ព័ត៌មានជាតិ

តារាភាពយន្តហូលីវ៉ូដ Angelina Jolie មកបំពេញទស្សនកិច្ចក្នុងរមណីយដ្ឋានអង្គរ ដើម្បីបង្កើតកម្មវិធីចិញ្ចឹមឃ្មុំសម្រាប់ស្ត្រី

សៀមរាប៖ តារាភាពយន្តហូលីវ៉ូដ Angelina Jolie មកបំពេញទស្សនកិច្ចក្នុងរមណីយដ្ឋានអង្គរ ដើម្បីបង្កើតកម្មវិធីចិញ្ចឹមឃ្មុំសម្រាប់ស្ត្រី លោកស្រី Angelina Jolie បានមកបំពេញបេសកកម្មការងារនៅរមណីយដ្ឋានអង្គរ កាលពីថ្ងៃទី២០ ដល់ថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២២នេះ ដើម្បីចូលរួមពិធីសម្ពោធជាផ្លូវការនៃកម្មវិធីចិញ្ចឹមឃ្មុំសម្រាប់ស្ត្រី (Women for Bees) ក្រោមកិច្ចសហការជាមួយអង្គការយូណេស្កូ នឹងសម្របសម្រួលដោយអាជ្ញាធរជាតិអប្សរា។

កម្មវិធីចិញ្ចឹមឃ្មុំនេះ មានគោលបំណងជួយអភិរក្សប្រភេទឃ្មុំ (Apis cerana និង Apis dorsata) ដែលមានដើមកំណើតនៅក្នុងរមណីយដ្ឋានអង្គរ លើកកម្ពស់ការចិញ្ចឹមឃ្មុំប្រកបដោយចីរភាព និងពង្រឹងសមត្ថភាពស្ត្រីក្នុងការរកប្រាក់ចំណូលសម្រាប់ផ្គត់ផ្គង់ក្នុងគ្រួសារ និងសហគមន៍របស់ពួកគេ។ 

សូមបញ្ជាក់ថា លោកស្រី Angelina Jolie គឺជាស្ថាបនិកនៃគម្រោង UNESCO-GUERLAIN “Women for bees” ដែលឧបត្ថម្ភដោយក្រុមហ៊ុន GUERLAIN។

ក្នុងការធ្វើទស្សនកិច្ចនេះ លោកស្រី Angelina Jolie បានអញ្ជើញទៅទស្សនាប្រាសាទអង្គរវត្តផងដែរ។ ការបង្ហាញនៅវត្តមានដ៏សំខាន់ក្នុងបេសកកម្មរបស់ខ្លួននៅពេលនេះ តារាហូលីវូដរូបនេះ ក៏បានជួយផ្សព្វផ្សាយតំបន់រមណីយដ្ឋានអង្គរ ទៅកាន់ពិភពលោកថែមមួយកម្រិតទៀត ជាពិសេសក្នុងអំឡុងពេលវិបត្តិជំងឺកូវីដ១៩ ដើម្បីបញ្ជាក់ថា កម្ពុជាជាគោលដៅទេសចរណ៍ប្រកបដោយសុវត្តិភាព៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *