ព័ត៌មានជាតិ

គណៈកម្មាធិការអន្តរជាតិ ICC-ANGKOR ចាប់ផ្តើមនូវកិច្ចប្រជុំបច្ចេកទេសលើកទី៣៥ នៅព្រឹកថ្ងៃទី២៤នេះ

កិច្ចប្រជុំបច្ចេកទេសលើកទី៣៥ នៃគណៈកម្មាធិការអន្តរជាតិសម្របសម្រួលកិច្ចគាំពារ អភិរក្ស និងអភិវឌ្ឍន៍រមណីដ្ឋានប្រវត្តិអង្គរ ហៅកាត់ថា ICC-ANGKOR បានចាប់ផ្តើមជាផ្លូវការហើយ នៅព្រឹកថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២២នេះ នាសណ្ឋាគារ សូហ្វីតែល អង្គរភូគីត្រា ខេត្តសៀមរាប ដោយមានការអញ្ជើញជាអធិបតីដោយលោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងជាប្រធានក្រុមប្រឹក្សាភិបាលអាជ្ញាធរជាតិអប្សរា , ឯកឧត្តម ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ សហប្រធានបារាំង និងជប៉ុន និងលោក Sardar Umar ALAM តំណាងអង្គការយូណេស្កូប្រចាំកម្ពុជា។

មានប្រសាសន៍ក្នុងឱកាសនោះ លោក Christophe GIGAUDAUT ទីប្រឹក្សាកិច្ចសហប្រតិបត្តិការ និងកិច្ចការវប្បធម៌ ស្ថានទូតបារាំងប្រចាំកម្ពុជា និងជាសហប្រធាន បានបង្ហាញនូវក្ដីសោមនស្សរីករាយ ចំពោះការរៀបចំកិច្ចប្រជុំដោយផ្ទាល់នៅពេលនេះ ក្រោយខកខាននារយៈពេល២ឆ្នាំដោយសារបញ្ហាកូវីដ-១៩ តែបើទោះបីជាបញ្ហាកូវីដ-១៩ កើតឡើងជាសាកលយ៉ាងណាក្ដី ក៏ស្មារតីនៃការខិតខំប្រឹងប្រែងលើការងារអភិរក្សប្រាសាទមិនបានស្រាកស្រាន្តទេ ផ្ទុយទៅវិញ ការងារអភិរក្ស និងអភិវឌ្ឍន៍ប្រកបដោយចីរភាពក្នុងរមណីយដ្ឋានអង្គរ សម្រេចបានលទ្ធផលជាច្រើន និងប្រកបដោយមោទកភាព ។

ជាមួយគ្នានេះដែរ តំណាងអង្គការយូណេស្គូប្រចាំកម្ពុជា លោក Sardar Umar ALAM ក៏បានចូលរួមអបអរសាទជាមួយក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ក៏ដូចជាអ្នកជំនាញការអាដហុក ដែលខិតខំធ្វើឱ្យកិច្ចប្រជុំនៅពេលកើតឡើង និង បានអរគុណចំពោះការខិតខំប្រឹងប្រែងទាំងអស់របស់អាជ្ញាធរជាតិអប្សរា ដែលធ្វើឱ្យសមិទ្ធផលការងារជាច្រើនកកើតឡើង ពិសេសក្នុងកាលៈទេសៈដ៏លំបាកនៃវិបត្តិជំងឺកូវីដ-១៩ ទោះការងារខ្លះមានការកកស្ទះក្ដី តែក៏មានការងារខ្លះបន្តធ្វើដោយរលូនផងដែរ។

លោក Sardar Umar ALAM បានបញ្ជាក់ទៀតថា ទោះបីមានការប្រឈមខ្លាំងមកលើកិច្ចការជួសជុល អភិរក្សនៅតាមរមណីយដ្ឋានបេតិកភណ្ឌពិភពលោកជាច្រើន តែនៅរមណីយដ្ឋានអង្គរកិច្ចការទាំងនេះនៅតែបន្តទៅមុខ ព្រោះថារមណីយដ្ឋានអង្គរ ដែលជាសម្បត្តិបេតិកភណ្ឌវប្បធម៌ បានដើរតួនាទីស្នូលសំខាន់ណាស់ក្នុងការចូលរួមអភិវឌ្ឍន៍ប្រកបដោយចីរភាព នៅក្នុងផ្នែកសង្គម និងផ្នែកសេដ្ឋកិច្ច។

លោកសាស្រ្ដាចារ្យ Azedine BESCHAOUCH លេខាធិការវិទ្យាសាស្រ្ដអាយស៊ីស៊ី-អង្គរ មានប្រសាសន៍ថា នេះជាឆ្នាំថ្មីនៃការចាប់ផ្តើមការងារតាមការដ្ឋានឡើងវិញរបស់ក្រុមអ្នកជំនាញការអាដហុក ក្រោយខកខាន២ឆ្នាំមកនេះ។ លោកបន្តថា សកម្មភាពនេះ គឺបង្ហាញពីការតភ្ជាប់ឡើងវិញនូវប្រពៃណីការងារដែលអ្នកជំនាញការធ្លាប់បានធ្វើ ដែលចុះត្រួតពិនិត្យការងារតាមការដ្ឋាននានា មុនកិច្ចប្រជុំផ្លូវការចូលមកដល់។

សូមបញ្ជាក់ថា គណៈកម្មាធិការអន្តរជាតិ អាយស៊ីស៊ី-អង្គរ រៀបចំកិច្ចប្រជុំចំនួន២ ដែលទី១នៅថ្ងៃទី២៤ ខែមីនា ជាកិច្ចប្រជុំបច្ចេកទេសលើកទី៣៥ និងនៅថ្ងៃទី២៥ កិច្ចប្រជុំពេញអង្គលើកទី២៨ ៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *