ព័ត៌មានជាតិ

សម្តេចធិបតី និងលោកជំទាវ ដឹកនាំគណៈប្រតិភូបំពេញទស្សន កិច្ចផ្លូវការ នៅសាធារណរដ្ឋបារាំង និងចូលរួមកិច្ចប្រជុំប្រចាំឆ្នាំលើកទី៥៤ នៃវេទិកាសេដ្ឋកិច្ចពិភពលោក

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានដឹកនាំគណៈប្រតិភូរាជរដ្ឋាភិបាលកម្ពុជា បំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋបារាំង និងចូលរួមកិច្ចប្រជុំប្រចាំឆ្នាំលើកទី៥៤ នៃវេទិកាសេដ្ឋកិច្ចពិភពលោក នៅប្រទេសស្វីស ចាប់ពីថ្ងៃទី១៣ ដល់ទី១៩ ខែមករា ឆ្នាំ២០២៤ ។

ការបំពេញទស្សនកិច្ចនេះ នឹងពង្រឹងកិច្ចសហប្រតិបត្តិការឱ្យកាន់តែស៊ីជម្រៅបន្ថែមទៀត រវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋបារាំង លើវិស័យសំខាន់ៗ ជាពិសេសលើបញ្ហាការប្រឈមផ្នែកបរិស្ថាន បញ្ហាអន្តរកាលថាមពល និងការប្រែប្រួលអាកាសធាតុ ព្រមទាំងការលើកស្ទួយសន្តិភាពនៅលើពិភព លោក។ ម៉្យាងទៀត ការពង្រឹងទំនាក់ទំនងសេដ្ឋកិច្ច ការចែករំលែកយុទ្ធសាស្ត្រអភិវឌ្ឍន៍ប្រកបដោយចីរភាព កិច្ចសហប្រតិ បត្តិការលើវិស័យការពារជាតិ ការលើកតម្កើងបេតិកភណ្ឌវប្បធម៌ និងការលើកកម្ពស់ហ្វ្រង់កូហ្វូនី គឺជាសសរស្តម្ភនៃទំនាក់ទំនងទ្វេភាគីកម្ពុជា-បារាំង។

គណៈប្រតិភូក៏នឹងបន្តចូលរួមកិច្ចប្រជុំប្រចាំឆ្នាំលើកទី៥៤ នៃវេទិកាសេដ្ឋកិច្ចពិភពលោក នៅទីក្រុងដាវ៉ូស-ក្លូស្ទ័រ ប្រទេសស្វីស។ កិច្ចប្រជុំនេះមានថ្នាក់ដឹកនាំពិភពលោក និងនាយកប្រតិបត្តិក្រុមហ៊ុនធំៗ ព្រមទាំងប្រធានអង្គការអន្តរជាតិសំខាន់ៗ ថ្នាក់ដឹកនាំសង្គមស៊ីវិល តំណាងយុវជន សហគ្រិនសង្គម និងអង្គភាពសារព័ត៌មាននានា នឹងចូលរួមពិភាក្សាផ្តោតលើគោលការណ៍ជាមូលដ្ឋានដែលជំរុញឱ្យមានទំនុកចិត្ត រួមទាំងតម្លាភាព សង្គតិភាព និងគណនេយ្យភាព៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *