
រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៥ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និងជាប្រធានគណៈមេ ប្រយោគទូទាំងប្រទេសប្រចាំរាជធានីភ្នំពេញ ព្រមទាំង ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា, ឯកឧត្តម ប៉ា សុជាតិវង្ស ប្រធានគណកម្មការទី៧ នៃរដ្ឋសភា,ឯកឧត្តម ឃួង ស្រេងអភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ, ឯកឧត្តម ឃាង សេង ជាអនុប្រធានអង្គភាពប្រឆាំងអំពើពុករលួយ បានអញ្ជើញចូលរួមក្នុងពិធីបើកប្រធានវិញ្ញាសាជានិមិត្តរូប នៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង៖ ២៨ សីហា ២០២៥ នៅតាមបន្ទប់ប្រឡងសម្រាប់ព្រឹកថ្ងៃទី១ នៃដំណើរការសំណេរ នៅមណ្ឌលប្រឡង វិទ្យាល័យព្រះស៊ីសុវត្ថិ ដែលមានការត្រួតពិនិត្យដោយអង្គភាពប្រឆាំងអំពើពុករលួយ សហភាពសហព័ន្ធយុវជនកម្ពុជា និងអ្នកពាក់ព័ន្ធចូលរួម ដើម្បីពិនិត្យភាពបិទជិត មានបិទស្កុត និងត្រាស្រោមប្រធានវិញ្ញាសា នៅចំពោះមុខបេក្ខជនទាំងអស់។

សូមបញ្ជាក់ដែរថា វិញ្ញាសាទាំងអស់ ត្រូវបានជ្រើសរើស តាក់តែង រៀបចំ និងគ្រប់គ្រងដោយក្រសួងអប់រំ យុវជន និងកីឡា ស្របតាមកម្មវិធីសិក្សាមធ្យមសិក្សាទុតិយភូមិ រួមទាំងវិញ្ញាសាមុខវិជ្ជាជម្រើសផងដែរ។ ក្នុងថ្នាក់នីមួយៗ មាន ៧មុខវិជ្ជា និងវិញ្ញាសាជម្រើសដែលក្រសួងបានកំណត់យកមុខវិជ្ជា ប្រវត្តិវិទ្យាសម្រាប់ថ្នាក់វិទ្យាសាស្ត្រ និងមុខវិជ្ជា ផែនដី និងបរិស្ថានវិទ្យាសម្រាប់ថ្នាក់វិទ្យាសាស្ត្រសង្គម។ ទម្រង់វិញ្ញាសា ត្រូវបានរៀបចំជាពីរ គឺទម្រង់វិញ្ញាសាចម្លងដាក់លើក្តាខៀន និងទម្រង់វិញ្ញាសាដែលត្រូវចែកជូនបេក្ខជន។

តាងនាមក្រសួងអប់រំ យុវជន និងកីឡា ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី សូម ជូនពរដល់បេក្ខជនប្រឡងទាំង អស់ឱ្យមានសុខភាពល្អ រក្សាបាននូវបញ្ញាស្មារតីរឹងមាំ នឹងនរ និងសុខសុវត្ថិភាព ក្នុងអំឡុងពេលប្រឡង ជាពិសេសប្រឡងជាប់ដោយជោគជ័យ ទទួលបាននិទ្ទេសល្អៗ ដែលខ្លួនប៉ងប្រាថ្នាឆ្លើយតបនឹងការខិតខំប្រឹងប្រែងយកចិត្តទុកដាក់រៀនសូត្រជាច្រើនឆ្នាំ។

ទន្ទឹមនឹងនេះក៏សូមឱ្យក្រុមការងាររៀបចំដំណើរការការប្រឡង និងភាគីពាក់ព័ន្ធទាំងអស់បន្តសហការគ្នាប្រកបដោយមនសិការទទួលខុសត្រូវខ្ពស់ ដើម្បីជំរុញឱ្យការប្រឡងនេះប្រព្រឹត្តទៅដោយរលូន និងជោគជ័យតាមការគ្រោងទុក និង សូមជូនពរឱ្យជួបតែសុខសុវត្ថិភាព និងសុខភាពល្អសម្រេចបានជោគជ័យក្នុងការបំពេញភារកិច្ចដ៏សំខាន់នេះក្នុងបុព្វហេតុរួមចំណែកពង្រឹងគុណភាពអប់រំ និងអភិវឌ្ឍធនធានមនុស្សនៅកម្ពុជា៕




