សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានចាត់ឱ្យមន្ត្រីនៃទីស្នាក់ការកណ្តាលកាកបាទក្រហមកម្ពុជា ចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ ដើម្បីជួយសម្រាលការលំបាកដល់ប្រជាពលរដ្ឋរងគ្រោះចំនួន ២១គ្រួសារ ក្នុងភូមិឫស្សី សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ ដែលរងគ្រោះដោយសារភ្លើងឆេះនាពេលថ្មីៗនេះ។
លោកជំទាវ ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី ១ កាកបាទក្រហមកម្ពុជា បាននាំប្រសាសន៍ថា សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជានិច្ចកាលតែងតែគិតគូរពីសុខទុក្ខរបស់ប្រជាពលរដ្ឋរងគ្រោះនៅគ្រប់ទីកន្លែង និងតែងតែចាត់ឱ្យមន្ត្រីក្រោមឱវាទចុះភ្លាមៗឱ្យបានទាន់ពេលវេលា។ ថ្វីបើអំណោយទាំងនេះពុំអាចស្មើទៅនឹងទំហំ នៃការខូចខាតទ្រព្យសម្បត្តិ ដែលត្រូវភ្លើងឆេះក៏ពិតមែន ក៏ប៉ុន្តែបានចូលរួមរំលែកនូវទុក្ខលំបាកដែលបងប្អូន ទាំង២១គ្រួសារនេះ កំពុងជួបប្រទះបានមួយគ្រាផងដែរ។ លោកជំទាវអគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជា បានអំពាវនាវឱ្យប្រជាពលរដ្ឋទាំងអស់ មានការប្រុងប្រយ័ត្នខ្ពស់ ចំពោះអគ្គិភ័យដោយមុនចាកចេញដំណើរទៅណា ត្រូវពិនិត្យមើលភ្លើងអគ្គិសនី ក៏ដូចជាភ្លើងទៀន ធូប ចង្ក្រានឱ្យបានរួចរាល់។ លោកជំទាវ បានលើកទឹកចិត្តប្រជាពលរដ្ឋរងគ្រោះទាំងអស់ ត្រូវបន្តប្រកបរបរចិញ្ចឹមជីវិត ពង្រឹងស្មារតី និងកម្លាំង ដើម្បីស្តារជីវភាពគ្រួសារឡើងវិញ។
ប្រជាពលរដ្ឋរងគ្រោះទាំងអស់ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ដែលតែងតែយកចិត្តទុកដាក់គិតគូរ ជួយសម្រាលទុក្ខលំបាកប្រជាពលរដ្ឋរងគ្រោះទាំងអស់ ដោយគ្មានការរើសអើង មិនប្រកាន់វណ្ណៈ ពណ៌សម្បុរ ជំនឿសាសនា ឬនិន្នាការនយោបាយអ្វីឡើយ។
សូមបញ្ជាក់ថា គ្រួសាររងគ្រោះទាំង ២១គ្រួសារ ទទួលបាន អង្ករ ៨០គីឡូ ក្រាម, មីជាតិ, ត្រីខ ទឹកត្រី ទឹកស៊ីអ៊ីវ ឃីត (មុង ភួយ សារុង ក្រមា) ១កញ្ចប់, សាប៊ូដុសខ្លួន និងតង់ ១ផ្ទាំង។ ចំពោះអ្នករងគ្រោះធ្ងន់ធ្ងរ ៥គ្រួសារ ទទួលបានថវិកាបន្ថែមចំនួន ៥០ម៉ឺនរៀល គ្រាដែលអ្នករងគ្រោះស្រាល ២គ្រួសារ ទទួលបានថវិកាបន្ថែមចំនួន ៣០ម៉ឺនរៀល ឯអ្នកជួលផ្ទះ ១៤គ្រួសារ ទទួលបានថវិកាបន្ថែម ២០ម៉ឺនរៀល។ គួររំឭកថាកាលពីវេលាម៉ោង ៦:៣០នាទី នាព្រលប់ថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៣ ស្ថិតនៅក្នុងភូមិឫស្សី សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ មានអគ្គិភ័យមួយបានកើតឡើង ដោយសារឆ្លងចរន្តអគ្គិសនី បណ្តាលឱ្យ ឆាបឆេះផ្ទះយ៉ាងសន្ធោសន្ធៅ រាលដាលតៗគ្នាអស់ផ្ទះចំនួន៧ខ្នង មាន៣១បន្ទប់៕