ព័ត៌មានជាតិ

មន្ត្រីអាជ្ញាធរជាតិអប្សរាវាយក្មេងនៅមុខអង្គរវត្ត ត្រូវបាន ធ្វើកិច្ចសន្យាទទួលស្គាល់កំហុស នឹងត្រូវទៅសុំទោសឪពុក ម្តាយនិងកុមារដោយផ្ទាល់

 

ខេត្តសៀមរាប៖មន្ត្រីអាជ្ញាធរជាតិអប្សរាដែលបានវាយក្មេងប្រុសម្នាក់នៅមុខប្រសាទអង្គរវត្ត បានធ្វើកិច្ចសន្យាទទួលស្គាល់កំហុស និងបញ្ឈប់សកម្មភាព ហើយត្រូវទៅសុំទោសឪពុក ម្តាយ និងកុមាររូបនេះដោយផ្ទាល់។

នេះបើតាមសេចក្តីប្រកាសព័ត៌មាន របស់អាជ្ញាធរជាតិអប្សរា នៅថ្ងៃទី ១២ ខែមករា ឆ្នាំ ២០២៤។

នៅក្នុងសេចក្ដីប្រកាសរបស់អាជ្ញាធរជាតិអប្សរា បានលើកឡើងថា៖ នៅរសៀល ថ្ងៃទី១១ ខែមករា ឆ្នាំ២០២៤ គណនីមួយនៃបណ្តាញទំនាក់ទំនងសង្គម Facebook បានផ្សព្វផ្សាយនូវវីដេអូ ដែលក្នុងនោះបានបង្ហាញអំពីការប្រើប្រាស់ហិង្សារបស់បុគ្គលិកសណ្ដាប់ធ្នាប់នៃអាជ្ញាធរជាតិអប្សរា ទៅលើ កុមារដើរលក់កូនសត្វអណ្ដើកចល័ត នៅបរិវេណកសិន្នអង្គរវត្ត។ ពាក់ព័ន្ធនឹងករណីនេះ អាជ្ញាធរជាតិអប្សរា សូមបញ្ជាក់ជូនសាធារណជនទាំងអស់ មេត្តាជ្រាបដូចខាងក្រោម៖

១- ក្រោយពីបានទទួលព័ត៌មាននេះ ថ្នាក់ដឹកនាំពាក់ព័ន្ធនៃអាជ្ញាធរជាតិអប្សរា បានរៀបចំកិច្ច ប្រជុំមួយជាបន្ទាន់ ដោយបានហៅបុគ្គលិកនោះ មកសួរនាំអំពីមូលហេតុពិតប្រាកដ នៃការ ឈានទៅដល់ការប្រើប្រាស់នូវសកម្មភាពមិនសមរម្យខាងលើ។ តាមរយៈនេះ អាជ្ញាធរ ជាតិអប្សរា បានសម្រេចដាក់ពិន័យរដ្ឋបាល និងតម្រូវឱ្យចុះហត្ថលេខាលើកិច្ចសន្យាទទួល ស្គាល់កំហុស និងបញ្ឈប់នូវរាល់សកម្មភាពហិង្សាបែបនេះ នាពេលអនាគត។ ក្នុងករណី មិនរាងចាល នឹងត្រូវបណ្តេញចេញពីការងារ និងទទួលរងទណ្ឌកម្មតាមផ្លូវច្បាប់ជាធរមាន នានា។ ដោយឡែក អាជ្ញាធរជាតិអប្សរា ក៏បានណែនាំឱ្យបុគ្គលិករូបនេះ ទៅសុំទោសឪពុក ម្តាយ និងកុមាររូបនេះដោយផ្ទាល់ផងដែរ។

២- ថ្នាក់ដឹកនាំពាក់ព័ន្ធនៃអាជ្ញាធរជាតិអប្សរា ជានិច្ចកាលតែងតែបានណែនាំដល់មន្ត្រី បុគ្គលិក ភ្នាក់ងារ ពលករ និងឆ្នាំ នៃអាជ្ញាធរជាតិអប្សរា ឱ្យប្រកាន់ខ្ជាប់នូវក្រមសីលធម៌វិជ្ជាជីវៈ និង ចៀសវាងឱ្យបានជាដាច់ខាត នូវការប្រើប្រាស់អំពើហិង្សាក្នុងការដោះស្រាយបញ្ហានានា។

៣- អាជ្ញាធរជាតិអប្សរាមិនគាំទ្រ និងមិនអាចទទួលយកបានជាដាច់ខាត នូវរាល់ការប្រើប្រាស់ អំពើហិង្សាក្នុងការអនុវត្តការងារ ដែលធ្វើឱ្យប៉ះពាល់ដល់វិន័យ សីលធម៌ និងគុណធម៌ ដែលមានជាធរមានក្នុងលក្ខន្តិកៈរបស់មន្ត្រីរាជការស៊ីវិល-បុគ្គលិកសាធារណៈ។

៤- ដោយឡែក អាជ្ញាធរជាតិអប្សរា សូមអំពាវនាវសារជាថ្មីម្តងទៀត ដល់សាធារណជនទាំង អស់ មេត្តាកុំលក់ ឬយកសត្វគ្រប់ប្រភេទទៅលែងក្នុងកសិន្ទនានា នៃរមណីយដ្ឋានអង្គរ ដោយមិនមានការអនុញ្ញាត ដើម្បីចៀសវាងការប៉ះពាល់ដល់សត្វ និងរុក្ខជាតិដែលមាន ប្រភពដើមនៅទីនោះ៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *