ព័ត៌មានជាតិ

រយៈពេល១ខែមេសានេះ សមត្ថកិច្ចខេត្តសៀមរាប បង្រ្កាបករណីគ្រឿងញៀនបានជិត៣០ករណី និងឃាត់ខ្លួនមនុស្សចំនួនជាង១០០នាក់

តាមរបាយការណ៍របស់លេខាធិការដ្ឋាន នៃគណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀនខេត្តសៀមរាប បានឲ្យដឹងថា ក្នុងរយៈពេល០១ខែមេសា ឆ្នាំ២០២២នេះ កម្លាំងសមត្ថកិច្ចខេត្តសៀមរាប បានចុះបង្រ្កាបករណីជួញដូរ ប្រើប្រាស់ និងរក្សាទុកគ្រឿងញៀនខុសច្បាប់ បានចំនួន២៧ករណី ដោយឃាត់ខ្លួនមនុស្សចំនួន១៣៤នាក់ ក្នុងនោះស្រីចំនួន ០៦នាក់ ព្រមទាំងបានដកហូតវត្ថុតាងបានមួយចំនួនថែមទៀត រួមមាន ៖ គ្រឿងញៀនប្រភេទមេតំហ្វេតាមីន (Ice)ចំនួន៦៤កញ្ចប់ ,ថ្នាំមេតំហ្វីតាមីនម៉ាក WY ចំនួន ៣គ្រាប់កន្លះ ទំងន់ ៦២,៩៩ក្រាម , ទូរស័ព្ទចំនួន ៤៦គ្រឿង , ជញ្ជីងចំនួន ០៣គ្រឿង ,ម៉ូតូចំនួន ០១គ្រឿង និងរថយន្ដចំនួន០១គ្រឿង ។

របាយការណ៍បានបញ្ជាក់បន្ថែមថា ក្នុងចំណោម២៧ករណីដែលសមត្ថកិច្ចចុះបង្ក្រាបបាននេះ ក្នុងនោះមាន៖ ករណីជួញដូរ និងរក្សាទុកចំនួន១៦ករណី ឃាត់ខ្លួនមនុស្ស៤៩នាក់ ស្រី០៥នាក់ , ករណីប្រើប្រាស់ចំនួន០៩ករណី ឃាត់ខ្លួនមនុស្ស៨៣នាក់ ក្នុងនោះស្រីចំនួន០១នាក់ ហើយបានបញ្ជូនទៅមជ្ឈមណ្ឌលស្តារនីតិសម្បទាអ្នកញៀនគ្រឿងញៀនខេត្ត និង ករណីអនុវត្តតាមដីការចំនួន ០២ករណី ឃាត់ខ្លួនចំនួន ០២នាក់ផងដែរ។

របាយការណ៍បានបញ្ជាក់បន្ថែមទៀតថា ដើម្បីចូលរួមប្រយុទ្ធប្រឆាំងនិងបទល្មើសគ្រឿងញៀនឲ្យកាន់តែមានប្រសិទ្ធិភាពបន្ថែមទៀត រដ្ឋបាលខេត្តសៀមរាប បានជំរុញឱ្យក្រុង-ស្រុក មន្ទីរ-អង្គភាពពាក់ព័ន្ធ បន្តចុះផ្សព្វផ្សាយយុទ្ធនាការ និងចុះអប់រំផ្សព្វផ្សាយ គ្រប់រូបភាពដល់គ្រឹះស្ថានអប់រំ ក្នុងអង្គភាពរបស់ខ្លួន និងស្រទាប់មហាជនឱ្យយល់ដឹងពីផល ប៉ះពាល់គ្រឿងញៀន មានការប្រុងប្រយ័ត្ន និងហ៊ានរាយការណ៍ ផ្តល់ព័ត៌មានជូនសមត្ថកិច្ចបានទាន់ពេលវេលា ជាពិសេសត្រូវពង្រឹងកិច្ចប្រតិបត្តិការល្បាត ពួនស្ទាក់គ្រប់ច្រកល្ហក ក្នុងនោះតាមតំបន់ស្មុគស្មាញ និង ពង្រឹងកម្លាំងជំនាញគ្រប់លំដាប់ថ្នាក់ ដើម្បីអប់រំ បង្ការ ស្រាវជ្រាវ បង្ក្រាបបទល្មើសគ្រឿងញៀនទូទាំងខេត្ត ព្រមទាំងបង្កើនសកម្មភាពស្រាវជ្រាវមុខសញ្ញា និងក្តាប់មុខសញ្ញាជនល្មើសជួញ ដូរចែកចាយគ្រឿងញៀន និងកសាងមូលដ្ឋានសម្ងាត់ផ្ដល់ព័ត៌មាន ដើម្បីចាត់វិធានការបង្ការបានទាន់ពេលវេលា ៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *