ព័ត៌មានជាតិ

ព្រះរាជពិធីប្រោសព្រះរាជទាន ព្រះអគ្គិជ័យកីឡា សម្រាប់ស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម

ព្រះករុណាព្រះបាទ សម្ដេចព្រះបរមនាថ នរោត្តម សីហមុនីព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា បានប្រោស​ព្រះរាជទាន​ព្រះ​អគ្គិ​ជ័យ​កីឡា​សម្រាប់​ព្រឹត្តិការណ៍ SEA Games-ASEAN Para Games 2023 នៅ​ថ្ងៃ​ទី ២១ ខែ​មីនា ឆ្នាំ ២០២៣ នៅ​ប្រាសាទ អង្គរវត្ត​ ខេត្តសៀមរាប។

ព្រះរាជពិធីនេះក៏មានការអញ្ជើញចូលរួមពីសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។ សម្តេចពិជ័យសេនា ទៀ បាញ់ថា ប្រធានគណៈកម្មាធិ ការ​ជាតិ CAMSOC-CAMAPGOC បាន​ទូល​ថ្វាយ​ព្រះករុណាព្រះមហាក្សត្រ ការ​ត្រៀម​ខ្លួន​ធ្វើ​ម្ចាស់ផ្ទះ​ព្រឹត្តិការណ៍​កីឡា​ជា​ប្រវត្តិសាស្ត្រ​ដំបូង​របស់​កម្ពុជា ឆ្នាំ ២០២៣ នេះ គឺ​កម្ពុជា​បាន​ត្រៀម​ការ​រៀបចំ​ហេដ្ឋារចនា សម្ព័ន្ធ​កីឡា ហេដ្ឋារចនាសម្ព័ន្ធ​សាធារណៈ​គាំទ្រ​ដទៃ​ទៀត អភិវឌ្ឍន៍​បណ្ដុះបណ្ដាល​ធនធាន​កីឡា មន្ត្រី​ជំនាញ​បច្ចេកទេស អាជ្ញាកណ្ដាល ចៅក្រម គ្រូ​បង្វឹក ការ​ប្រកួត​កីឡា​គ្រប់​ប្រភេទ និង​ការ​ពង្រឹង​សហព័ន្ធ​កីឡា​ជាតិ ដោយ​មាន​ការ​គាំទ្រ និង​សម្រេច​រួមគ្នា​ពី​សហព័ន្ធ​កីឡា​អាស៊ីអាគ្នេយ៍ និង​សហព័ន្ធ​កីឡា​ជន​ពិការ​អាស៊ាន លើ​ប្រភេទ​កីឡា និង​វិញ្ញាសា​ប្រកួត​ទាំងអស់។ សម្តេច​ពិជ័យ​សេនា ទៀ បាញ់ ក៏បាន​បញ្ជាក់​ដែរ​ថា ផែនការ​ប្រារព្ធ​ពិធី​រត់​ភ្លើង​គប់​នា​ពេលនេះ បាន​រៀបចំ​ឡើង​មាន​ភាព​ហ្មត់ចត់ ប្រទាក់​ក្រឡា​គ្នា​យ៉ាង​ស្អិតល្មួត ត្រៀម លក្ខណៈ​បាន​គ្រប់​ជ្រុងជ្រោយ ដោយមាន​កិច្ចសហការ​ល្អ​ប្រកបដោយ​ការ​ទទួល​ខុសត្រូវ​ខ្ពស់ រវាង​គណៈកម្មា ធិការ​ជាតិ CAMSOC- CAM APGOC, ក្រសួង​អប់រំ យុវជន និង​កីឡា​, គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​, គណៈកម្មាធិការ​ជាតិ​ប៉ា​រ៉ា​ឡាំ​ពិ​ក​កម្ពុជា​, សហព័ន្ធ​កីឡា​ជាតិ​, អាជ្ញាធរ រាជធានី​ខេត្ត ក្រសួង ស្ថាប័ន​ពាក់ព័ន្ធ ពិសេស​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ ស្ថានទូត​កម្ពុជា​ប្រចាំ​បណ្ដា​ប្រទេស​អាស៊ីអាគ្នេយ៍ និង​គណៈកម្មាធិការ​ប៉ា​រ៉ា​ឡាំ​ពិ​ក​អន្តរជាតិ នៃ​បណ្ដា​ប្រទេស​អាស៊ីអាគ្នេយ៍​ដែល​ភ្លើង​គប់​កីឡា ត្រូវ​ដង្ហែ​ឆ្លងកាត់។

«​ព្រះរាជ​ពិធី​ប្រោស​ព្រះរាជទាន​ព្រះ​អគ្គិ​ជ័យ​កីឡា សម្រាប់​ព្រឹត្តិការណ៍ SEA Games-ASEAN Para Games 2023 ប្រារព្ធ​ឡើង​ក្រោម​ព្រះរាជា​អធិបតី​ដ៏​ខ្ពង់ខ្ពស់​បំផុត ព្រះករុណា​ជា​អម្ចាស់​ជីវិត​លើ​ត្បូង ជា​ទី​គោរព​សក្ការៈ​ដ៏​ខ្ពង់ខ្ពស់​បំផុត នា​ឱកាស​ដ៏​មហោឡារិក​នេះ បាន​បង្កប់​ដោយ​ប្រពៃណី​ទំនៀមទម្លាប់​ដ៏​ផូរផង់​របស់​ខ្មែរ ដែល​ជា​សិល្បៈ និង​វប្បធម៌​ដ៏​ចំណាស់​មួយ​នៅ​ក្នុង​តំបន់ និង​ជា​ព្រះ​អគ្គិ​ជ័យ​កីឡា​ប្រកបដោយ​អច្ឆរិយ​ភាព ដែល​មិន​ត្រឹមតែ​ឆ្លុះបញ្ចាំង​អំពី​អំណាច​ទេវតា ថាមពល មិត្តភាព សាមគ្គីភាព និង​និរន្តរភាព​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​ជា​ព្រះ​អគ្គិ​តំណាង​ឲ្យ​ភាព​រុងរឿង នៃ​កីឡា​នៅ​ក្រោម​ម្លប់​សន្តិភាព និង​ការ​អភិវឌ្ឍ ដែល​ឆ្លុះបញ្ចាំង​ឲ្យ​ឃើញ​ថា កីឡា​រស់​ក្នុង​សន្តិភាព​»។ សម្តេច​ពិជ័យ​សេនា ទៀ បាញ់ បាន​ក្រាប​បង្គំ​ទូល​ថ្វាយ និង​បាន​ជម្រាប​ជូន​បន្ថែម។
ព្រះអគ្គិកីឡា នឹង​ត្រូវ​បាន​រក្សាទុក​នៅ​ក្នុង​ចង្កៀង​ពិសេស​មួយ ដើម្បី​រត់​ដង្ហែ​យក​តាម​ទៅកាន់​ប្រទេស​ក្នុង​តំបន់​អាស៊ីអាគ្នេយ៍ ដើម្បី​ជា​និមិត្តរូប នៃ​បំផុស​ចលនា​ឲ្យ​ប្រទេស​ទូទាំង​អាស៊ីអាគ្នេយ៍ ត្រៀម​ស្វាគមន៍​ព្រឹត្តិការណ៍​កីឡា​ស៊ី​ហ្គេម និង​អាស៊ាន​ប៉ា​រ៉ា​ហ្គេម ឆ្នាំ ២០២៣ របស់​កម្ពុជា៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *