ព័ត៌មានជាតិ

លោក សិទ្ធិ ឡោះស្នងការខេត្តបន្ទាយមានជ័យ មិនគួរណាបណ្តោយឲ្យម្ចាស់កាស៊ីណូ អូរនាង(លោក ប៉េង តឹក) បើកល្បែងសង្វៀនជល់មាន់ដុះស្លែឲ្យពលរដ្ឋខ្មែរចូលលេងយ៉ាងពេញបន្ទុក ហ៊ានប្រឆាំងនិងបទបញ្ជាប្រមុខថ្នាក់ដឹកនាំ

ខេត្តបន្ទាយមានជ័យ៖កាលពីថ្ងៃ ១៣ ខែកក្កដាឆ្នាំ ២០២៣,ប្រភពពីប្រជាពលរដ្ឋរស់នៅភូមិទួលពង្រ សង្កាត់អូរឬស្សី ក្រុងប៉ោយប៉ែត បានឲ្យដឹងថា បច្ចុប្បន្ននេះម្ចាស់កាស៊ីណូអូរនាង(លោកប៉េងតឹក)បានជួលអោយឈ្មួញបើកល្បែងអោយពលរដ្ឋខ្មែរចូលលេងល្បែងជល់មាន់ និងអាប៉ោង ពេញបន្ទុកដោយ
គ្មានកោតញញើតអ្វីទាំងអស់ ព្រោះគេអាងខ្នង
បង្អែកដ៍រឹងមាំឬយ៉ាងណា?

យោងតាមប្រភពឲ្យដឹងថាមន្ត្រីអាជ្ញាធរនិងសមត្ថកិច្ច សង្កាត់អូរឬស្សី ក៍ដូចជា សមត្ថកិច្ចក្នុងក្រុងប៉ោយប៉ែតមិនហ៊ានប៉ះពាល់ថៅកែឈ្មោះ ប៉េង តឹក ដែលជួលកន្លែងអោយឈ្មួញបើកលេងល្បែងជល់មាន់ និងអាប៉ោង នៅក្នុងកាស៊ីណូ អូរនាងនោះទេ។សូម្បីតែឯកឧត្តម អ៊ំុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យនិងលោក សិទ្ធិ ឡោះ ស្នងការខេត្ត ក៍បណ្តោយ អោយម្ចាស់កាស៊ីណូអូរនាងធ្វើអ្វីៗតាមអំពើរចិត្តដែរ។

បើតាមការអះអាងពីអ្នកធ្លាប់ចូលទៅដល់សង្វៀនជល់មាន់និងអាប៉ោងក្នុងកាស៊ីណូអូរនាងនោះ ថាសុទ្ធតែពលរដ្ខខ្មែរចូលលេង គ្មានជនបរទេសចូលលេងទេ ដោយក្នុងមួយសប្តាហ៍លេងថ្ងៃពុធនិងថ្ងៃអាទិត្យ ធ្វើឲ្យមេល្បែងសប្បាយប្រមូលលុយបានយ៉ាងច្រើនសន្ធឹកសន្ធាប់ពីពលរដ្ឋខ្មែរគ្នាឯងមកពីគ្រប់ទិសទីសម្រុកចូលលេងល្បែងក្នុងកាស៊ីណូអូរនាង យ៉ាងគគ្រឹកគគ្រេង ហើយមានអ្នកចាញ់ល្បែងឈានទៅដល់ប្រចាំទ្រព្យសម្បត្តិផ្សេងៗទៀតផង ,ចំណែកអ្នកឈ្នះស្រែកទ្រហឹងអឺងកងមិនខ្វល់អ្វីទាំងអស់។

ប្រភពខ្លះទៀតបានបង្ហើបឲ្យដឹងថាមានមន្ត្រីធំៗនិងសមត្ថកិច្ចក្នុងខេត្តបន្ទាយមានជ័យមួយចំនួនសង្ស័យបានទទួលផលប្រយោជន៍
ពីម្ចាស់កាស៊ីណូអូរនាងទើបអ្វីៗអាច ប្រព្រឹត្តទៅយ៉ាងរលូន។ ប្រជាពលរដ្ឋបានអំពាវនាវឲ្យថ្នាក់ដឹកនាំ ក្រសួងមហាផ្ទៃនិងនាយឧត្តមសេនីយន៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ ចាត់វិធានការទប់ស្កាត់ភាពមិនប្រក្រតីក្នុងកាស៊ីណូអូរនាងជាបន្ទាន់ដើម្បីកុំឲ្យ ម្ចាស់កាស៊ីណូនោះបំពានច្បាប់តាមអំពើចិត្ត។

មហាជនដែលមិនចូលចិត្តលេងល្បែងរិះគន់ចំៗថាលោក អុំ រាត្រីអភិបាលខេត្តបន្ទាយមានជ័យនិងលោក សិទ្ធិ ឡោះស្នងការខេត្តមិនយកចិត្តទុកដាក់ បង្ក្រាបល្បែងស៊ីសង ដើម្បីពង្រឹងសន្តិសុខសង្គមឲ្យស្របតាមគោលនយោបាយ ភូមិ ឃុំ មានសុវត្តិភាពទាំង៧ចំណុចនោះឡើយ។ ជុំវិញនៃការផ្សាយព័ត៌មានខាងលើនេះអង្គភាពសារព័ត៌មានយើងនៅមិនអាចសុំការបកស្រាយបំភ្លឺពីអាជ្ញាធរសមត្ថកិច្ច និងបុគ្គលដែលពាក់ព័ន្ធបាននៅឡើយ អង្គភាពយើងស្វាគមន៍រាល់ការបកស្រាយបំភ្លឺបើយល់ឃើញថាព័ត៌មានមួយនេះមិនសុក្រឹតនិងយុត្តិធម៌៕(អត្ថបទនិងរូបភាពដោយ៖ឆាន់ ដែន)

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *