ខេត្តសៀមរាប៖ រាល់ថ្ងៃគេសង្កេតឃើញថាឈ្មួញឈើឈ្មោះ(សៅ) កំពុងតែសម្រុក ដឹកជញ្ជូនឈើយ៉ាងគគ្រឹកគគ្រេង ចំណែកលោកម៉ុង ប៊ុនលីម នាយខណ្ឌរដ្ឋបាលព្រៃឈើ និងសមត្ថកិច្ចពាក់ព័ន្ធមួយចំនួននៅក្នុងខេត្តសៀមរាបរក្សាភាពស្ងប់ស្ងាត់ឲ្យឈ្មួញឈើឈ្មោះ(សៅ)រូបនេះដឹកឈើបានដោយរលូន។
ប្រភពជាច្រើនបានបង្ហើបថាឈ្មួញឈើឈ្មោះ(សៅ)រូបនេះដឹកជញ្ជូនឈើចេញពីភូមិអូរជុញ ខេត្តព្រះវិហារឆ្លងកាត់ស្រុកស្វាយលើចូលមកខេត្តសៀមរាបសឹងតែជារៀងរាល់ថ្ងៃ ប៉ុន្តែសមត្ថកិច្ចជំនាញពាក់ព័ន្ធក្នុងស្រុកស្វាយលើជាពិសេសលោកម៉ែន វុទ្ធី ហៅឡយនាសង្កាត់រដ្ឋបាលព្រៃឈើ ធ្វើមិនដឹងមិនឮ បង្កលក្ខណៈ ឱ្យឈ្មួញឈើរូបនោះដឹកជញ្ជូនឈើបានយ៉ាងងាយស្រួលជាប្រចាំ។
ជាក់ស្ដែងកាលពីរសៀលថ្ងៃទី ៤ ខែមិថុនា ឆ្នាំ ២០២៣នេះ វេលាម៉ោង ៤និង ៣០ នាទីទៀបភ្លឺអ្នកសារព័ត៌មានបានប្រទះឃើញរថយន្តរបស់ឈ្មោះ(សៅ)ប្រភេទសាំយ៉ុងពណ៌ស ដែលមានពាក់ស្លាកលេខ ភ្នំពេញ 2E 8848 ដឹកឈើចេញពីភូមិ អូរជុញ ខេត្ត ព្រះវិហារឆ្លងកាត់ស្រុកស្វាយលើ គោលបំណងយកទៅលក់ចែកចាយនៅក្នុងដេប៉ូនាៗក្នុងខេត្តសៀមរាប ប៉ុន្តែដោយសារអ្នកយកព័ត៌មាន តាមថតសកម្មភាពដឹកជញ្ជូនឈើដើម្បីរាយការណ៍ជូនទៅសមត្ថកិច្ចពាក់ព័ន្ធភ្លាមៗ នោះក៏មានឡានមួយគ្រឿងម៉ាកកូរ៉ូឡា មកបិទពីមុខឡានអ្នកសារព័ត៌មានដើម្បីឲ្យឡានដឹកឈើរបស់ឈ្មោះ(សៅ) បើករត់គេចបាត់ស្រមោលតែម្ដង។
គួររំលឹកផងដែរថាកាលពីពេលថ្មីៗកន្លងមកនេះមន្ត្រីថ្នាក់ជាតិដែលមាន នាយឧត្តមសេនីយ៍ សៅ សុខា បានដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់ ដល់មន្ត្រីកងរាជអាវុធហត្ថទាំងអស់ត្រូវតែបង្ក្រាបអោយខាងតែបានរាល់បទល្មើសព្រៃឈើគ្រប់ប្រភេទ។
ពលរដ្ឋសង្ឃឹមថាមន្ត្រីកងរាជអាវុធហត្ថខេត្តសៀមរាប ជាពិសេសលោក ម៉ុង ប៊ុនលីម នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តសៀមរាបគួរចាត់វិធានការបង្ក្រាបទៅលើឈ្មួញឈ្មោះ(សៅ)រូបនេះផង ដើម្បីចូលរួមថែរក្សានិងការពារព្រៃឈើធនធានធម្មជាតិ ដែលជាសម្បត្តិរដ្ឋ បន្សល់ទុក្ខដល់កូនចៅជំនាន់ក្រោយ។
ជុំវិញព័ត៌មានខាងលើនេះអង្គភាពសារព័ត៌មានយើងនៅមិនអាចសំការបកស្រាយបំភ្លឺពីរសមត្ថកិច្ចពាក់ព័ន្ធបាននៅឡើយ៕ដោយ៖រី រិន