សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នៅថ្ងៃសៅរ៍ ទី២៤ ខែធ្នូ ឆ្នាំ២០២២នេះ បានអញ្ជើញជាអធិបតីបើកការប្រកួតកីឡាវាយសី កូនគោល «ពាន រង្វាន់ សម្តេចតេជោលើកទី៦» ដែលនឹងប្រារព្ធឡើងទីលានវាយកូនគោលវឌ្ឍនៈហ្គោលរីស៊ត។ ការប្រកួតកីឡាវាយកូនគោលដណ្តើមពានរង្វាន់របស់សម្តេចតេជោ ត្រូវបានធ្វើឡើង ដើម្បីអបអរសាទរការបិទបញ្ចប់ភ្លើងសង្គ្រាមនៅកម្ពុជា ក្រោមនយោបាយឈ្នះ-ឈ្នះរបស់សម្តេចតេជោ ហ៊ុន សែន នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ១៩៩៨ ដែលឆ្នាំ២០២២នេះ មានរយៈពេល ២៤ឆ្នាំហើយ។
ការប្រកួតនៅឆ្នាំនេះ មានការអញ្ជើញចូលរួមពីកីឡាករជាតិ -អន្តរជាតិ សរុបប្រមាណ ១៧២រូប។ ការប្រកួតនេះ មានការប្រកួតជាក្រុម និងការប្រកួតជាឯកត្តជនផ្នែកបុរស និងនារី។ ការប្រកួតនេះធ្វើឡើងពេញមួយព្រឹក ហើយនៅពេលរសៀលនឹងមានពិធីប្រគល់ពាន រង្វាន់ដល់កីឡាករជ័យ លាភី រួមជាមួយការពិសារអាហាសាមគ្គីផងដែរ។
ព្រឹត្តិការណ៍ប្រកួតកីឡាវាយកូនគោល ក៏ជាការបង្កើតបរិយា កាសរឹតចំណង មេត្រីភាព សាមគ្គីភាព រវាងអ្នកលេងកីឡាវាយកូនគោលផងដែរ។ កីឡាករដែលចូលរួមប្រកួតនេះ ភាគច្រើនជាថ្នាក់ដឹកនាំរាជរដ្ឋាភិ បាល តាមបណ្តាក្រសួងស្ថាប័នរបស់រដ្ឋ អភិបាលខេត្ត ព្រមទាំងឯកអគ្គរាជទូត/រដ្ឋទូត បណ្តាប្រទេសជាមិត្តប្រចាំ នៅកម្ពុជាផងដែរ។សូមបញ្ជាក់ថា ទីលានវាយកូនគោលវឌ្ឍនៈហ្គោលរីសត ជាទីលានដ៏ប្រណិត និងល្បាញល្បីមួយនៅក្នុងប្រទេសកម្ពុជា ស្ថិតក្នុងសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។ ព្រឹត្តិការណ៍ប្រកួតកីឡាវាយកូនគោលដណ្តើមពានរង្វាន់ សម្តេចតេជោ ត្រូវបានរៀបចំឡើងនៅទីតាំងនេះចំនួនពីរលើកមកហើយ។
ទីលានវាយកូនគោលវឌ្ឍនៈហ្គោលរីស៊ត (Vattanac Golf Resort) ត្រូវបានបើកដំណើរការក្នុងខែឧសភា ឆ្នាំ២០១៩ ហើយត្រូវបានគេបោះឆ្នោតជ្រើសរើស និងផ្តល់រង្វាន់សំខាន់មួយចំនួនមានដូចជាជាប់ចំណាត់ ថ្នាក់លេខ៣ ជារីសតវាយកូនហ្គោលល្អបំផុត នៅអាស៊ីប៉ាស៊ីហ្វិកឆ្នាំប្រចាំ២០២២, ជាប់ចំណាត់ថ្នាក់លេខ១ ជារីសតវាយកូនហ្គោលដ៏ល្អបំផុតនៅកម្ពុជា៣ ឆ្នាំជាប់គ្នា គឺឆ្នាំ២០២០-២០២១-២០២២ និងរីសតវាយកូនហ្គោលដ៏ប្រណិតបំផុតនៅកម្ពុជា ក្នុងឆ្នាំ ២០២១ និង២០២២៕