
ភ្នំពេញ៖ ឯកឧត្តម ឃួង ស្រេង បានណែនាំអោយអាជ្ញាធរខណ្ឌទាំង១៤ កងកម្លាំងមានសមត្ថកិច្ចចំណុះអោយគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ និងមន្ទីរពាក់ព័ន្ធយកចិត្តទុកដាក់អោយបានខ្ពស់បំផុត ក្នុងការរក្សាសន្តិសុខ សណ្តាប់ធ្នាប់ អនាម័យ បរិស្ថាន និងការតុបតែងរាជធានីភ្នំពេញអោយកាន់តែមានសោភណ្ឌភាព និងបង្កលក្ខណៈងាយស្រួលអោយក្រុមហ៊ុនតំឡើង LED ទាំង៧ទីតាំង ដែលទទួលការផ្សាយផ្ទាល់ពីការប្រកួតកីទ្បាអាស៊ីអាគ្នេយ៍លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២អោយបានល្អ ។

ការណែនាំរបស់ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បែបនេះបានធ្វើឡើង កាលពីរសៀលថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៣ក្នុងកិច្ច ប្រជុំពិភាក្សា ស្តីពីការត្រួតពិនិត្យវឌ្ឍនភាពការងារសន្តិសុខ សណ្តាប់ធ្នាប់ សម្រាប់ព្រឹត្តិការណ៍ប្រកួតកីទ្បាអាស៊ីអាគ្នេយ៍លើកទី៣២ និង កីទ្បាជនពិការប៉ារ៉ាហ្គេមលើកទី១២ ឆ្នាំ២០២៣នៅសាលារាជធានីភ្នំពេញ។ ឯកឧត្តម លើកឡើងថា សម្រាប់អាជ្ញាធរខណ្ឌទាំង១៤ មន្ទីរពាក់ព័ន្ធកងកម្លាំងមានសមត្ថកិច្ចទាំង អស់ ត្រូវយកចិត្តទុកដាក់អោយបានខ្ពស់បំផុត ក្នុងការរក្សាសន្តិសុខ សណ្តាប់ធ្នាប់ និងរក្សាអោយបានល្អនូវអនាម័យ បរិស្ថាន ដើម្បីអោយរាជធានីភ្នំពេញនៅតែមានសោភណ្ឌភាពស្អាតជានិច្ច។ បន្ថែមពីនេះ សម្រាប់អាជ្ញាធរខណ្ឌ ត្រូវបង្កលក្ខណៈងាយស្រួលអោយក្រុមហ៊ុនតំឡើង LED ទាំង៧ទីតាំង ដែលទទួលការផ្សាយផ្ទាល់ពីការប្រកួតកីទ្បាអាស៊ីអាគ្នេយ៍លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ នេះអោយបានល្អ ជាមួយនិងកិច្ចការពារសន្តិសុខសណ្តាប់ធ្នាប់នៅទីតាំងទាំង៧អោយបានល្អផងដែរ។ ការប្រកួតកីទ្បាអាស៊ីអាគ្នេយ៍លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ នេះ មានការប្រកួតចំនួន១៥ថ្ងៃ ដូច្នេះយើងត្រូវរៀបចំវេនប្រចាំការអោយបានច្បាស់លាស់។

សូមបញ្ជាក់ថា ការប្រកួតបាល់ទាត់របស់ក្រុមជម្រើសជាតិកម្ពុជាក្នុងព្រឹត្តិការណ៍ប្រកួត កីឡាអាស៊ីអាគ្នេយ៍លើកទី៣២ ចាប់ពីថ្ងៃទី២៩ ខែមេសា ដល់ថ្ងៃទី១៦ ខែឧសភា ឆ្នាំ ២០២៣ រដ្ឋបាលរាជធានីភ្នំពេញ នឹងរៀបចំផ្សាយបន្តផ្ទាល់នៅតាមទីតាំងចំនួន៧ ដើម្បីអោយប្រជាពលរដ្ឋបានទស្សនា ក្នុងនោះរួមមាន
១-សួនច្បារមុខវត្តបទុមវតី ស្ថិតនៅក្នុងសង្កាត់ចតុមុខ ខណ្ឌដូនពេញ ។ ២-សួនច្បារមាត់ទន្លេទល់មុខភោជនីយដ្ឋានមេត្រូ ស្ថិតនៅក្នុងសង្កាត់ផ្សារកណ្តាលទី១ ខណ្ឌដូនពេញ ។ ៣-ក្នុងបុរីប៉េងហួតបឹងស្ងោរ ស្ថិតនៅក្នុងសង្កាត់និរោធ ខណ្ឌច្បារអំពៅ ។
៤-ស្ងួនច្បារមិត្តភាពក្បែរក្រសួងការពារជាតិ ស្ថិតនៅក្នុងសង្កាត់មិត្តភាព ខណ្ឌ៧មករា។ ៥-សូនច្បារទល់វិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍ព្រៃឈើ-សត្វព្រៃ ស្ថិតនៅក្នុងសង្កាត់ គោកឃ្លាង ខណ្ឌសែនសុខ។ ៦-សួនច្បារព្រះនាងប្រាជ្ញាបារមី ស្ថិតនៅក្នុងសង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារនិងទី៧-ទីលានប្រជាធិបតេយ្យ ក្បែរស្ពានអាកាសឫស្សីកែវ ស្ថិតនៅក្នុងសង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ៕




