សៀមរាប៖ ជំទាវបណ្ឌិត ឧកញ៉ា លី អ៊ុំអេង ចាប់ផ្ដើមប្រើស្ទិលចាស់ នៅសុខៗទៅបោះរបងហ៊ុំពទ្ធ័យកដីគេ ពីរម្ចាស់ ជិត១០ហិកតា ហើយប្តឹងម្ចាស់ដីទាំងពីរ ទៅតុលាការថែមទៀត នៅក្នុងភូមិប្រិយ៍ ឃុំខ្នារសណ្តាយ ស្រុកបន្ទាយស្រី ខេត្តសៀមរាប។
ជនរងគ្រោះក្នុងអំពើរំលោភយកដីពីសំណាក់ ជំទាវ លី អ៊ុំអេង ទី១ឈ្មោះ ហ៊ីវ ហ៊ាន ភេទប្រុស ត្រូវជំទាវខាងលើហ៊ុំពទ្ធ័យកដីអស់ជាង ៦ហិកតា និងទី២ឈ្មោះ ម៉ម វាសនា ភេទប្រុស ត្រូវជំទាវដដែលហ៊ុំពទ្ធ័យកអស់ជាង៣ហិកតា។
លោក ហ៊ីវ ហ៊ាន នៅរសៀលថ្ងៃទី២១ ខែមេសា ឆ្នាំ ២០២៣នេះ បានបញ្ជាក់ថា កាលពីកំឡុងឆ្នាំ២០០៣ រូបគាត់បានលក់ដីមួយកន្លែងស្ថិតក្នុងភូមិសណ្តាយ ឃុំខ្នារសណ្តាយ ស្រុកបន្ទាយស្រី អោយទៅឈ្មោះលី អ៊ុំអេង។ ប៉ុន្តែនៅចុងឆ្នាំ២០១៩ គ្រាដែលរូបគាត់ទៅធ្វើការឆ្ងាយក៍ស្រាប់ តែឈ្មោះលី អ៊ុំអេង បានអោយមនុស្សមួយក្រុមចូលទៅបោះរបងហ៊ុំពទ្ធ័យកដីរបស់គាត់ជាង ៦ហិកតា រួមទាំងដីអ្នកក្បែរខាងជាង ៣ហិកតាទៀត ស្ថិតក្នុងភូមិប្រិយ៍ ឃុំខ្នារសណ្តាយ ស្រុកបន្ទាយស្រី។ ពេលឃើញគេកំពុងបោះរបងហ៊ុំពទ្ធ័យកដីរបស់ខ្លួន រូបលោកបានទៅហាមឃាត់ដោយបញ្ជាក់ថាដីនេះជាដីរបស់ខ្ញុំ ពុំមែនជាដីរបស់ឈ្មោះ លី អ៊ុំអេង ទេ ដូចនេះសុំបញ្ឍប់សកម្មភាពធ្វើរបងបន្តទៀត។ ក្រោយពីរូប លោកចុះទៅហាមឃាត់មិនអោយហ៊ុំរបងពទ្ធ័យកដី ក៍ស្រាប់តែឈ្មោះលី អ៊ុំអេង ប្តឹងរូបលោកទៅតុលាការ ទាំងរូបលោកជាម្ចាស់ដីស្របច្បាប់ មានឯកសារត្រឹម ត្រូវ។ នេះគឺលី អ៊ុំអេង កំពុងប្រើក្បាច់ព្រួញ១ បាញ់យកសត្វ២ (ទិញ១កន្លែងមកយកដីគេ២កន្លែង)។
ករណីខាងលើនេះ លោកហ៊ីវ ហ៊ាន បានសុំអោយអាជ្ញាធរមានសមត្ថកិច្ច ជាពិសេសស្ថាប័នតុលាការ មេត្តាជួយស្រាវជ្រាវដល់ឬសគល់ ដើម្បីដឹងច្បាស់ថា តើអ្នកណាជាម្ចាស់ដីពិតប្រាកដ ហើយជនដែលដើររំលោភបំពានគេ មានទោសដែរឬទេ ហើយគួរទទួល ទោសបែបណា។
ចំណែកលោកម៉ម វាសនា ជនរងគ្រោះទី២ មិនបានបរិយាយវែងទេ តែលោកបញ្ជាក់ថា ដីរបស់លោកត្រូវឈ្មោះលី អ៊ុំអេង ហ៊ុំរបងពទ្ធ័យកអស់ជាង៣ហិកតា មានព្រំប្រទល់ជាប់នឹងឈ្មោះ ហ៊ីវ ហាន ដែរ។
ជាមួយនឹងការប្រើស្ទិលចាស់ ក្នុងរូបភាពថ្មី ទិញ១កន្លែង ដើរបោះបង្គោលហ៊ុំពទ្ធ័យកច្រើនកន្លែង របស់ជំទាវបណ្ឌិតឧកញ៉ា លី អ៊ុំអេង នេះ មហាជននៅក្នុងខេត្តសៀមរាបជាច្រើន បានលើកជាចម្ងល់ថា តើជំទាវបណ្ឌិតរូបនេះ ចេះអក្សរដែរឬទេ.? បើចេញពីសាលាថ្នាក់បណ្ឌិតមែននោះ ចុះហេតុអីក៍ដើរហ៊ុំពទ្ធ័យកដីគេខុសទីតាំងនិងឯកសារស្ទើគ្រប់កន្លែងបែបនេះ.? ឬ មួយថា បណ្ឌិតរាល់ថ្ងៃនេះ តែងតាំងដោយខ្លួនឯង.?ម្យ៉ាងវិញទៀត ការដើរបោះបង្គោលរបងលើដីគេបែបនឹង តើជំទាវបណ្ឌិតមានទោសដែរឬទេ ឬមួយថា មាន ឈ្មោះជាជំទាវ ទោះដើររំលោភបំពានយកដីអ្នកណាក៍គ្មានទោស.?។
មហាជនក្នុងខេត្តសៀមរាប បានទទូចសុំដល់ស្ថាប័នច្បាប់ មេត្តាស្រាវជ្រាវអោយបានល្អិតល្អន់មុនពេលសម្រេចលើករណីទំនាស់ដីធ្លី ដែលកើតមានឡើង ពីព្រោះករណីដីធ្លីនៅក្នុងខេត្តសៀមរាប នៅតែក្តៅគគុកនៅឡើយ ជាពិសេស រឿងដីធ្លីរវាងពលរដ្ឋ ជាមួយជំទាវបណ្ឌិតឧកញ៉ា លី អ៊ុំអេង នេះតែម្តង។
នៅរសៀលថ្ងៃដដែលនេះ អ្នកព័ត៌មានមិនអាចស្វែងរកជួបលោកស្រី លី អ៊ុំអេង ដើម្បីសុំការបំភ្លឺបានទេជុំវិញការចោទថា លោកស្រីទៅបោះរបងហ៊ុំពទ្ធ័យកដីគេពីរម្ចាស់រហូតជិត១០ហិកតា ហើយប្តឹងម្ចាស់ដីទៅតុលាការ៕