ភ្នំពេញ៖យោងតាមអ្នកបច្ចេកទេសបានឱ្យដឹងថា លីគឆ្នាំនេះមានការប្រជែងគ្នាខ្លាំងជាងមុន ព្រោះសមត្ថភាពប្រហាក់ប្រហែលគ្នា នេះបើតាមគេហទំព័រគណកម្មការរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ឆ្នាំ២០២៣។
លោក សាប៊ូន វិនតា អតីតគ្រូជំនួយសាលាបាល់ទាត់ជាតិបាទី និងបច្ចុប្បន្នជានាយកគ្រប់គ្រងផ្នែកកីឡាក្នុងក្រុមយុវជនរបស់បឹងកេតមើលឃើញថា លីគឆ្នាំនេះមានការប្រកួតប្រជែងខ្លាំងជាងមុន ព្រោះសមត្ថភាពក្រុមទាំងអស់ប្រហាក់ប្រហែលគ្នា ក្រោយចាប់ផ្ដើមបាន៣សប្ដាហ៍ ។
បុរសដែលធ្លាប់មានបទពិសោធជាគ្រូផ្នែកបាល់ទាត់ចាប់ពីឆ្នាំ២០១៣រូបនេះ បានឲ្យដឹងថា ក្រោយការចាប់ផ្ដើម៣សប្ដាហ៍ សម្រាប់លោកគិតថា លីគកម្ពុជាឆ្នាំនេះប្រជែងគ្នាខ្លាំងណាស់។ ក្រុមទាំងអស់សុទ្ធតែអាចលើកពានបានដូចគ្នា។ ទើបតែ៣សប្ដាហ៍លោកមិនអាចវិនិច្ឆ័យបានថា ក្រុមណាអាចមានសក្ដានុពលខ្លាំងជាងគេបានទេ ព្រោះអ្វីៗក៏អាចប្រែប្រួលបានដែរ។
លោកបាននិយាយថា ៖«សម្រាប់ការយល់ឃើញរបស់ខ្ញុំ ក្នុងការប្រកួត៣សប្តាហ៍កន្លងមកនេះរបស់ ខេមបូឌានព្រីមៀរលីគ (Cambodian Premier League ) ក្រុមទាំងអស់មានការប្រកួតប្រជែងខ្លាំងជាងមុន និងគួរឲ្យចាប់អារម្មណ៍នៃរូបភាពអភិវឌ្ឍន៍លីគបាល់ទាត់អាជីព។ ក្រុមទាំងអស់បានរៀបចំបានល្អក្នុងដើមរដូវកាលនេះ ដែលពិបាកដណ្តើមពិន្ទុគ្នា ដោយសារក្រុមទាំងអស់សុទ្ធតែជាក្រុមខ្លាំង»។
អតីតគ្រូបង្វឹកក្រុមបាល់ទាត់ Victory ប៉ោយប៉ែតរូបនេះបន្ថែមថា ៖«ក្រុមណាក៏អាចមានឱកាសឈ្នះពានរង្វាន់មួយនេះបានដូចគ្នា ដោយតាមរូបមន្តប្រកួតថ្មីរបស់ CPL។ ជាចុងក្រោយក្រុមស្ថិតនៅលើគេ៤នៃក្រុម Top 4 ត្រូវប្រជែងគ្នាមួយតង់ទៀត ដែលធ្វើឲ្យការប្រកួតកាន់តែគួរឲ្យទាក់ទាញ មួយកម្រិតទៀត ហើយយើងក៏មិនទាន់អាចបញ្ជាក់ និងមើលឃើញបានទាំងស្រុងនៅឡើយទេថា ក្រុមណាដែលមានសក្ដានុពលខ្លាំងជាងគេនៅពេលនេះ។ អ្វីៗក៏អាចកើតមានបានដែរនៅក្នុងពិភពបាល់ទាត់មួយនេះ»។
លោក សាប៊ូន វិនតា បច្ចុប្បន្នជាគ្រូបង្វឹកម្នាក់ដែលកាន់អាជ្ញាប័ណ្ណ AFC A License និងជាគ្រូបង្វឹកម្នាក់ធ្លាប់មានបទពិសោធជាមួយយុវជនជម្រើសជាតិគ្រប់កម្រិត ចាប់ពី U14 ដល់ U19 និងក្រុមធំផងដែរ៕