ព័ត៌មានជាតិ

ក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជា ខេត្តកំពង់ឆ្នាំង អញ្ជើញប្រគល់ពានរង្វាន់លើកទឹកចិត្តដល់សិស្សានុសិស្ស ដែលបានប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិទទួលបាននិទ្ទេសល្អ

នៅថ្ងៃអង្គារ ១៥រោច ខែបុស្ស ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹង ថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២២ ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្ត និងជាប្រធានក្រុមការងារយុវជនគណបក្សខេត្តកំពង់ឆ្នាំង រួមជាមួយឯកឧត្ដម ឡុង ឈុនឡៃ ប្រធានគណៈប្រចាំការគណបក្ស ឯកឧត្ដម លោកជំទាវ ថ្នាក់ដឹកនាំខេត្ត ថ្នាក់ដឹកនាំមន្ទីរ អង្គភាព ក្រុង ស្រុក បានចូលរួមពិធីសំណេះសំណាលជាមួយសិស្សានុសិស្សប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ទទួលបាននិទ្ទេស A សម័យប្រឡងថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២១ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្ដេចចៅហ្វាវាំង គង់ សំអុល ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង និងជាប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះមូលដ្ឋាន ខេត្តកំពង់ឆ្នាំង។ នៅក្នុងឱកាសនោះផងដែរ ក៏មានការអញ្ជើញចូលរួមដ៏ខ្ពង់ខ្ពស់ ឯកឧត្ដម គុយ សុផល ទេសរដ្ឋមន្ត្រី ទទួលបន្ទុកកិច្ចការទូទៅអមក្រសួងព្រះបរមរាជវាំង ឯកឧត្ដមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្ត ឯកឧត្ដម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងមានការអញ្ជើញចូលរួមពីឯកឧត្ដម លោកជំទាវ ជាអនុប្រធាន សមាជិកក្រុមការងារចុះមូលដ្ឋានខេត្ត និងជាប្រធានក្រុមការងារចុះមូលដ្ឋានក្រុង ស្រុក។

ពិធីសំណេះសំណាលនោះសម្ដេចចៅហ្វាវាំង គង់ សំអុល បានថ្លែងលើកទឹកចិត្តដល់ចៅៗសិស្សានុសិស្សទាំង ២៣នាក់ ដែលបានយកចិត្តទុកដាក់ខិតខំរៀនសូត្រ និងប្រឡងជាប់ទទួលបាននិទ្ទេស A និងបានប្រគល់ម៉ូតូ ចំនួន ២៣គ្រឿង ដល់ចៅៗទាំង២៣នាក់ និងបានប្រគល់លិខិតសរសើរ និងថវិកាជូនដល់លោកគ្រូ អ្នកគ្រូ ជានាយក នាយិកាវិទ្យាល័យចំនួន ១២ នៅក្នុងក្រុង ស្រុកចំនួន ៧ ដែលមានសិស្សប្រឡងជាប់និទ្ទេស A។

នាកាសនោះផងដែរ សម្ដេចចៅហ្វាវាំងបានអញ្ជើញសម្ពោធសួនច្បារក្នុងបរិវេណស្នាក់ការគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ឆ្នាំង ដែលត្រូវបានរៀបចំឲ្យមានសោភ័ណ្ឌភាពល្អប្រសើរ ដោយក្នុងនោះរួមមានការអ៊ុតកៅស៊ូ AC នៅបរិវេណទីធ្លា ការដាំដើមឈើលម្អ ដើមឈើហូបផ្លែ ការដាំស្មៅ ផ្កាលម្អ ការរៀបការ៉ូឡា ម៉ាបក្នុងសួនច្បារ ការដំឡើងប្រព័ន្ធភ្លើងបំភ្លឺ និងការកែលម្អអគារមួយចំនួនទៀត។ ទន្ទឹមនោះ សម្ដេចចៅហ្វាវាំង ក៏បានអញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យការអនុវត្តផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *