ព័ត៌មានជាតិ

អាជ្ញាធរស្រុកជីក្រែងចុះពិនិត្យដីព្រៃដែលពលរដ្ឋធ្វើគម្រោងស្នើសុំទុកជាដីសហគមន៍ក្រោយពីទទួលដំណឹងថាមានការទន្ទ្រាន

ខេត្តសៀមរាប៖កាលពីថ្ងៃទី០៤ ខែ សីហា ឆ្នាំ ២០២៣ លោក ម៉ូវ ជា អភិបាលរងស្រុកជីក្រែង បានដឹកនាំកម្លាំង ចម្រុះ ចុះពិនិត្យដីព្រៃមួយកន្លែងនៅចំណុច ត្រពាំង ស្មាច់ ស្ថិតក្នុងភូមិ កំបោអរ ឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប ក្រោយទទួលដំណឹងពីប្រជាពលរដ្ឋថាដីព្រៃនៅតំបន់ខាងលើ កំពុងទទួលរងនូវការ កាប់រុករានទន្ទ្រានឈូសឆាយដីព្រៃរបស់រដ្ឋមកធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួនពីបុគ្គលមួយចំនួន។

សហភាពចូលរួមមាន៖មន្ត្រី ការិយាល័យកសិកម្ម ធនធាន ធម្មជាតិ និងបរិស្ថានស្រុកជីក្រែង កងរាជអាវុធហត្ថ ស្រុកជីក្រែង នាយសង្កាត់រដ្ឋបាលព្រៃឈើខ្វាវ និងនាយរង មេឃុំ និងក្រុមប្រឹក្សាឃុំ ប៉ូលិសប៉ុស្តិ៍ សង្កាត់រដ្ឋបាលឃុំខ្វាវ មេភូមិ និងអនុភូមិ កំបោអរ ប្រជាការពារ និងប្រជាពលរដ្ឋ សរុប ចំនួន៣៣ នាក់ ស្រីម្នាក់។

កិច្ចសហប្រតិបត្តិការនេះជាលទ្ធផលសង្កេតឃើញថាដីព្រៃនៅចំណុចខាងលើនេះត្រូវបានគេកាប់គាស់ទន្ទា្រនឈូសឆាយទាំងចាស់ទាំងថ្មីសរុបអស់ជាង ៣ហិចតា។ បើយោងតាមសម្តី លោក មុយ មៀន មេភូមិ កំបោអរ បានប្រាប់ អ្នកសារព័ត៌មានថា ដីព្រៃត្រពាំងស្មាច់នេះ ប្រជាពលរដ្ឋជាច្រើនគ្រួសារបានឯកភាពធ្វើការស្នើសុំទៅសង្កាត់រដ្ឋបាលព្រៃឈើខ្វាវអោយដាក់ព្រៃឈើនៅតំបន់នេះទៅជាព្រៃសហគមន៍ ក្នុងគោលបំណងរក្សាទុកព្រៃនេះជាជម្រកសត្វព្រៃ ព្រោះបច្ចុប្បន្ននេះ ព្រៃឈើក្នុងភូមិសាស្ត្រឃុំខ្វាវ កំពុងតែរងការវិនាសអន្តរាយស្ទើរតែអស់ទៅហើយ។

 

ទន្ទឹមនឹងនោះដែរក្រោយពីក្រុមការងារចុះពិនិត្យរួច លោក ម៉ូវ ជា អភិបាលរងស្រុកជីក្រែង តំណាងឱ្យ លោក បូ ម៉េងទ្រី អភិបាលស្រុកជីក្រែង ហើយក៏ជាប្រធានគណៈបញ្ជាការឯកភាពស្រុក បានធ្វើការងារណែនាំដល់ក្រុមការងារ អោយមានការចុះល្បាតដើម្បីការពារដីព្រៃតំបន់នេះ និងធ្វើការអប់រំផ្សព្វផ្សាយដល់ប្រជាពលរដ្ឋ ហាមដាច់ខាតមិនអោយជនណាកាប់ទន្ទ្រានឈូសឆាយដីនេះ បន្តជាដាច់ខាត បើបុគ្គលណាហ៊ានប្រព្រឹត្ត នឹងត្រូវរឹបអូស យកឧប្បករជាវត្ថុតាងមកធ្វើជាសម្បត្តិរដ្ឋ ហើយមនុស្ស នឹងត្រូវចាប់ខ្លួនមកផ្ដន្ទាទោសតាមច្បាប់៕ដោយ៖រី មី

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *