ព័ត៌មានជាតិ

ទីតាំងជល់មាន់កំពុងបើកលេងបានដោយលូននៅក្រោយបន្ទាយកងពលតូចថ្មើជើងលេខ៤២ តំបន់អភិវឌ្ឍន៍បន្ទាយខ្វែក សមត្ថកិច្ចថាមិនហ៊ានចូលបង្ក្រាបព្រោះអង្គភាពខុសគ្នា.!

ខេត្តសៀមរាប៖ កាលពីថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៣ បន្ទាប់ពីមានសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋនិងផ្ដល់រូបភាពប៉ុន្មានសន្លឹកមកថា មានទីតាំងជល់មាន់មួយកន្លែងស្ថិតនៅខាងក្រោយបន្ទាយកងពលតូចថ្មើជើងលេខ៤២ តំបន់អភិវឌ្ឍន៍បន្ទាយខ្វែក កំពុងបើកលេងល្បែងជល់មាន់ភ្នាល់ដាក់ប្រាក់ យ៉ាងពពាក់ពពួន ស្រែកហូរកញ្ជ្រៀវទ្រហឹងអើងកង មិនញញើតនិងការចុះបង្ក្រាបរបស់សមត្ថកិច្ចនោះទេ ដោយអាងស្លាកកងពលបន្ទាយខ្វែក ដែលទីតាំងខាងលើនេះស្ថិតក្នុងស្រុកស្រីស្នំ ខេត្តសៀមរាប។

 

ជាក់ស្ដែងនៅថ្ងៃទី២៩ ខែឆ្នាំដដែល ក្រុមសារព័ត៌មានជាច្រើនអង្គភាពបានចុះទៅដល់ទីតាំងបន្ទាយខ្វែកផ្ទាល់ ស្រាប់តែមានទាហានកងពលបន្ទាយខ្វែកមួយនាក់ បានហាមឃាត់ក្រុមសារព័ត៌មានជាច្រើនអង្គភាពមិនអោយបើករថយន្តចូលទៅទីតាំងជល់មាន់នៅខាងក្រោយបន្ទាយខ្វែកនោះទេ តែបើក្រុមអ្នកញៀនលេងល្បែងជល់មាន់ គឺអាចអោយចូលទៅលេងបានដោយសេរី ដោយពុំមានការហាមឃាត់។ នេះសបញ្ជាក់ឲ្យឃើញថា កម្លាំងកងពលតូចថ្មើជើងលេខ៤២ តំបន់អភិវឌ្ឍន៍បន្ទាយខ្វែក បានទទួលលាភសក្ការៈពីម្ចាស់សៃវៀនជល់មាន់ក្រាស់ក្រែលហើយមើលទៅ ទើបបានហ៊ានផ្គើនទៅនិងបទបញ្ជាអនុសាសន៍ គោលការ ភូមិឃុំមានសុវត្ថិភាពទាំង៧ចំនុចរបស់ក្រសួងមហាផ្ទៃ ដែលបានដាក់ចែង។ មិនតែប៉ុណ្ណោះ បញ្ជាអោយកម្លាំងក្រោមឱវាទខ្លួន ចាំរារាំងក្រុមអ្នកសារព័ត៌មានមិនឲ្យចូលទៅថតផ្តិតយករូបភាពថែមទៀតផង។

មួយអន្លើក្រោយមក ក្រុមសារព័ត៌មានបានធ្វើការខលទៅលោកអធិការស្រុកស្រីស្នំ និងគោរពរាយការណ៍ជូនលោកថា មានទីតាំងជល់មាន់មួយកន្លែងកំពុងបើកលេងនៅក្រោយបន្ទាយកងពលតូចថ្មើជើងលេខ៤២ តំបន់អភិវឌ្ឍន៍បន្ទាយខ្វែក លោកបានប្រាប់សារព័ត៌មានវិញថា លោកគ្មានសិទ្ធិដឹកនាំកម្លាំងចុះទៅបង្ក្រាបនៅបរិវេណបន្ទាយនោះបានទេ ដោយក្រោមហេតុផលថា អង្គភាពនិងស្ថាប័នខុសគ្នា អញ្ចឹងសូមអ្នកសារព័ត៌មានធ្វើការទំនាក់ទំនងទៅខាងមេបញ្ជាការកងរាជអាវុធហត្ថស្រុកចុះក្រែងអាចសហការនិងដឹកនាំកម្លាំងចុះបង្ក្រាបបាន។ តែគួរឲ្យសោកស្ដាយដែរ លោកមេបញ្ជាការកងរាវុធហត្ថស្រុកស្រីស្នំ បានបកស្រាយតាមទូរស័ព្ទថា លោកក៏មិនហ៊ានចូលទៅបង្ក្រាបនៅទីតាំងខាងលើនោះបានទេ អញ្ចឹងទេ សូមទាក់ទងទៅលោកអភិបាលស្រុកទៅ ម្យ៉ាងវិញទៀតខ្ញុំកំពុងតែសម្រាកមើលសុខភាពនៅប្រទេថៃពីរបីថ្ងៃ។

បើយោងប្រភពប្រជាពលរដ្ឋដែលរស់នៅជិតតំបន់អភិវឌ្ឍន៍បន្ទាយខ្វែក ស្រុកស្រីស្នំ បានឲ្យដឹងថា៖ សព្វថ្ងៃឃើញមានក្រុមអ្នកលេងជល់មាន់ បើកម៉ូតូនិងរថយន្តស៊េរីទំនើបៗចេញចូលទៅលេងជារៀងរាល់ថ្ងៃ ដោយពុំឃើញមានកម្លាំងកងពលតូចថ្មើជើងលេខ៤២ ហាមឃាត់មិនអោយចូលលេងនោះទេ។

ពាក់ព័ន្ធករណីខាងលើនេះដែរ ក្រុមសារព័ត៌មានយើងខ្ញុំមិនអាចសុំការបំភ្លឺពីមេបញ្ជាការកងពលតូចថ្មើជើងលេខ៤២ តំបន់អភិវឌ្ឍន៍បន្ទាយខ្វែកបាននោះទេ ដោយពុំស្គាល់លេខទូរស័ព្ទទំនាក់ទំនងរបស់លោក ហើយអង្គភាពយើងខ្ញុំរង់ចាំបកស្រាយបំភ្លឺឡើងវិញរៀងរាល់ម៉ោងធ្វើការ បើសាមីខ្លួនដែលជាប់ពាក់ព័ន្ធគិតថា ការចុះផ្សាយមួយនេះ មិនមានភាព សុក្រិត និងយុត្តិធម៌ សម្រាប់ខ្លួនទេនោះ សូមអរគុណ៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *