ព័ត៌មានជាតិ

កុដិឈើដ៏ចំណាស់មួយ នៅវត្តព្រះព្រហ្មរ័ត្នបានប្រែប្រួលសោភ័ណភាពដ៏ស្រស់ត្រកាល ក្រោយពីបញ្ចប់ការជួសជុល

គម្រោងជួសជុល និងអភិរក្សកុដិឈើបុរាណមួយ នៅក្នុងវត្តព្រះព្រហ្មរ័ត្ន បានបញ្ចប់ជាស្ថាពរហើយ នៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២២នេះ ទាំងថវិកា និងបច្ចេកទេសគឺទទួលបានពីអាជ្ញាធរជាតិអប្សរា។ក្រោមកិច្ចខិតខំប្រឹងប្រែង និងការយកចិត្តទុកដាក់ពីសំណាក់ មន្ត្រីជំនាញនៃអាជ្ញាធរជាតិអប្សរា គឺបានជួសជុលកុដិឈើពីរខ្នង ដែលមានសភាពចាស់ទ្រុឌទ្រោម ពុកផុយ ធ្លុះធ្លាយ និងធ្លាក់បាក់ឱ្យល្អឡើងវិញ ព្រមទាំងជួសជុលពង្រឹងកែលម្អ នៅតាមកន្លែងជាច្រើនទៀត ដូចជា ការជួសជុលជញ្ជាំង ជើងជញ្ជាំង ដំបូលជាដើម និងផ្នែកសំខាន់នៃគ្រឿងបង្គុំសំណង់មួយចំនួនទៀតឱ្យរួចផុតពីហានិភ័យ និងរក្សាបាននូវភាពរឹងមាំឡើងវិញ។

សូមបញ្ជាក់ថា កុដិឈើចាស់នៅវត្តព្រហ្មរ័ត្ននេះ មានទទឹងប្រវែង១៣.៦៥ម៉ែត្រ បណ្តោយប្រវែង ១៤.៧៨ម៉ែត្រ និងកម្ពស់៧.៧៧ម៉ែត្រ។ គោលបំណងនៃការងារជួសជុល និងអភិរក្សខាងលើ គឺដើម្បីឱ្យសំណង់កុដិឈើនេះអាចបំពេញតួនាទីរបស់ខ្លួនបន្តទៅទៀត ដើម្បីជាប្រយោជន៍ដល់ការសិក្សាស្រាវជ្រាវ និងការសិក្សារៀនសូត្រ ជាពិសេស រក្សានូវមរតកពីបុរាណ ព្រមទាំងអាចទាក់ទាញចំណាប់អារម្មណ៍របស់ទេសចរមកទស្សនាស្វែងយល់បន្ថែម ក្រៅពីសំណង់ប្រាសាទបុរាណរបស់យើងផងដែរ។នេះបើយោងតាមអាជ្ញាធរជាតិអប្សរា ៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *