ព័ត៌មានជាតិ

ចាប់បានហើយករណីកែច្នៃរំសេវបំផ្ទុះនៅកណ្ដាលក្រុងសៀមរាប មុនថ្ងៃបោះឆ្នោត ឥឡូវឃាត់ខ្លួនជនសង្ស័យ២នាក់

សៀមរាប៖ ស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន២នាក់ ក្រោយកែច្នៃនៃរំសេវបំផ្ទុះនៅកណ្ដាលក្រុងសៀមរាប ដោយសារគុំគួនអ្នកតាមវាយធ្វើបាបខ្លួន។ ឃាត់ខ្លួនជនសង្ស័យទាំងពីរនេះ បានធ្វើឡើងនៅយប់ ថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២២ ក្នុងភូមិតាភុល សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប។

សូមរម្លឹកថា កាលថ្ងៃទី០៣ ខែមិថុនាឆ្នាំ ២០២២ វេលាម៉ោង១៩និង៣០នាទី កម្លាំងសមត្ថកិច្ចបានទទួលសេចក្តីរាយការណ៍ថា មានករណីបំផ្ទុះគ្រាប់រំសេវនៅលើផ្លូវបេតុងខាងកើតស្នាក់ការគណបក្សប្រជាជនកម្ពុជា ចម្ងាយប្រហែល១៥ម៉ែត្រ ក្នុងភូមិស្វាយដង្គំ សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប បង្កឡើងដោយជនសង្ស័យមិនស្គាល់អត្តសញ្ញាណជិះម៉ូតូមួយគ្រឿង។

លោកវរសេនីយ៍ទោ ដា ចំរើន អធិការនគរបាលក្រុងសៀមរាប បានឲ្យដឹងថា ដោយមានការចង្អុលបង្ហាញពីលោកឧត្តមសេនីយ៍ តេង ច័ន្ទណាត ស្នងការនគរបាលខេត្តសៀមរាប និងសម្របសម្រួលនីតិវិធីដោយតំណាងអយ្យការអមសាលាដំបូងខេត្តសៀមរាប ទើបកម្លាំងនគរបាលក្រុងសៀមរាប ចុះស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យ២នាក់ ទី០១/ ឈ្មោះ សេង សុកន ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរជួសជុលម៉ូតូ មានស្រុកកំណើតនៅប្រទេសថៃ ទីលំនៅបច្ចុប្បន្នស្នាក់នៅបន្ទប់ជួលក្នុងភូមិតាភុល សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប។ ទី២/ ឈ្មោះ រ៉ន ដារ៉ុង ហៅ ហ៊ីង ភេទប្រុស អាយុ២០ឆ្នាំ មុខរបរជួសជុលម៉ូតូ មានស្រុកកំណើតនៅភូមិព្រៃស្រមោច ឃុំកំពង់ឃ្លាំង ស្រុកសូទ្រនិគម ខេត្តសៀមរាប បច្ចុប្បន្នស្នាក់នៅបន្ទប់ជួលក្នុងភូមិសាលាកំរើក សង្កាត់សាលាកំរើក ក្រុងសៀមរាប។

ក្រោយពីទទួលសេចក្តីរាយការណ៍ កម្លាំងសមត្ថកិច្ចបានចុះទៅកន្លែងកើតហេតុ និងបានស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់អស់រយៈពេល៣ថ្ងៃ ទើបកំណត់បានមុខសញ្ញាជនសង្ស័យបាន កាលពីថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២២ បាននាំខ្លួនជនសង្ស័យឈ្មោះ សេង សុកន យកមកសួរនាំ។
ជនសង្ស័យនេះបានឆ្លើយសារភាពថា ខ្លួនត្រូវបានឈ្មោះ រ៉ន ដារ៉ុង ហៅ ហ៊ីង ប្រាប់ខ្លួនថា មានគេវាយនៅសួនបឹងកាឡូ ហើយខ្លួនក៏ប្រាប់ទៅឈ្មោះ រ៉ន ដារ៉ុង ថា ខ្លួនចេះផលិតរំសេវផ្ទុះពេលខ្លួននៅប្រទេសថៃ។ បន្ទាប់មកឈ្មោះ រ៉ន ដារ៉ុង ហៅហ៊ីង បានឲ្យលុយខ្លួនចំនួន២៥០០០រៀល ទៅទិញផាវគ្រាប់បាល់យកមកផលិតជាគ្រឿងផ្ទុះ។ ពេលបានប្រាក់ហើយជនសង្ស័យក៏បានទៅទិញផាវគ្រាប់បាល់ចំនួន៥០គ្រាប់យកមកផលិតជាមួយឈ្មោះ រ៉ន ដារ៉ុង ហៅ ហ៊ីង ដោយយករំសេវផាវគ្រាប់បាល់មកលាយជាមួយនឹងថ្មខ្មៅម៉ិច រួចដាក់ចូលក្នុងថង់ហើយរុំស្គុតឲ្យណែន ផលិតបានចំនួន០៥គ្រាប់ បន្ទាប់មកឈ្មោះ រ៉ន ដារ៉ុង ហៅ ហ៊ីង បានដឹកខ្លួនទៅកន្លែងកើតហេតុខាងលើដើម្បីប្រាប់ពីទីតាំងបោករំសេវកែច្នៃដែលអ្នកវាយគេនោះអង្គុយលេង លុះដល់ថ្ងៃកើតហេតុជនសង្ស័យឈ្មោះ សេង សុកន ក៏បានជិះម៉ូតូរបស់ខ្លួនទៅកន្លែងកើតហេតុ ហើយធ្វើសកម្មភាពបោកគ្រាប់រំសេវកែច្នៃបណ្តាលអោយផ្ទុះ រួចបើកម៉ូតូរត់គេចខ្លួន ដោយសកម្មភាពនេះ ខ្លួនធ្វើតែម្នាក់ឯង។ រីឯជនសង្ស័យឈ្មោះ រាន់ ដារ៉ុង បានឆ្លើយសារភាពថា នៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២២ វេលាម៉ោងប្រហែល២០និង០០នាទី រូបខ្លួននិងមិត្តភក្កិបានជិះម៉ូតូទៅលេងសួនបឹងគីឡូក៏មានអ្នកជិះម៉ូតូមកជិតខ្លួនហើយវាយខ្លួនមួយខ្សែក្រវ៉ាត់ចំខ្នង ហើយខ្លួនបានប្រាប់រឿងហេតុនេះទៅឈ្មោះ សេង សុកន
ថា ខ្លួនត្រូវបានគេវាយ ទើបឈ្មោះ សេង សុកន ប្រាប់ខ្លួនថា ចេះធ្វើគ្រាប់រំសេវបំផ្ទុះទើបខ្លួនឲ្យលុយទៅទិញផាវគ្រាប់បាល់យកមកផលិតជាគ្រឿងផ្ទុះ។
ក្រោយពីបានផលិតចំនួន០៥គ្រាប់ហើយនោះ នៅថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២២ ខ្លួនបានជិះកាត់កន្លែងកើតហេតុក៏ឃើញមនុស្សប្រុសដែលវាយខ្លួននៅសួនបឹងគីឡូ ក៏ទៅប្រាប់ឈ្មោះ សេង សុកន ហើយដឹកគ្នាមកមើលទីតាំងដែលត្រូវបោកគ្រាប់រំសេវ។ លុះដល់ថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២២ វេលាម៉ោងប្រហែល២០និង០០នាទី ជនសង្ស័យឈ្មោះ សេង សុកន ប្រាប់ខ្លួនថា រូបគេបានបោកគ្រាប់បែកនៅទីតាំងដែលខ្លួនបានប្រាប់រួចហើយ បន្ទាប់មកខ្លួនក៏បានយកគ្រាប់រំសេវកែច្នៃចំនួន៤គ្រាប់ដែលនៅសល់ យកមកហែកបោះចោលតាមផ្លូវ។ កម្លាំងនគរបាលក្រុងសៀមរាប កំពុងរៀបចំសំណុំរឿងបញ្ជូនជនសង្ស័យទាំង២នាក់ ទៅតុលាការដើម្បីចាត់ការតាមផ្លូវច្បាប់៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *