
(ព្រះសីហនុ)៖ ជនសង្សយ័ម្នាក់ដែលចាក់សម្លាប់ ស្ត្រីជាសង្សារធ្វើការនៅ រោងចក្រមួយក្នុងតំបន់សេដ្ឋកិច្ចពិសេស ចេ ជាង ក្នុងឃុំជើងគោ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ កាលពីយប់ថ្ងៃទី១ ខែមីនា ឆ្នាំ២០២៣ វេលាម៉ោងជិត១០ ពេលនេះនគរបាលនាយកដ្ឋានព្រហ្មទណ្ឌ អគ្គស្នងការដ្ឋាននគរបាលជាតិ សហការជាមួយនគរបាលខេត្តព្រះសីហនុ និងសមត្ថកិច្ចជំនាញពាក់ពន្ធ័ ចាប់ខ្លួនបានហើយ នៅម៉ោងជិត១រសៀល ថ្ងៃ៧ មីនា ឆ្នាំ២០២៣ ស្ថិតនៅតាមផ្លូវជាតិលេខ៣ ក្នុងសង្កាត់ចោមចៅ រាជធានីភ្នំពេញ។

សមត្ថកិច្ចជំនាញបានបញ្ជាក់ឲ្យដឹងថា ជនសង្ស័យមានឈ្មោះ ឡូត ម៉ុក ភេទប្រុស អាយុ៣១ ឆ្នាំមុខរបរកម្មកររោងចក្រស្រុកកំណើត ឃុំពង្រលើ ស្រុកជីក្រែង ខេត្តសៀមរាប បច្ចុប្បន្នស្នាក់នៅបន្ទប់ជួល ភូមិត្រពាំងគា ឃុំជើងគោ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ បានធ្វើសកម្មភាពប្រើកាំបិតចុងស្រួច ចាក់ទៅលើជនរងគ្រោះឈ្មោះ សៀក ស៊ាវឡី ភេទស្រី អាយុ២២ឆ្នាំ មុខរបរ កម្មការនីរោងចក្រ ស្រុកកំណើត ឃុំគោករមៀត ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ បច្ចុប្បន្នស្នាក់នៅបន្ទប់ជួលក្នុង ភូមិត្រពាំងគា ឃុំជើងគោ ស្រុកព្រៃនប់ ខេត្តព្រះសីហនុត្រូវត្រង់ ក្រោមក្លៀកខាងឆ្វេងចំនួន១កាំបិត បណ្តាលឲ្យស្លាប់នៅនឹងកន្លែង។





