មណ្ឌលគិរី៖ ផ្លូវជាតិលេខ៧៦ តភ្ជាប់ពីស្រុកស្នួលខេត្តក្រចេះ ឆ្ពោះមកខេត្តមណ្ឌលគិរី ត្រង់ចំណុចបាក់ស្រុតកាលពីប៉ុន្មានថ្ងៃមុន អាចធ្វើដំណើរឆ្លងកាត់បានហើយ ខណៈមន្ត្រីជំនាញកំពុងប្រើប្រាស់គ្រឿងចក្រជាច្រើនគ្រឿង សម្រុកឈូសឆាយផ្លូវវៀងឲ្យឆាប់រួចរាល់ ។
ឯកឧត្ដម ថង សាវុន អភិបាលខេត្តមណ្ឌលគិរី បានជូនដំណឹងលើបណ្ដាញសង្គម នាយប់ថ្ងៃទី០៦សីហានេះថា សាធារណៈជន និងភ្ញៀវទេសចរជាតិ អន្តរជាតិ ដែលមកលេងកំសាន្តនៅខេត្តមណ្ឌលគិរី អាចធ្វើចរាចរណ៍តាមផ្លូវវាង នៅចំណុចអូរងើយបានហើយ បន្ទាប់ពីក្រុមការងារមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តមណ្ឌលគិរី បានយកចិត្តទុកដាក់ ឈូសឆាយផ្លូវវាងថ្មី ជូនដល់ប្រជាពលរដ្ឋប្រើប្រាស់ជាបណ្តោះអាសន្ន។
លោក រស់ គីមធន ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត បានឲ្យដឹងថា ផ្លូវជាតិលេខ៧៦ ដែលតភ្ជាប់ពីស្រុកស្នួល ខេត្តក្រចេះ ឆ្ពោះមកខេត្តមណ្ឌលគិរី ត្រង់ចំណុចបាក់ស្រុត អូរងើយ ក្នុងភូមិសាស្រ្តស្រុកអូររាំង កាលពីប៉ុន្មានថ្ងៃមុន រហូតមកដល់វេលាម៉ោង៦ល្ងាច ថ្ងៃទី០៦ ខែសីហានេះ ក្រុមការងារជំនាញ បានឈូសឆាយផ្លូវវាងរួចរាល់ជាបណ្តោះអាសន្ន ដែលអាចឲ្យរថយន្តឆ្លងកាត់បានហើយ។ លោក បញ្ជាក់ថា ផ្លូវវាង ដែលកំពុងស្ថាបនា មានប្រវែងប្រមាណ ១០០០ម៉ែត្រ នឹងរៀបចំចាក់ថ្មម៉ិចកិនបង្ហាប់ អាចស្ថាបនារួចរាល់ទាំងស្រុង នាពេលខាងមុខនេះ។
គួររម្លឹកដែរថា នៅលើដងផ្លូវជាតិលេខ៧៦ ចន្លោះគីឡូម៉ែត្រលេខ៩១ ដល់គីឡូម៉ែត្រ៩៩ ក្នុងភូមិអណ្ដូងក្រឡឺង ឃុំសែនមនោរម្យ ស្រុកអូររាំង ខេត្តមណ្ឌលគិរី កាលពីល្ងាចថ្ងៃទី០១ ខែសីហា ឆ្នាំ២០២៣ បានកើតមានព្រឹត្តិការណ៍ដ៏តក់ស្លុត គឺការបាក់ស្រុតដីលើដងផ្លូវធ្លាក់ចូលទៅក្នុងជ្រោះខាងក្រោម បង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ប៉ុន្តែសំណាងល្អណាស់ដែលមន្ត្រីជំនាញខេត្តមណ្ឌលគិរីបានរកឃើញស្នាមប្រេះលើដងផ្លូវមុនការបាក់ស្រុត ហើយឯកឧត្ដមអភិបាលខេត្តមណ្ឌលគិរីបានបញ្ជាឲ្យបិទផ្អាកចរាចរណ៍ឆ្លងកាត់បន្ទាន់ ទើបប៉ុន្មានម៉ោងក្រោយមកក្នុងហេតុការណ៍បាក់ស្រុតផ្លូវ មិនមានបណ្ដាលឲ្យគ្រោះថ្នាក់ដល់អ្នកដំណើរនោះទេ ។
ក្រោយពេលមានការបាក់ស្រុតផ្លូវលើកំណាត់ផ្លូវជាតិលេខ៧៦ ឆ្ពោះមកទីរួមខេត្តមណ្ឌលគិរី ពិតជាមានការលំបាកខ្លាំងណាស់ដែរ សម្រាប់ប្រជាពលរដ្ឋ ក៏ដូចជាភ្ញៀវទេសចរ ពិសេសការដឹកជញ្ជូនទំនិញផ្សេងៗមកកាន់ខេត្តមណ្ឌលគិរី ពីព្រោះត្រូវធ្វើដំណើរវៀងផ្លូវឆ្ងាយគួរសម ដោយធម្មតាពីភ្នំពេញមកខេត្តមណ្ឌលគិរី ធ្វើដំណើរជាង៣០០គីឡូម៉ែត្រ ប៉ុន្តែក្រោយមានការបាក់ស្រុតផ្លូវ អ្នកដំណើរត្រូវវាងតាមខេត្តស្ទឹងត្រែង រតនគិរី ទើបឆ្ពោះមកខេត្តមណ្ឌលគិរី ដោយមានចម្ងាយផ្លូវសរុបខ្ទង់៧០០ គីឡូម៉ែត្រ ៕