ខេត្តស្ទឹងត្រែង ៖ យោងតាមគេហទំព័រ អច្ឆរិយទន្លេមេគង្គ (the Wonders of the Mekong)បានឱ្យដឹង នៅថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២២នេះថា ត្រីបបែលញីទឹកសាបមួយក្បាល ទម្ងន់ ១៨០ គីឡូក្រាម ត្រូវបានអ្នកនេសាទចាប់បានដោយចៃដន្យនៅក្នុងទន្លេមេគង្គ ស្ថិតនៅភូមិកោះព្រះ ឃុំកោះព្រះ ស្រុកសៀមបូក ខេត្តស្ទឹងត្រែង។ ត្រីបបែលញីទឹកសាប ដែលធំសម្បើមនេះ មានទទឹងប្រវែង ១៨៥ សង់ទីម៉ែត្រ ដងខ្លួនប្រវែង ២០០ សង់ទីម៉ែត្រ និងសរុបពីក្បាលដល់ចុងកន្ទុយ មានប្រវែង ៣៩៣ សង់ទីម៉ែត្រ។
អ្នកនេសាទ បានអោយដឹងថា ពួកគាត់ចង់ជួយអភិរក្សសត្វបបែលទឹកសាបយក្ស ដែលជាប្រភេទសត្វជិតផុតពូជនៃទន្លេមេគង្គ។ គាត់បានទាក់ទងទៅក្រុមគម្រោង អច្ឆរិយៈទន្លេមេគង្គ ភ្លាមៗ ហើយសុំឱ្យក្រុមការងារដាក់ស្លាក វាស់វែង និងដោះលែងត្រីបបែលយក្សទឹកសាបញីនេះត្រឡប់ទៅទន្លេធម្មជាតិវិញ។ អ្នកនេសាទប្រើទំពក់ដើម្បីចាប់ត្រី ដែលជួនកាល អាចចាប់ត្រីបបែលទឹកសាបយក្សបានដោយចៃដន្យដោយទំពក់ចាប់ត្រី ខណៈវាកំពុងចាប់ត្រីជាចំណី៕