ក្រសួងការពារជាតិអាមេរិកបានប្រកាសកញ្ចប់ជំនួយសន្តិសុខចំនួន 600 លានដុល្លារដល់អ៊ុយក្រែនកាលពីថ្ងៃព្រហស្បតិ៍ម្សិលម៉ិញនេះ។ លោកស្រី Sabrina Singh អ្នកនាំពាក្យរងរបស់មន្ទីរបញ្ចកោណបាននិយាយនៅក្នុងសន្និសីទសារព័ត៌មានមួយថា កញ្ចប់ជំនួយនេះជាផ្នែកមួយនៃគំនិតផ្តួចផ្តើមជំនួយសន្តិសុខសម្រាប់អ៊ុយក្រែន រួមមានឧបករណ៍ដើម្បីបង្កើនការការពារដែនអាកាស កាំភ្លើងធំ គ្រាប់បែក និងសមត្ថភាពផ្សេងទៀតរបស់អ៊ុយក្រែន។
បើយោងតាមសេចក្តីថ្លែងការណ៍របស់មន្ទីរបញ្ចកោណបានឱ្យដឹងថា ជំនួយទាំងអស់នេះគឺនៅក្នុងសេចក្តីប្រកាសរួមមានឧបករណ៍សម្រាប់ទ្រទ្រង់ និងរួមបញ្ចូលប្រព័ន្ធការពារដែនអាកាសរបស់អ៊ុយក្រែន គ្រាប់រំសេវបន្ថែមសម្រាប់ប្រព័ន្ធរ៉ុក្កែត កាំភ្លើងធំចល័តខ្ពស់ (HIMARS) កាំភ្លើងធំទំហំ 105 មីលីម៉ែត្រ និងសង្គ្រាមអេឡិចត្រូនិច និងឧបករណ៍សង្គ្រាមប្រឆាំងអេឡិចត្រូនិចផងដែរ។
សេចក្តីថ្លែងការណ៍បាននិយាយថា “សហរដ្ឋអាមេរិកនឹងបន្តធ្វើការជាមួយសម្ព័ន្ធមិត្ត និងដៃគូរបស់ខ្លួន ដើម្បីផ្តល់ឱ្យអ៊ុយក្រែននូវសមត្ថភាព ដើម្បីបំពេញតម្រូវការសមរភូមិភ្លាមៗ និងតម្រូវការជំនួយសន្តិសុខរយៈពេលវែង” ៕ប្រភព៖ A News