ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានធ្វើការណែនាំ សមាជិក រាជរដ្ឋាភិបាល និងមន្ត្រីនៅតាមក្រសួងស្ថាប័ន មិនចាំបាច់ហែហមអម ដំណើរជាមួយ នាយករដ្ឋមន្ត្រីនៅកម្មវិធីសាធារណៈច្រើននោះទេ ប្រសិនបើមាន ភារកិច្ចត្រូវប្រជុំ និងដោះ ស្រាយនៅស្ថាប័នរបស់ខ្លួន។
ក្នុងជំនួបជាមួយកម្មករ-កម្មការិនី ប្រមាណជិត២ម៉ឺននាក់ នៅក្រុងតាខ្មៅ ខេត្តកណ្ដាល នៅព្រឹកថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២៣នេះ ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានណែនាំទៅកាន់សមាជិករាជរដ្ឋាភិបាលទាំងអស់ ពិសេសរដ្ឋមន្ដ្រីតាមបណ្ដាក្រសួង ឬថ្នាក់ដឹកនាំបណ្ដាស្ថាប័នសាធារណៈ ក្នុងករណីមានការងារចាំបាច់ ឬប្រជុំនៅតាមស្ថាប័នរបស់ខ្លួន មិនចាំបាច់លើកពេលធ្វើការងាររបស់ខ្លួន ដោយមិនអមដំណើរលោកចុះតាមវេទិកាសាធារណៈនានានោះទេ។ ឯកឧត្តម មិនហាមឃាត់សមាជិករាជរដ្ឋាភិបាល ឬ រដ្ឋមន្ដ្រី ប្រធានស្ថាប័នអមដំណើរនោះទេ ប៉ុន្ដែត្រូវផ្ដល់អាទិភាពខ្ពស់លើការងារនៅតាមស្ថាប័នរបស់ខ្លួន ដើម្បីបម្រើផលប្រយោជន៍ជូនប្រជាពលរដ្ឋ។
ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ក៏បានជំរុញរដ្ឋមន្ត្រីនៅតាមក្រសួងនីមួយៗ ជួបសំណេះ សំណាលមន្ត្រីនៅក្រោមឱវាទ មន្ដ្រីក្រសួងថ្នាក់ដឹកនាំនៅតាមបណ្ដាស្ថាប័នផ្សេងៗ ដើម្បីអាចយកធាតុចូលរបស់មន្ដ្រី សំដៅដឹកនាំក្រសួង ស្ថាប័ន បំពេញការងារប្រកបដោយប្រសិទ្ធភាពខ្ពស់។ ជាមួយនេះឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ក៏បានណែនាំឲ្យរៀបចំវេទិកាសាធារណៈនៅតាមបណ្ដាក្រសួង ឬស្ថាប័នផងដែរ ដើម្បីស្វែងយកធាតុផ្សំពីមន្ដ្រី ឬដើម្បីទទួលបាននូវសំណើ សំណួ រ និងសំណូមពរ៕