ខេត្តឧត្តរមានជ័យ ៖ កាលពីថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៣នេះ អ្នកគ្រូម្នាក់បានចេញដំណើរពីផ្ទះក្នុងគោលបំណងទៅសាលា ដើម្បីបង្រៀនសិស្សលុះដល់ពាក់កណ្តាលផ្លូវ ស្រាប់តែចោរ២នាក់ស្ទាក់ប្លន់យកម៉ូតូទៅបាត់ ។
ជនរងគ្រោះមានឈ្មោះ តង់ សាឡាត់ ភេទស្រី អាយុ២៤ឆ្នាំ មុខរបរជាគ្រូបង្រៀន មានទីលំនៅភូមិតាម៉ា ឃុំបេង ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ ។ នៅវេលាម៉ោង៧ព្រឹក ថ្ងៃខែនេះអ្នកគ្រូ តង់ សាឡាត់ បានចេញពីផ្ទះក្នុងគោលបំណងទៅសាលា ដើម្បីបង្រៀនសិស្សនៅបឋមសិក្សាដង្កោតាប៉ុក ដោយមធ្យោបាយធ្វើដំណើរជិះម៉ូតូ១ គ្រឿងម៉ាកហុងដាឌ្រីម សេ១២៥ ពណ៌ខ្មៅ សេរីឆ្នាំ២០២២ ពាក់ផ្លាកលេខ ឧ.ជ 1F-៣៧០៩ លុះទៅដល់កន្លែងស្ទាក់ត្រង់ចំណុចវាលព្រលឹត ស្ថិតក្នុងភូមិវលិ៍លយាវ ឃុំបេង ស្រុកបន្ទាយ អំពិល ខេត្តឧត្តរមានជ័យ ស្រាប់តែមានចោរ២នាក់បានធ្វើសកម្មភាព ស្ទាក់ប្ល.ន់ជនរងគ្រោះយកម៉ូតូជិះចេញទៅបាត់ ។
នៅវេលាព្រឹកថ្ងៃនោះ ក៏ដូចព្រឹកថ្ងៃសព្វមួយដងដែរ អ្នកគ្រូតែងតែចេញដំណើរពីផ្ទះទៅបង្រៀនសិស្សនៅសាលាបឋមសិក្សាដង្កោតាប៉ុក ពេលជិះដល់ចំណុចនេះ ស្រាប់តែមានជនមិនស្គាល់អត្តសញ្ញាណ២នាក់ ជិះម៉ូតូ១គ្រឿង ម៉ាកឌ្រីមសង់ ពណ៌ខ្មៅ ២នាក់ មានពាក់ មួកសុវត្ថិភាពឃាត់អ្នកគ្រូឲ្យឈប់ ហើយភ្លាមនោះជនសង្ស័យម្នាក់ជិះខាងក្រោយបានលោតចុះពីលើម៉ូតូស្ទុះទៅទាញដៃអ្នកគ្រូចេញទៅវាលស្រែ រួចស្រវ៉ាយកកាបូបដែលស្ពាយជាប់ខ្លួននឹងស្រែកគំរាមរកបាញ់សម្លាប់ថែមទៀតផង ។ ពេលចោរកំពុងធ្វើសកម្មភាពគំរាមប្លន់យកម៉ូតូអ្នកគ្រូក៏មានម៉ូតូប្រជាពលរដ្ឋម្នាក់ជិះដឹកប្រពន្ធ និងកូនតូចទៅដល់ ទើបអ្នកគ្រូបានស្រែកឲ្យប្រជាពលរដ្ឋនោះជួយអន្តរាគមន៍ចាប់ចោរ ខណៈអ្នកគ្រូក៏បានឆក់យកកាបូបរបស់គាត់ពីចោរវិញដែរ តែចោរក៏បានប្លន់យកម៉ូតូអ្នកគ្រូជិះចេញទៅបាត់ទៅ ។
សមត្ថកិច្ចកម្លាំងជំនាញក៏បានធ្វើកំណត់ហេតុ ដើម្បីរក្សាទុកជាភស្តុតាង ក្នុងការស្រាវជ្រាវវែកមុខសញ្ញាចោរប្លន់ទាំង២នាក់ ៕