
(ខេត្តបន្ទាយមានជ័យ,ថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៣)៖ រណ្តៅដីដ៏ធំមួយដែលឈ្មួញធ្វើ អាជីវកម្មជីកកាយយកដីលក់លើទំហំផ្ទៃដីប្រមាណ៣ទៅ៤ហិកតា មានទីតាំងស្ថិតនៅ សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ កំពុងបង្កផលប៉ះពាល់ធ្ងន់ធ្ងរទៅៗ ដល់ប្រជាពលរដ្ឋ ក្នុងភូមិអំពីបញ្ហាដែលឈ្មួញជីកដីរូងចុះក្រោមមានជម្រៅលើសពី១០ម៉ែត្រទៅហើយ។ ក្តីព្រួយបារម្ភជាសំខាន់នោះ គឺប្រជាពលរដ្ឋមានការភ័យខ្លាចក្នុងរដូវវស្សាខាងមុខនេះ ខ្លាចមាត់រណ្តៅបាក់ស្រុតរាលដាលដល់ដីស្រែរបស់ពួកគេ និងខ្លាចគ្រោះថ្នាក់ដល់កូនចៅ និងសត្វចិញ្ចឹមរបស់ពួកគាត់។

ចំណែកប្រជាពលរដ្ឋរួមទាំងអ្នកធ្វើដំណើរតាមផ្លូវជាតិលេខ៥ ដល់ចំណុចព្រំប្រទល់ស្រុកអូរជ្រៅ និងក្រុងសិរីសោភ័ណ កំពុងមានការព្រួយបារម្ភ ពីសុវត្ថិភាពធ្វើដំណើរខណៈរថយន្តធំៗដឹកអាចម៍ដីលក់រាប់សិបគ្រឿង ដឹករាប់រយជើងក្នុងមួយថ្ងៃៗ របស់ក្រុមឈ្មួញកាយដីលក់ បើកបរក្នុងល្បឿនលឿនៗ និងគ្មានស្លាកសញ្ញាសំគាល់ ឬបង្ហាញ និងគ្មានសន្តិសុខរៀបចំសណ្តាប់នៅផ្លូវចេញចូលឆ្លងកាត់ផ្លូវជាតិលេខ៥។ ប្រជាពលរដ្ឋបានបន្តថា អាជ្ញាធរ និងមន្ត្រីជំនាញបណ្តែតបណ្តោយឲ្យក្រុមឈ្មួញរកស៊ីដឹកដីលក់យ៉ាងគគ្រឹកគគ្រេងអត់ខ្វល់ពីផលប៉ះពាល់អ្វីឡើយ ទោះបីរថយន្តដឹកដីមិនគ្របស្បៃ មិនស្តាប់តាមការណែនាំរបស់អាជ្ញាធរយ៉ាងណាក៏ដោយ។
ពលរដ្ឋសំណូមពរតាមរយៈសារព័ត៌មាន សូមលោក ស្រេង សុផល អភិបាលក្រុងសិរីសោភ័ណ មេត្តាមានវិធានការចុះមកណែនាំការដ្ឋានជីកដីលក់ខាងលើនេះឱ្យបានឆាប់ផង កុំចាំទាល់តែមានគ្រោះថ្នាក់ទើបចុះមកណែនាំ ម្យ៉ាងវិញទៀតសូមមន្ត្រីជំនាញ មន្ទីររ៉ែនិងថាមពលខេត្តបន្ទាយមានជ័យ ជាពិសេស លោក សុត វឌ្ឍនា ប្រធានមន្ទីររ៉ែ និងថាមពលខេត្ត មេត្តាចុះមកពិនិត្យផង តើក្រុមហ៊ុន មានច្បាប់អនុញ្ញាតិត្រឹមត្រូវដែលទេ ហើយថាតើការអនុវត្តរបស់ក្រុមឈ្មួញខាងលើនេះ អនុវត្តទៅតាមអនុលោមតាមច្បាប់ដែរទេ ខណៈដែលជីកជម្រៅលើសពី១០ម៉ែត្រ និងមានទំហំប្រហែល៣ទៅ៤ហិកតាបែបនេះ។ ម្យ៉ាងវិញទៀត រណ្តៅដីខាងលើនេះ គ្មានរបងហ៊ុព័ន្ធ ដែលធ្វើឲ្យអ្នកស្រុកព្រួយបារម្ភពីគ្រោះថ្នាក់នានាសំរាប់កូនចៅតូចៗ និងសត្វចិញ្ចឹមគោ ក្របី ពពែ បើធ្លាក់នោះ មិនសង្ឃឹមរស់ឡើយ ឬអាចលង់ស្លាប់នៅពេលរណ្តៅមានទឹកនៅខែវស្សា។
កាលពីល្ងាចថ្ងៃ០៨ ខែមីនា ឆ្នាំ២០២៣ លោក ស្រេង សុផល អភិបាលក្រុងសិរីសោភ័ណ លោកមិនហ៊ានបញ្ជាក់ថា ក្រុមហ៊ុនខាងលើនេះ មានច្បាប់ ឬគ្មានច្បាប់នោះទេ លោកប្រាប់ថាឲ្យទៅសួរខាងមន្ទីរជំនាញ ដោយឡែករថយន្តដឹកខុសបច្ចេកទេស បញ្ហាប្រឈមនិងប៉ះពាល់សណ្តាប់ធ្នាប់សាធារណៈនេះ លោកបញ្ជាក់ថា លោកនិងចាត់មន្ត្រីមកពិនិត្យមើលខណៈដែលក្រុមឈ្មួញនេះ ដឹកដីលក់នៅទីតាំងនេះរាប់ខែមកហើយ។
ដោយឡែកចំពោះលោក សុត វឌ្ឍនា ប្រធានមន្ទីររ៉ែ និងថាមពលខេត្តបន្ទាយមានជ័យវិញ អ្នកសារព័ត៌ស្ទើរតែគ្រប់អង្គភាពទៅហើយ គឺពិបាកក្នុងការទំនាក់ទំនងដើម្បីសុំការបំភ្លឺខ្លាំងណាស់! ពាក់ព័ន្ធរឿងរណ្តៅដី ឬកាយភ្នំខលចូលមិនលើក ឬលើកហើយដឹងថាអ្នកសារព័ត៌មានបិទ ទូរស័ព្ទថាជាប់រវល់តែម្ដង។
ជុំវិញការផ្សាយខាងលើអង្គភាពសារព័ត៌មានយើងគ្រាន់តែចូលរួមចំណែកឆ្លុះបញ្ចាំងពីសង្គមឱ្យមានភាពសុគ្រិនយុត្តិធម៌ តែប៉ុណ្ណោះ គ្មានគោលបំណងធ្វើឲ្យប៉ះពាល់ដល់បុគ្គលឬមន្ត្រីជំនាញសមត្ថកិច្ចណាម្នាក់នោះឡើយ ហើយអង្គភាពយើងរង់ចាំស្វាគមន៍បកស្រាយបំភ្លឺបើយល់ឃើញថាព័ត៌មានមួយនេះមិនសុគ្រឹតសម្រាប់ខ្លួន៕





