ព័ត៌មានជាតិ

ជំនន់ទឹកភ្លៀងនៅស្ទឹងសំរោង ខេត្តព្រះសីហនុ ឡើងជិតដល់កម្រិតប្រកាសអាសន្នហើយ

ភ្លៀងធ្លាក់ប៉ុន្មានថ្ងៃជាប់គ្នាបានធ្វើឱ្យកម្ពស់ទឹកនៅស្ទឹងសំរោង ស្រុកកំពង់សីលា ខេត្តព្រះសីហនុបានហក់ឡើងខ្លាំង។ បើតាមមន្ទីរព័ត៌មានខេត្តព្រះសីហនុបានឱ្យដឹងថា គិតត្រឹមវេលាម៉ោង ១១ និង៣០នាទីថ្ងៃទី១២ ខែកក្កដា ឆ្នាំ ២០២២ ស្ថានភាពកម្ពស់ទឹក នៅស្ពានស្ទឹងសំរោង ចំណុចចន្លោះគីឡូម៉ែត្រលេខ ១១៥-១១៦ ក្នុង ភូមិ ស្ទឹង សំរោង ឃុំអូរបាក់រទេះ ស្រុកកំពង់សីលា ខេត្តព្រះសីហនុ ទឹកឡើងមានកម្ពស់៥,២០ម៉ែត្រ ពីបាតស្ទឹង ។ បើតាមការសន្និដ្ឋានសភាព ទឹកឡើងដល់កម្ពស់ ៥,៦០ ម៉ែត្រ ទៅ ៥,៧០ម៉ែត្រនឹងត្រូវប្រកាស អាសន្នហើយ ។

ឥឡូវនេះកម្លាំងកងរាជអាវុធហត្ថ ស្រុកកំពង់សីលាចំនួន ០៤នាក់ ដឹកនាំដោយលោកអនុសេនីយ៍ឯក សួន ធា មេបញ្ជាការរងស្រុក សហការជាមួយកម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកកំពង់សីលា ដឹកនាំដោយលោក សៅ បុរីវឌ្ឍនៈ អភិបាលស្រុកកំពង់ សីលា ចុះពិនិត្យស្ថានភាពទឹកជំនន់ ដោយទឹកភ្លៀងនៅចំណុចភូមិក្រាំងអាត់ចាស់ ឃុំកំពង់សីលា ស្រុកកំពង់សីលា ខេត្តព្រះសីហនុ ដែលមានប្រជាពលរដ្ឋរស់នៅចំនួន៤២ខ្នងផ្ទះ ក្នុងនោះមានគ្រួសាររងគ្រោះ ដោយជំនន់ទឹកភ្លៀងចំនួន ៣៧ ខ្នងផ្ទះ តែពុំមានមនុស្ស ឬសត្វពាហនៈរងគ្រោះដល់អាយុជីវិតឡើយ៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *