម្តែងនូវ សេចក្តីពេញចិត្តចំពោះការវិវត្តនៃទំនាក់ទំនងកម្ពុជា-សហរដ្ឋអាមេរិក ព្រមទាំងបានពិភាក្សា និងមានទស្សនៈដូចគ្នា ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគីបន្ថែមទៀត។ ឯកឧត្ដមតំណាងរាស្ត្រ បានអះអាងជូនសម្តេចតេជោថា សហរដ្ឋអាមេរិកចាត់ទុកសម្តេចជា «មិត្ត» ហើយនឹងធ្វើការយ៉ាងជិតស្និទ្ធជាមួយសម្ដេច។ សម្តេចតេជោ បានគូសបញ្ជាក់ថា ទំនាក់ទំនង កម្ពុជា-សហរដ្ឋ អាមេរិក នាពេលបច្ចុប្បន្ន មានភាពល្អប្រសើរជាងពេលណាៗទាំងអស់ ចាប់តាំងពីការបង្កើតទំនាក់ទំនងការទូតកាលពី ៧២ឆ្នាំមុន ហើយថា ប្រទេសទាំងពីរនឹងក្លាយជាដៃគូនាពេលអនាគត។
សម្ដេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន បានជម្រាប ឯក ឧត្ដមតំណាង រាស្ត្រ ហ្គ្រឺហ្គូរី មីក អំពីដំណើរការ ប្រជាធិប តេយ្យនៅកម្ពុជា ជាពិសេស ការរៀបចំការបោះឆ្នោតឃុំ- សង្កាត់ ដោយសេរី និងយុត្តិធម៌ នៅខែមិថុនា កន្លងមកនេះ និងការត្រៀមរៀបចំរបស់កម្ពុជា និងគណបក្សនយោ បាយនានា សម្រាប់ការបោះឆ្នោតជាតិនាពេលខាងមុខ។ ឆ្លើយតបនឹងកង្វល់របស់សហរដ្ឋអាមេរិកទាក់ទងនឹងមូលដ្ឋានកង ទ័ពជើងទឹករាម សម្តេចតេជោនាយករដ្ឋមន្ត្រី បានអះអាងបញ្ជាក់ជាថ្មីពីជំហរម៉ឺងម៉ាត់របស់កម្ពុជា មិនអនុញ្ញាតឱ្យមានវត្តមានមូលដ្ឋានយោធាបរទេសណាមួយនៅលើទឹកដីកម្ពុជា ដូចដែលត្រូវបានហាមឃាត់ដោយរដ្ឋធម្មនុញ្ញ និងបានធានាអំពីតម្លាភាពក្នុងការប្រើប្រាស់កំពង់ផែនេះ ផងដែរ៕





