
ថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៥ លោក ង៉ូវ សេងកាក់ អភិបាលរងខេត្ត តំណាងឯកឧត្តម ប្រាក់ សោភ័ណ អភិបាលខេត្តសៀមរាប បានអញ្ជេីញចូលរួមកិច្ចប្រជុំ ផ្សព្វផ្សាយសេចក្តីសម្រេចរាជរដ្ឋាភិបាល ស្តីពីការដាក់ឱ្យអនុវត្តវិធានការគន្លឹះអភិវឌ្ឍន៍ទេសចរណ៍ខេត្តសៀមរាប ឆ្នាំ២០២៥ ក្រោមអធិបតីភាព ឯកឧត្តមថោង ខុន ទេសរដ្ឋមន្ត្រី ទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានគណៈកម្មការគ្រប់គ្រង និងអភិវឌ្ឍន៍ទេសចរណ៍សៀមរាប-អង្គរ (គ.អ.ទ.ស.) ឯកឧត្តម ហួត ហាក់ មន្ត្រីក្រសួងទេសចរណ៍ និងអញ្ជើញចូលរួម ព្រមទាំងក្រសួង ស្ថាប័ន និងមន្ទីរអង្គភាព ក្នុងខេត្តសៀមរាប នៅទីស្តីការគណៈរដ្ឋមន្ត្រី ។

បន្ទាប់ពីបានពិភាក្សា និងផ្លាស់ប្តូរយោបល់យ៉ាងផុលផុសរួចមក អង្គប្រជុំបានសម្រេចនូវលទ្ធផលដូចខាងក្រោម៖
ទី១៖ អង្គប្រជុំបានកត់សម្គាល់ និងវាយតម្លៃខ្ពស់លើតារាងសូចនាករត្រួតពិនិត្យ តាមដាន និងវាយតម្លៃការអនុវត្តវិធានការគន្លឹះអភិវឌ្ឍន៍ទេសចរណ៍ខេត្តសៀមរាប ឆ្នាំ២០២៥ ដែល គ.អ.ទ.ស. បានចេញសេចក្តី ណែនាំ រួចហើយ។
ទី២៖ អង្គប្រជុំបានកត់សម្គាល់ និងកោតសរសើរ ចំពោះរបាយការណ៍វឌ្ឍនភាពផែនការ អភិវឌ្ឍន៍ទេសចរណ៍នៅចុងឃ្នៀស និងក្រុងសៀមរាប។
ទី៣៖ អង្គប្រជុំបានឯកភាពលើសេចក្ដីព្រាង ឯកសារទស្សនាទាន(Concept Note) គម្រោងលើកកម្ពស់ភាពទាក់ទាញទេសចរណ៍សម្រាប់សហគមន៍ធម្មជាតិកំពង់ភ្លុក ដែលគម្រោងនេះនឹងចូលរួមកែ លម្អជីវភាព រស់នៅ របស់ប្រជាសហគមន៍ តាមរយៈការធ្វើពិពិធកម្មសេដ្ឋកិច្ចមូលដ្ឋាន ធានាបាននូវគុណភាពជីវិតដ៏ប្រសើរដល់ពលរដ្ឋមូលដ្ឋាន និងការអភិវឌ្ឍទេសចរណ៍ប្រកបដោយនិរន្តរភាព។
ទី៤៖ ចំពោះគោលដៅភ្នំគូលែន៖ អង្គប្រជុំបានស្នើឱ្យក្រសួងបរិស្ថាន និងក្រសួងទេសចរណ៍ បន្តកិច្ចសហការ និងពិភាក្សាគ្នាលំអិតបន្ថែមទៀតទៅលើទិដ្ឋភាពនៃការថែរក្សា អភិរក្សធនធានធម្មជាតិ បរិស្ថាន និងការៀបចំគ្រប់គ្រង និងអភិវឌ្ឍន៍ផលិតផល និងសេវាកម្មទេសចរណ៍នៅទីនោះ។ គ.អ.ទ.ស. នឹងធ្វើការកោះប្រជុំដោយឡែកស្តីពីការគ្រប់គ្រង និងអភិវឌ្ឍតំបន់គោលដៅទេសចរណ៍ភ្នំគូលែននេះ។
ទី៥៖ អង្គប្រជុំសូមថ្លែងអំណរគុណដ៏ខ្ពង់ខ្ពស់ ចំពោះសម្ដេចមហាបវរធិបតីនាយករដ្ឋមន្ត្រី ដែលបានគិតគូរយកចិត្តទុកដាក់ខ្ពស់ដល់ការអភិវឌ្ឍវិស័យទេសចរណ៍ និងបានដាក់ចេញសេចក្តីសម្រេច ស្ដីពីការដាក់ ឱ្យអនុវត្តវិធានការគន្លឹះ អភិវឌ្ឍន៍ទេសចរណ៍ ខេត្តសៀមរាប ឆ្នាំ២០២៥។
ករណីប្រសិនបើមានសកម្មភាពណា ដែលមិនទាន់អនុវត្តចប់ទាំងស្រុង ឬមិនទាន់បានអនុវត្ត ត្រូវស្នើសុំជាគោលការណ៍ដ៏ខ្ពង់ខ្ពស់ពីរាជរដ្ឋាភិបាល ដើម្បីធ្វើការរំកិលសកម្មភាពអនុវត្តទៅឆ្នាំ២០២៦ តាមលទ្ធភាពជាក់ស្តែងផងដែរ៕





