ព័ត៌មានជាតិ

ស្នងការរាជធានីភ្នំពេញ ដឹកនាំកិច្ចប្រជុំលើកដំបូង ពង្រឹងការទប់ស្កាត់បទល្មើសលួចឆក់ប្លន់ និងក្មេងទំនើង និងហាមមន្រ្តីនគរបាលចរាចរណ៍មិនឱ្យមានការពួនស្ទាក់ចាប់ពលរដ្ឋ

(ភ្នំពេញ)៖ ឧត្តមសេនីយ៍ទោ ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ ដែលទើបចូលកាន់តំណែងថ្មី បានដឹកនាំកិច្ចប្រជុំលើកដំបូង ពង្រឹងលើការងារចំបងបង្ការទប់ស្កាត់ និងបង្រ្កាបបទល្មើសព្រហ្មទណ្ឌ អំពើលួច ឆក់ ប្លន់ និងក្មេងទំនើង និងការងារសណ្តាប់ធ្នាប់ចរាចរណ៍ ដោយហាមមន្រ្តីនគរបាលចរាណ៍មិនឱ្យពួនស្ទាក់ចាប់ប្រជាពលរដ្ឋធ្វើដំណើរតាមដងផ្លូវនោះឡើយ ដែលជាការងារចំបងដែលលោកស្នងការត្រូវយកចិត្តទុកដាក់ក្នុងការថែរក្សាសន្តិសុខ រក្សាសណ្តាប់ធ្នាប់ នាំមកសុខសុវត្ថិភាពជូនប្រជាពលរដ្ឋប្រកបដោយភាពកក់ក្តៅ និងជឿជាក់លើការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា។

កិច្ចប្រជុំបានធ្វើឡើង នាព្រឹកថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២៣ នៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ។

ឧត្តមអគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានលើកឡើងជុំវិញការងារបង្ការទប់ស្កាត់បទល្មើសព្រហ្មទណ្ឌ ដោយជំរុញឱ្យកងកម្លាំងនគរបាលជំនាញព្រហ្មទណ្ឌទាំង១៤ខណ្ឌ និងការិយាល័យជំនាញព្រហ្មទណ្ឌត្រូវពង្រឹងយកចិត្តទុកដាក់លើការបង្ការទប់ស្កាត់បទល្មើសអំពើលួច ឆក់ប្លន់ និងក្មេងទំនើង ដែលជាបទល្មើសបង្កឱ្យប្រជាពលរដ្ឋមានការភ័យខ្លាច ហើយប្រជាពលរដ្ឋក៏បានសំណូមពរឱ្យស្នងការដែលទើបទទួលកាន់តំណែងថ្មីឱ្យជួយដោះស្រាយចាត់វិធានការបង្ការទប់ស្កាត់បង្រ្កាបបទល្មើសនេះឱ្យមានប្រសិទ្ធភាព។

ដោយឡែកជុំវិញកិច្ចការងារសណ្តាប់ធ្នាប់ចរាចរណ៍ឯនោះវិញ ឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ក៏បានណែនាំដល់លោកស្នងការរងទទួលផែនការងារសណ្តាប់ធ្នាប់ចរាចរណ៍ និងលោកលោកស្រីនាយការិយាល័យជំនាញសណ្តាប់និងចរាចរណ៍ លោកលោកស្រីអធិការរង លោកលោកស្រីនាយផ្នែកសណ្តាប់ធ្នាប់ចរាចរណ៍នៃអធិការដ្ឋាននគរបាលខណ្ឌទាំង១៤ នៅតាមគោលដៅអនុវត្តច្បាប់ចរាចណ៍ត្រូវលប់បំបាត់មិនឱ្យការលួចពួនស្ទាក់ចាប់ឃាត់ប្រជាពលរដ្ឋធ្វើដំណើរនៅតាមដងផ្លូវនោះទេ ពីព្រោះបាតុភាពបង្កឱ្យជះឥទ្ធិពលមិនល្អមកលើកងកម្លាំងនគរបាលជាតិនិងជាពិសេសណែនាំឱ្យមន្រ្តីនគរបាលសណ្តាប់ធ្នាប់ចរាចរណ៍ហាមដាច់ខាតការប្រើអំពើហិង្សាទៅលើប្រជាពលរដ្ឋ និងឱ្យមានកាយវិកាពាក្យសំដីទន់ភ្លន់ចំពោះប្រជាពលរដ្ឋហើយម៉ឺងម៉ាត់ចំពោះភារកិច្ចរបស់ខ្លួន។

សូមបញ្ជាក់ថា៖កិច្ចប្រជុំបានធ្វើឡើងរយៈពេល០១ថ្ងៃដោយដាច់ដោយឡែកពីគ្នា នៅពេលព្រឹកថ្ងៃដដែល លោកស្នងការបានដឹកនាំកិច្ចជាមួយលោកស្នងការរងទទួលការងារជំនាញព្រហ្មទណ្ឌ លោកលោកស្រី នាយ-នាយរងការិយាល័យជំនាញព្រហ្មទណ្ឌ លោកលោកស្រីអធិការរង លោកស្រីនាយផ្នែកជំនាញព្រហ្មទណ្ឌតាមបណ្តាអធិការដ្ឋាននគរបាលខណ្ឌទាំង១៤ ដោយឡែកនៅពេលរសៀលថ្ងៃដដែល លោកស្នងការបានដឹកនាំកិច្ចប្រជុំជាមួយលោកស្នងការរងទទួលផែនការងារសណ្តាប់ធ្នាប់ចរាចរណ៍ លោកនាយ-នាយរងការិយាល័យ សណ្តាប់ធ្នាបចរាចរណ៍ លោកលោកស្រីអធិការរង លោកលោកស្រីនាយផ្នែក ទទួលការងារសណ្តាប់ធ្នាប់ចរាចរណ៍នៃអធិការដ្ឋាននគរបាលខណ្ឌទាំង១៤៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *